(ភ្នំពេញ)៖ ក្នុងដំណើរទស្សនកិច្ចទៅកាន់ប្រទេសចិនលើកនេះ នាយករដ្ធមន្ត្រី ហ៊ុន សែន បានស្វែងរកប្រយោជន៍ជាច្រើនដល់ប្រទេស និងប្រជាជនខ្មែរ។ មហាយក្សចិន ដែលកំពុងត្រៀមខ្លួនដណ្តើម តំណែងជាមហាអំណាចសេដ្ឋកិច្ចទី១ នៅលើលោកបានប្រកាសផ្តល់ជំនួយជាង៦០០លានដុល្លារ ដល់កម្ពុជាសម្រាប់ការអភិវឌ្ឍន៍ប្រទេសរយៈពេលប៉ុន្មានឆ្នាំខាងមុខ។ ទន្ទឹមនឹងនោះ ចិនក៏បានសន្យាបង្កើនការទិញអង្ករពីកម្ពុជារហូតដល់៤០ម៉ឺនតោនក្នុងមួយឆ្នាំចាប់ពីឆ្នាំ២០១៩នេះ។

គឺជាលទ្ធផលភ្លាមៗដែលកម្ពុជាទទួលបានបន្ទាប់ពីសហភាពអឺរ៉ុប សម្រេចយកពន្ធលើអង្ករកម្ពុជាដែលនាំចូលទៅទីផ្សាររបស់ខ្លួន និងក្នុងបរិបទដែលបញ្ហា EBA កំពុងត្រូវបានលើកយកមកពិភាក្សា។
ជាទូទៅក្រុមអ្នកនយោបាយ ប្រឆាំងបានរំពឹងទុកថា ទណ្ឌកម្មណាមួយពីលោកខាងលិចនឹងធ្វើឲ្យកម្ពុជារងគ្រោះធ្ងន់ធ្ងរដែលពួកគេប្រាថ្នាចង់ឃើញ។ ប៉ុន្តែពួកគេដែលមានខួរក្បាលដឹតដាមដោយភាព ចំណុះទៅនឹងឥទ្ធិពល របស់លោកខាងលិច ភ្លេចគិតថា លោកខាងកើតកំពុងតែបោះពួយយ៉ាងលេចធ្លោឡើងហើយដែលកំពុងផ្លាស់ប្តូរពិភពលោក «ពីឯកប៉ូល ទៅជាពហុប៉ូល»

ប៉ូលថ្មីដែលកំពុងផុសត្រដែតឡើង និងកំពុងឈានជើងទៅជំនួសប៉ូលចាស់គឺជាអំណោយផលយ៉ាងល្អដល់ កម្ពុជាដែលប្រកាន់គោលនយោបាយអព្យាក្រឹត្យ ពីព្រោះគោលនយោបាយអព្យាក្រឹត្យនេះអាចឲ្យកម្ពុជាឈរជើងបាន យ៉ាងរឹងមាំដោយរក្សាបាននូវអធិបតេយ្យភាព និងឯករាជភាព ជាតិរបស់ខ្លួននៅចំពោះមុខនៃការប្រកួតប្រជែងដណ្តើមឥទ្ធិពលនិងផលប្រយោជន៍រវាងមហាអំណាច។

កាលពីមុន ប្រសិនបើប្រទេសណាមិនព្រមធ្វើជាចំណុះមហាអំណាចលោកខាងលិច ប្រទេសនោះនឹងត្រូវរងទណ្ឌកម្ម ហើយទីបំផុតអាចបង្ខំចិត្តធ្វើជារណបលោកខាងលិច ដោយចៀសមិនផុតដើម្បីសង្គ្រោះស្ថានការណ៍។ ប៉ុន្តែបច្ចុប្បន្ន អ្វីៗបានប្រែប្រួលហើយ។ នេះគឺជាឱកាសមាស សម្រាប់ប្រទេសដែលប្រកាន់ជំហរអព្យាក្រឹត្យដោយមិនបាច់ចំណុះ ឬធ្វើជារណបរបស់មហាអំណាចលោកខាងលិចដោយបង្ខំដូចពីមុនទៀតឡើយពីព្រោះបើអស់ពីលោកខាងលិច ក៏នៅមានលោកខាងកើតជួយបានដែរ។ អ្វីដែលសំខាន់ទៀត នោះគឺ មហាអំណាចលោកខាងកើតមិនទាមទារឲ្យកម្ពុជា ឬប្រទេសផ្សេងណាមួយ ត្រូវយកអធិបតេយ្យភាពជាតិទៅប្តូរនឹងជំនួយដូចការទាមទាររបស់លោកខាងលិចឡើយ។
ក្នុងបរិបទបែបនេះ គឺលោកខាងលិចទេដែលខាតបង់ប្រសិនបើពួកគេមិនប្រញាប់ផ្លាស់ប្តូរនយោបាយការបរទេសរបស់ខ្លួនទេនោះ។

