(ភ្នំពេញ)៖ ​លោក នុត ពុធដារ៉ា ជំនួយការសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងជាអភិបាលខណ្ឌដង្កោ នៅថ្ងៃទី២២ ខែមករា ឆ្នាំ២០១៩នេះ បានចុះសំណេះសំណាលសួរសុខទុក្ខ​ប្រជាពលរដ្ឋ និងពិនិត្យគម្រោងស្ថាបនាប្រព័ន្ធលូរំដោះទឹក ប្រវែង​៥០៥ម៉ែត្រ ស្ថិតក្នុងភូមិរលួស សង្កាត់ជើងឯក។

លោកអភិបាល បានផ្តាំផ្ញើការសាកសួរសុខទុក្ខពីសំណាក់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនដល់​ប្រជាពលរដ្ឋទាំងអស់ ដែលជានិច្ចកាលសម្តេចទាំងពីរ តែងបានគិតគូរ និងយកចិត្តទុកដាក់ដល់ការលំបាកនានារបស់​ប្រជាពលរដ្ឋ ព្រមទាំងបានលើកឡើងអំពីការ អភិវឌ្ឍន៍រីកចម្រើនឥតឈប់ឈររបស់ប្រទេសជាតិពីមួយថ្ងៃទៅមួយថ្ងៃ ក្រោមការដឹកនាំ​របស់សម្តេច​តេជោ ហ៊ុន សែន​។

បន្ថែមពីនេះ លោក នុត ពុធដារ៉ា ក៏បានលើកឡើងថា ប្រពន្ធលូថ្មីដែលគ្រោងនឹងស្ថាបនានេះ នឹងជួយរំដោះទឹក នៅរដូវវស្សា ដើម្បីបញ្ជៀសការលិចលង់ របស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន។

ទន្ទឹមនឹងនេះ ប្រជាពលរដ្ឋ​បានធ្វើការសាទរ និងថ្លែងអំណរគុណចំពោះថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ ជាពិសេសអាជ្ញាធរមូលដ្ឋាន ដែលបានគិតគូរ​ និងយកចិត្តទុកដាក់ដល់ការលំបាករបស់ពួកគាត់ និងបានធ្វើការអភិវឌ្ឍ​មូលដ្ឋានបានរីកចម្រើន៕