(ភ្នំពេញ)៖ ឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានប្រាប់ទៅរដ្ឋមន្ត្រីការបរទេសអាស៊ានថា កម្ពុជាសោកស្ដាយទៅលើការសម្រេចចិត្ដរបស់គណៈកម្មការអឺរ៉ុប នាពេលថ្មីៗនេះ ចំពោះការដាក់ចេញនូវវិធានការការពារ ចំពោះការនាំចូលអង្ករពីប្រទេសកម្ពុជា និងមីយ៉ាន់ម៉ា។

ការបញ្ជាក់របស់លោកឧបនាយករដ្ឋមន្ត្រី បានធ្វើឡើងក្នុងឱកាសដែលលោកដឹកនាំគណៈប្រតិភូកម្ពុជា អញ្ជើញចូលរួមកិច្ចប្រជុំចង្អៀតរដ្ឋមន្ត្រីការបរទេសអាស៊ាន ដែលបានប្រព្រឹត្តិទៅ នៅថ្ងៃទី១៧-១៨ ខែមករា ឆ្នាំ២០១៩ នៅខេត្តឈៀងម៉ៃ។ កិច្ចប្រជុំចង្អៀតនេះ ត្រូវបានធ្វើឡើង ដើម្បីពិភាក្សាលើបញ្ហាសំខាន់ៗ ទាក់ទងនឹងការបន្តតាមដាន លើលទ្ធផលកិច្ចប្រជុំកំពូលអាស៊ានលើកទី៣៣ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធនានា ជាពិសេសដំណើរការកសាងសហគមន៍អាស៊ាន ទំនាក់ទំនងរបស់អាស៊ានជាមួយដៃគូខាងក្រៅ និងការផ្លាស់ប្តូរយោបល់លើបញ្ហាតំបន់ និងអន្តរជាតិ។

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស បានបញ្ជាក់យ៉ាងដូច្នេះថា «លោកឧបនាយករដ្ឋមន្រ្ដី ក៏បានសង្កត់ធ្ងន់យ៉ាងមុតមាំថា ប្រទេសកម្ពុជានឹងមិនដោះដូរអធិបតេយ្យជាតិ ដើម្បីជំនួយជាដាច់ខាត កម្ពុជាបានឆ្លងកាត់ភាពលំបាក ពីអតីតកាលរួចហើយ។ លោកឧបនាយករដ្ឋមន្រ្ដី ក៏បានបង្ហាញការសោកស្ដាយទៅលើការសម្រេចចិត្ដរបស់គណៈកម្មការអឺរ៉ុប នាពេលថ្មីៗនេះ ចំពោះការដាក់ចេញនូវវិធានការការពារចំពោះការនាំចូលអង្ករ ពីប្រទេសកម្ពុជា និងមីយ៉ាន់ម៉ា កាលពីថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៩»

សូមបញ្ជាក់ថា សហភាពអឺរ៉ុប បានសម្រេចយកពន្ធអង្ករដែលនាំចូលពីប្រទេសកម្ពុជា និងមីយ៉ាន់ម៉ា សម្រាប់រយៈពេល៣ឆ្នាំ ដោយចាប់ផ្តើមអនុវត្តចាប់ពីថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៩តទៅ ដោយឆ្នាំដំបូងតម្លៃពន្ធមានចំនួន១៧៥អឺរ៉ូ (ប្រហែល២០០ដុល្លារ) ក្នុង១តោន, ឆ្នាំទី២ តម្លៃ១៥០អឺរ៉ូ (ប្រហែល១៧០ដុល្លារ) ក្នុង១តោន និងឆ្នាំទី៣ តម្លៃ១២៥អឺរ៉ូ (ប្រហែល១៤២ដុល្លារ) ក្នុង១តោន។

ការសម្រេចយកពន្ធនេះ ធ្វើឡើងបន្ទាប់ពីមានការតវ៉ាពីសំណាក់ប្រទេសអ៉ីតាលី និងប្រទេសអេស្ប៉ាញ ដែលជាប្រទេសសមាជិកអឺរ៉ុប ដែលផលិតអង្ករ សម្រាប់លក់ក្នុងតំបន់អឺរ៉ុបផងដែរ។ ការសម្រេចយកពន្ធនេះ អាចធ្វើឱ្យកម្ពុជាខាតបង់ប្រមាណ៥០លានដុល្លារអាមេរិក ក្នុងរយៈពេល១ឆ្នាំ៕

ខាងក្រោមនេះ ជាសេចក្តីប្រកាសរបស់ក្រសួងការបរទេស៖