ជាក់ស្តែង នៅពេលដែលសហភាពអឺរ៉ុបព្យាយាមរាំងខ្ទប់អង្ករកម្ពុជាមិនឲ្យហូរចូលទីផ្សាររបស់ខ្លួនច្រើនពេក អង្ករកម្ពុជាអាចបង្វែរទៅរកទីផ្សារប្រទេសផ្សេងវិញដូចជាចិនជាដើម។ ទីផ្សារផលិតផលផ្សេងទៀតរាប់ទាំងជំនួយអភិវឌ្ឍន៍ផងក៏មាននិន្នាការដូចគ្នានេះដែរ។ ស្ថានភាពនេះជាអំណោយផលល្អខ្លាំងណាស់សម្រាប់កម្ពុជាគឺមិនដូចការឃោសនា ដោយបំភាន់និងបំពុលរបស់ក្រុមប្រឆាំងនោះឡើយ។

ម្យ៉ាងទៀត សូមកុំភ្លេចថា មហាអំណាចលោកខាងលិចពេលនេះកំពុងតែរឹតរួតដោយបញ្ហាផ្ទៃក្នុងយ៉ាងចម្រូងចម្រាស់ដែលជាសញ្ញានៃការចុះថមថយឥទ្ធិពល របស់លោកខាងលិច។ បញ្ហានៅសហរដ្ឋអាមេរិក និងវិបត្តិ នៃការចាកចេញរបស់អង់គ្លេស «Brexit» ពីសហគមអឺរ៉ុប ជាដើមគឺជាឧទាហរណ៍ជាក់ស្តែងបំផុត។ នៅក្នុងស្ថានភាពបែបនេះ ការពឹងពាក់តែទៅលើមហាអំណាចលោកខាងលិចទាំងស្រុង ហើយមើលស្រាលលោកខាងកើត និយាយឲ្យចំគឺមើលស្រាលចិន ដូចដែលក្រុមប្រឆាំងកំពុងធ្វើ គឺជាកំហុសយុទ្ធសាស្ត្រដ៏ធំធេងមួយទៀតសម្រាប់នយោបាយការបរទេស។

ផ្ទុយទៅវិញ នយោបាយការបរទេសដែលខ្ញុំកត់សំគាល់លើរដ្ឋាភិបាលដឹកនាំដោយនាយករដ្ឋមន្រ្តី ហ៊ុន សែន ដែលបាននិងកំពុងបន្តធ្វើ គឺជានយោបាយត្រូវសភាពការណ៍។ នយោបាយបែបនេះមិនត្រឹមតែអាចរក្សាបាននូវឯករាជភាព និងអធិបតេយ្យភាពជាតិយើងប៉ុណ្ណោះទេ ប៉ុន្តែ លើសពីនេះវាក៏ជាលាកានុវត្តភាពថ្មីរបស់កម្ពុជាក្នុងការពង្រឹងខ្លួនឲ្យកាន់តែរឹងមាំ ឈានទៅម្ចាស់ការលើខ្លួនឯងនៅពេលខាងមុខ។ ចំណែកក្រុមប្រឆាំងដឹកនាំដោយ សម រង្ស៊ី ដែលកំពុងធ្វើខ្លួនជារណបទាំងស្រុងរបស់លោកខាងលិចដោយគ្មានលក្ខខ័ណ្ឌ ហើយទាត់ចោលទាំងស្រុង និងថែមទាំងប្រមាថ មាក់ងាយចិន ពួកគេអាចនឹងគ្មានទីតាំងឈរជើងឡើយក្នុងពេលខាងមុខនេះ។ និយាយតាមភាសាកីឡាបាល់ទាត់គឺ «អកហ្សើ» ដោយសារតែភាពតឹងត្អឹងមិនចេះបត់បែន ទៅតាមសភាពការណ៍។ ខ្ញុំសង្ឃឹមថា មហាអំណាចលោកខាងលិចទំនងជាឆ្លាតជាងអ្វីដែលក្រុមប្រឆាំងដឹកនាំដោយ សម រង្ស៊ី គិតឆ្ងាយណាស់ពោលគឺពួកគេនឹងមិនបោះបង់ចោល កូនក្រមុំដ៏ស្រស់ស្អាតដូចកម្ពុជាឡើយពីព្រោះបើពួកគេហ៊ានបោះបង់កម្ពុជា គឺពួកគេនេះហើយជាអ្នកខាតបង់ធំនៅចំពោះមុខការពង្រីកឥទ្ធិពលឥតឈប់ឈររបស់មហាយក្សចិន។

