(ចិន)៖ ប្រជាជនទូទាំងប្រទេសចិន បានចាប់ផ្ដើមរៀបចំស្វាគមន៍ ពិធីបុណ្យចូលឆ្នាំ ដែលកំពុងខិតជិតមកដល់ នាពេលឆាប់ៗខាងមុខនេះហើយ។

ពិធីបុណ្យចូលឆ្នាំ គឺជាពិធីបុណ្យសំខាន់បំផុត សម្រាប់ប្រជាជនចិន ហើយត្រូវបានប្រារព្ធអបអរ អស់រយៈពេលជាង៤ពាន់ឆ្នាំមកហើយ។ នេះក៏ជាឱកាសសម្រាប់ វិលទៅលេងស្រុកកំណើតជួបជុំគ្រួសារ អបអរឆ្នាំថ្មី និងបួងសួងសុំសំណាងល្អ សម្រាប់ឆ្នាំទៅមុខទៀតផងដែរ។

លោក វ៉ី ប្រជាជន បាននិយាយថា «ខ្ញុំចង់ទិញរបស់របរតុបតែងផ្ទះខ្លះៗ គឺរបស់ដែលមានពណ៌ក្រហម និងជានិមិត្តរូប តំណាងឲ្យភាពចម្រុងចម្រើន។ វត្ថុតុបតែងជាច្រើន ត្រូវបានទិញ និងយកទៅតាំង សម្រាប់អបអរពិធីបុណ្យចូលឆ្នាំ ក៏ដូចជាមានអាហារពិសេសៗជាច្រើនផងដែរ»។

ទាំងអស់នេះ កាន់តែមានសារសំខាន់ខ្លាំងថែមទៀត សម្រាប់ពិធីជួបជុំទទួលទានអាហារ ជាលក្ខណៈប្រពៃណី ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី០៥ ខែកុម្ភៈ នាឆ្នាំ២០១៩នេះ។ ពិធីជួបជុំទទួលទានអាហារនេះ គឺជាអាហារល្ងាច ដែលសំខាន់ជាងគេបំផុតក្នុងមួយឆ្នាំ សម្រាប់ប្រជាជនចិន ហើយជាពេលដែលសមាជិកក្រុមគ្រួសារទាំងអស់មកជួបជុំគ្នា ហើយអបអរឆ្នាំថ្មី។

សម្រាប់ភោជនីយដ្ឋាននៅទូទាំងប្រទេស ក្នុងឱកាសបុណ្យចូលឆ្នាំ ជាពេលដ៏មមាញឹកបំផុតប្រចាំឆ្នាំ ហើយកន្លែងជាច្រើនបានរាយការណ៍ថា ត្រូវបានកក់ពេញអស់ទៅហើយ។

ជាសញ្ញានៃការកើនឡើង នូវចំណូលចិត្តក្នុងការទិញទំនិញតាមអនឡាញ ក្នុងប្រទេសចិន អាហារល្ងាចដែលចម្អិនទុក និងរៀបចំពាក់កណ្ដាល សម្រេចសម្រាប់អបអរឆ្នាំថ្មី ក៏លក់ដាច់ផងដែរតាមអនឡាញ។ អាហារទាំងអស់នេះ អនុញ្ញាតឲ្យអ្នកដែលរវល់ខ្លាំង ឬអ្នកមិនចេះចម្អិនម្ហូប អាចរៀបចំពិធីជួបជុំអាហារ ដ៏ឈ្ងុយឆ្ងាញ់សម្រាប់ក្រុមគ្រួសាររបស់គេបាន។

ប្រជាជនទូទាំងប្រទេសចិន ក៏ដូចជាជនជាតិចិន នៅជុំវិញពិភពលោក ក៏រៀបចំពិធីអបអរឆ្នាំថ្មីនេះ ដោយមានអ្នកខ្លះបន្ថែមប្រពៃណីវប្បធម៌ផ្ទាល់ខ្លួន ដើម្បីលម្អលើសម្លៀកបំពាក់ ម្ហូបអាហារ និងពិធីជួបជុំផងដែរ៕ (សារព័ត៌មាន CCTV របស់ចិន)