(ភ្នំពេញ)៖ អតីតសកម្មជននៃអតីតគណបក្សសង្គ្រោះជាតិចំនួន៣នាក់ ដែល​ជាប់ពាក់ព័ន្ធ​នឹង​ការរារាំង​ប្រជាពលរដ្ឋ​មិនឱ្យទៅបោះឆ្នោត តាមរយៈ «យុទ្ធនាការ​ម្រាម​ដៃស្អាត» នៅខេត្តបាត់ដំបងនោះ បានយល់ព្រមចូលខ្លួនមកបង់ប្រាក់ពិន័យ តាមលិខិតបង្គាប់របស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) រួចហើយ កាលពីថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៩។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ គ.ជ.ប ដែលអង្គភាពព័ត៌មាន Fresh News ទទួលបាននៅរសៀលថ្ងៃទី២២ ខែមករា ឆ្នាំ២០១៩នេះ។

អតីតសកម្មជនគណបក្សសង្គ្រោះជាតិទាំង៣នាក់ ដែលត្រូវពិន័យជាប្រាក់ក្នុងម្នាក់ៗ មានដូចខាងក្រោម៖

ទី១៖ ឈ្មោះ ជា ជីវ រស់នៅភូមិជំនីក ឃុំអន្លង់វិល ស្រុកសង្កែ ខេត្តបាត់ដំបង ត្រូវពិន័យជាប្រាក់ចំនួន១០ លានរៀល។

ទី២៖ ឈ្មោះ ថោង សារឿន រស់នៅភូមិគាស់ក្រឡ ឃុំគាស់ក្រឡ ស្រុកគាស់ក្រឡ ខេត្តបាត់ដំបង ចំនួន៥លានរៀល

ទី៣៖ ឈ្មោះ គ្រយ គឹមសាំង រស់នៅភូមិដូង ឃុំបឹងរាំង ស្រុកកំរៀង ខេត្តបាត់ដំបង ត្រូវពិន័យជាប្រាក់ ចំនួន៥លានរៀល។

ប្រាក់ពិន័យទាំងអស់ត្រូវបានបង់តាមរយៈ លោក សួន ចំរើន ដែលជាតំណាងរបស់អ្នកទាំងបី។ ថវិកាសរុប ២០លានរៀលនេះ ត្រូវបង់ចូលជាថវិការបស់រដ្ឋ។

គ.ជ.ប បានឱ្យដឹងថា ការបង់ប្រាក់ពិន័យនេះ ធ្វើឡើងតាមអំណាចសេចក្តីសម្រេចបិទផ្លូវតវ៉ា របស់ក្រុមប្រឹក្សាជំនុំជម្រះនៃក្រុមប្រឹក្សាធម្មនុញ្ញ កាលពីថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៨ ដោយតម្កល់សេចក្តីសម្រេចលេខ០០៩ ចុះថ្ងៃទី០៨ ខែសីហា ឆ្នាំ២០១៨ របស់ក្រុមប្រឹក្សាជំនុំជម្រះ គ.ជ.ប ដែលសម្រេចផ្តន្ទាទោសបុគ្គលទាំង៣រូបខាងលើពីបទ «រារាំងប្រជាពលរដ្ឋដែលមានសិទ្ធិបោះឆ្នោតមិនឱ្យទៅបោះឆ្នោត និងធ្វើឱ្យមានការភាន់ច្រឡំនាំឱ្យបាត់បង់ទំនុកចិត្តលើការបោះឆ្នោត» តាមមាត្រ១៤២ នៃច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ។

សូម​រំលឹក​ថា កាលពីថ្ងៃទី​០៨ ខែ​សីហា ឆ្នាំ​២០១៨ គ.ជ.ប បានបើក​សវនការ​ជំនុំជម្រះ​លើ​សំណុំ​រឿងលេខ​០០១ ដែល​ពាក់ព័ន្ធ​នឹង​យុទ្ធនាការ​ម្រាមដៃ​ស្អាត នៅខេត្ត​បាត់ដំបង ហើយបាន​សម្រេច​ឱ្យ​ឈ្មោះ ថោង សារឿន និង​ឈ្មោះ គ្រុយ គឹមសាំង ត្រូវបាន​ពិន័យ​ក្នុង​ម្នាក់ៗ ៥លាន​រៀល ដោយ​ពុំទាន់​គិតពី​ទោស​ព្រហ្មទណ្ឌ។ ចំណែក​ឈ្មោះ ជា ជីវ ដែលជា​មេដឹកនាំ ពិន័យ​១០លាន​រៀល។ បុគ្គលទាំង​បីនាក់​នេះ មិនសុខ​ចិត្តចំពោះ​ការសម្រេច​របស់ គ.ជ.ប ក៏បាន​ប្តឹងបន្ត​ទៅក្រុម​ប្រឹក្សាធម្មនុញ្ញ ហើយនៅ​ថ្ងៃទី១៥ ខែ​សីហា ឆ្នាំ​២០១៨ ក្រុមប្រឹក្សា​ជំនុំជម្រះ នៃក្រុម​ប្រឹក្សា​ធម្មនុញ្ញ បានចេញ​សេចក្តី​សម្រេច​បិទផ្លូវតវ៉ា ដោយ​តម្កល់​ការសម្រេច​របស់ គ.ជ.ប ទុកជា​បានការ​ដដែល។

នៅក្នុង​រយៈកាល​នៃយុទ្ធនា​ការ​ឃោសនា​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី៦ ក្រុម​បុគ្គល​ខាងលើ​នេះ បាន​ធ្វើការ​បង្ហោះ​រូបភាព និងសារ​មួយចំនួន ដោយលើក​ម្រាមដៃ ក្នុង​ន័យ​បំផុស​បំផុល​មិនឱ្យ​ប្រជាពលរដ្ឋ​ទៅ​ចូលរួម​បោះឆ្នោត នាថ្ងៃទី​២៩ ខែ​កក្កដា ឆ្នាំ​២០១៨ ដោយគេ​ប្រើពាក្យ​មួយឃ្លា​ថា «យុទ្ធនាការ​ម្រាមដៃ​ស្អាត» មានន័យថា មិនចូលរួម​បោះឆ្នោត។ ក្រោយពី​មាន​យុទ្ធនាការ​ម្រាមដៃ​ស្អាត ក្នុង​គោលបំណង​រារាំង​មិនឱ្យ​ប្រជាពលរដ្ឋ​បាន​បំពេញ​កាតព្វកិច្ច​ជាពលរដ្ឋខ្មែរ​បែបនេះ ទើប​ក្រុម​ការងារ​នៃ​គណបក្ស​ប្រជាជន​កម្ពុជា បានដាក់​ពាក្យប្តឹង ទៅ​គណៈកម្មការ​រៀបចំ​ការ​បោះឆ្នោត​ខេត្ត​បាត់ដំបង កាលពី​ថ្ងៃទី១៩ ខែ​កក្កដា ឆ្នាំ​២០១៨ ដើម្បី​ចាត់វិធានការ​តាមផ្លូវ​ច្បាប់៕