(ភ្នំពេញ)៖ លោក គង់ គាំ អតីតប្រធានគណបក្សសមរង្ស៉ី និងជាមនុស្សជំនិតរបស់ លោក សម រង្ស៉ី នៅថ្ងៃទី២២ ខែមករា ឆ្នាំ២០១៩នេះ បានបន្តចេញមុខរិះគន់ លោក សម រង្ស៉ី ជាថ្មីម្តងទៀត ដោយចោទអតីតប្រធាន​គណបក្សប្រឆាំងរូបនេះថា កំពុងតែដុតផ្ទះចម្អិតពង។

ការរិះគន់របស់លោក គង់ គាំ បានធ្វើឡើងបន្ទាប់ពី លោក សម រង្ស៉ី ប្រកាសថា លោកគឺជាមនុស្សតែម្នាក់គត់ ដែលបានជំរុញឱ្យសហភាពអឺរ៉ុបដាក់ទណ្ឌកម្មផ្សេងៗមកលើប្រទេសកម្ពុជា គ្រាដែលសហភាពអឺរ៉ុប បានសម្រេចយកពន្ធអង្ករ ដែលនាំចូលពីប្រទេសកម្ពុជា។

ការគិតពន្ធនាំចូលអង្កររបស់កម្ពុជា ចាប់ផ្តើមអនុវត្តចាប់ពីថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៩តទៅ សម្រាប់រយៈពេល៣ឆ្នាំ ដោយឆ្នាំដំបូងតម្លៃពន្ធចំនួន១៧៥អឺរ៉ូ (ប្រហែល២០០ដុល្លារ) ក្នុង១តោន, ឆ្នាំទី២ តម្លៃ១៥០អឺរ៉ូ (ប្រហែល១៧០ដុល្លារ) ក្នុង១តោន និងឆ្នាំទី៣ តម្លៃ១២៥អឺរ៉ូ (ប្រហែល១៤២ដុល្លារ) ក្នុង១តោន។

លោក​ គង់ គាំ បានបញ្ជាក់យ៉ាងដូច្នេះថា៖ «ចរិតអាត្មានិយមជ្រុល អស្មិមានៈជ្រុលរបស់ក្រុម សម រង្ស៉ី ឃើញសមាគមអឺរ៉ុប (បង្កើនពន្ធ ជះផលដល់អង្ករខ្មែរ) ភ្លេចជួយព្រួយជាមួយកសិករខ្មែរ (ដកEBA) ភ្លេចជួយចែករំលែកការលំបាករបស់កម្មករខ្មែរ បែរជាអួតផ្សំថាពេលកសិករខ្មែរវេទនា ពេលកម្មករខ្មែរវេទនា ពេលរដ្ឋាភិបាលខ្មែរបាត់បង់ចំណូល គឺជាឱកាសរបស់ពួកគេត្រូវកាប់បំពង់ចាំត្រងទឹកភ្លៀង ឬជាឱកាសរបស់ពួកគេដុតផ្ទះចម្អិនពង ដើម្បីបំពេញអំណាចស្រេកឃ្លានខ្លាំងរបស់ពួកគេ»

លោក គង់ គាំ បានបន្តថា រាជរដ្ឋាភិបាល និងខ្មែរក្នុងស្រុក មិនប្រវាសសេចក្តីសុខចម្រើនជាមួយ ប្រជាធិបតេយ្យបំផ្លាញ សិទ្ធិមនុស្សបំផ្លាញទេ គឺបន្តបង្កើនហេដ្ឋារចនាសម្ព័ន្ធ (ទ្វេរដង) ធនធានមនុស្ស (ទ្វេរដង) ឆ្ពោះទៅឆ្នាំ២០៣០ (ចំណូលមធ្យមកម្រិតខ្ពស់) ទោះជាមួយចិន គ្មានអាមេរិក និងអឺរ៉ុបក៏ដោយ៕