(ភ្នំពេញ)៖ លោក គួច ចំរើន អភិបាលខេត្តកំពង់ចាម នាព្រឹកថ្ងៃទី២២ ខែមករា ឆ្នាំ២០១៩នេះ បាននាំយកអំណោយរបស់សម្ដេចកិត្តិព្រឹទ្ឋបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចុះចែកជូនប្រជាពលរដ្ឋចំនួន ៣គ្រួសារ ដែលរងគ្រោះ និងរុសរើផ្ទះ ដោយសារការបាក់ច្រាំងទន្លេស្ថិតនៅក្នុងភូមិព្រែកស្ដី ឃុំព្រះអណ្ដូង ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ។

បន្ទាប់ពីបានពាំនាំការផ្តាំផ្ញើសួរសុខទុក្ខដល់ប្រជាពលរដ្ឋ ពីសំណាក់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន, លោក គួច ចំរើន បានថ្លែងថា ការបាក់ច្រាំងទន្លេវាជាគ្រោះធម្មជាតិ ដែលតែងតែកើតមានជារៀងរាល់ឆ្នាំ ពិសេសគឺក្នុងរដូវទឹកជំនន់ ហើយការបាក់ច្រាំងនេះអាស្រ័យលើតំបន់ ដែលស្ថិតចំខ្សែទឹកហូរ ទើបមានការបាក់ច្រាំង ម្ដងនៅចំណុចនេះ រួចក៏ទៅដុះនៅចំណុចនោះ ទៅតាមលក្ខណៈធម្មជាតិរបស់វា។

លោកបានបន្ថែមថា ហេតុការណ៍នេះតែងតែកើតមានជារឿយៗ ច្រើនឆ្នាំមកហើយ នៅតាមតំបន់ដងទន្លេមេគង្គនោះ។ ដោយឡែកការបាក់ច្រាំងទន្លេ នារដូវទឹកសំរកក៏កើតមានដែរ ប៉ុន្តែមិនធ្ងន់ធ្ងរដូចក្នុងរដូវទឹកជំនន់ ជាក់ស្ដែងនៅពេលនេះ បងប្អូនប្រជាពលរដ្ឋចំនួន៣គ្រួសារ បានរងគ្រោះដោយសារផលប៉ះពាល់ នៃការបាក់ច្រាំងទន្លេ ធ្វើឲ្យពួកគាត់បានសម្រេចចិត្ត រុះរើផ្ទះសម្បែង ប្ដូរទៅសង់នៅលើទីតាំងថ្មី។

លោកអភិបាលខេត្តបានថ្លែងទៀតថា ចំពោះករណីបាក់ច្រាំងទន្លេនេះលោក ក៏បានបង្កើតគណៈកម្មការក្រុមការងារចុះធ្វើការសិក្សាស្រាវជ្រាវរកទិន្នន័យ ដើម្បីយកមកធ្វើការសន្និដ្ឋាន អំពីកំរិតនៃផលប៉ះពាល់ដល់ប្រជាពលរដ្ឋ នៅឆ្នាំខាងមុខទៀត ក្នុងគោលបំណងដើម្បីគណៈកម្មការយើងមានវិធានការក្នុងការជួយសង្គ្រោះប្រជាពលរដ្ឋឲ្យបានកាន់តែប្រសើរឡើង។

លោកអភិបាលខេត្ត បានឲ្យដឹងទៀតថា អំណោយរបស់សម្ដេចកិត្តិព្រឹទ្ឋបណ្ឌិត ដែលបានយកមកចែកជូនបងប្អូនចំនួន ៣គ្រួសារនៅពេលនេះ ក្នុងនោះ ១គ្រួសារ ទទួលបានអង្ករ ៥០គីឡូក្រាម, ត្រីខកំប៉ុង២យួរ, ទឹកស៊ីអ៊ីវ២យួរ, ទឹកត្រី២យួរ, មី២កេះ និងថវិកាចំនួន ២០ម៉ឺនរៀល។

សូមបញ្ជាក់ថា បន្ទាប់ពីបានចែកអំណោយជូនប្រជាពលរដ្ឋរួចលោក គួច ចំរើន បានបន្តដំណើរចូលទៅសួរសុខទុក្ខប្រជាពលរដ្ឋ និងពិនិត្យមើលច្រាំងទន្លេដែលបានបាក់ នៅចំណុច ក្រោយផ្ទះរបស់សម្ដេចនាយករដ្ឋមន្រ្តី ហ៊ុន សែន នៅស្រុកកំណើត ស្ថិតក្នុងភូមិពាមក្រៅ ឃុំពាមកោះស្នា ស្រុកស្ទឹងត្រង់ ផងដែរ៕