សរុបសេចក្តីទៅ អ្វីដែលក្រុមប្រឆាំងគំនិតខ្លីដឹកនាំដោយ សម រង្ស៊ី កំពុងត្រេកត្រអាលនឹង ទណ្ឌកម្មរបស់លោកខាងលិច ឬត្រេកត្រអាលនឹងឥទ្ធិពល លោកខាងលិចហើយមើល ស្រាលនិងប្រមាថតួនាទីរបស់ចិន គឺជាការស្រមើស្រមៃបែប មនុស្សដើរមិនទាន់សភាពការណ៍ ឆ្អិនក្បាលស៊ីក្បាល ឆ្អិនកន្ទុយស៊ីកន្ទុយតែប៉ុណ្ណោះ។ នៅទីបំផុត ពួកគេនឹងបាត់បង់ទីពឹងដោយសារតែលោតខុសពីទិសខ្យល់បក់ជាមិនខាន។ រីឯអ្នកដែលកំពុងដើរត្រូវទិសខ្យល់ដែលខ្ញុំមើលឃើញគឺ នាយករដ្ឋមន្រ្តី ហ៊ុន សែន នេះហើយ។

ហេតុដូច្នេះហើយបានជាគណបក្សរបស់នាយករដ្ឋមន្រ្តី ហ៊ុន សែន តែងមានប្រៀបលើបក្សប្រឆាំងដឹកនាំដោយ សម រង្ស៊ី តែរហូតមក។ និយាយដល់ចំណុចវាយតំលៃសភាពការណ៍ត្រឹមត្រូវបំផុតនោះ ខ្ញុំនៅតែមិនកោតសរសើរនាយករដ្ឋមន្រ្តី ហ៊ុន សែន គឺមិនបានដែលគាត់វាយ តំលៃសភាពការណ៍និងចិត្តសាស្ត្រ ពលរដ្ធអាមេរីកត្រូវដោយគាត់ហ៊ានប្រកាសជាសាធារណះថាលោក Donald Trump នឹងឈ្នះឆ្នោតជាប្រធានាធិបតីអាមេរិកនៅពេលដែលមនុស្សសឹងតែមួយពិភពលោក ក្នុងនោះរាប់បញ្ចូលទាំងមេបក្សប្រឆាំងនៅកម្ពុជាគេនិយាយថា Hillary Clinton នឹងឈ្នះ។

នៅពេលខាងមុខនេះ ខ្ញុំអាចមើលឃើញជាមុននូវប្រៀបខ្លាំងរបស់រដ្ឋាភិបាលនាយករដ្ឋមន្រ្តី ហ៊ុន សែន នឹងកាន់តែមានទម្ងន់ថែមទៀតដោយសារតែមេដឹកនាំគណបក្សនេះមានទស្សនៈវិស័យវែងឆ្ងាយ អាចព្យាការណ៍ ទិសខ្យល់បក់ទុកជាមុន និងបានត្រៀមខ្លួនជាមុនយ៉ាងល្អ ខណៈដែលក្រុមប្រឆាំងវិញ មកដល់ម៉ោងនេះហើយនៅតែមិនទាន់ភ្ញាក់ខ្លួន មិនដឹងទិសតំបន់ដែលត្រូវដើរនៅឡើយ។ ពួកគេហាក់ដូចកំពុងស្ថិតក្នុងសម័យសង្គ្រាមត្រជាក់នៅឡើយទេ ខណៈដែលពិភពលោកបាន ដើរដល់ចំណុចពហុប៉ូលទៅហើយនោះ។ នេះហើយជាលទ្ធផលនៃការដឹកនាំរបស់ សម រង្ស៊ី ដែលលោក គង់ គាំ ពិពណ៌នាថាជាមនុស្ស «គិតមិនដែលត្រូវ យល់មិនដែលច្បាស់ និងធ្វើមិនដែលកើត» ជាពិសេសអ្វីលោក សម រង្ស៊ី ចេះនិងកំពុងបន្តធ្វើគឺ «ល្បិចកញ្ជ្រោងអាងអំណាចខ្លា» តែប៉ុណ្ណោះ។

ដោយ៖ អ្នកតាមដាននយោបាយតុកាហ្វេ