(ភ្នំពេញ)៖ ទីបំផុត! ចៅក្រមជំនុំជម្រះ នៃសាលាដំបូងរាជធានីភ្នំពេញលោក លាង សំណាត់ នៅព្រឹកថ្ងៃទី២២ ខែមករា ឆ្នាំ២០១៩នេះ បានបើកសវនាការ ប្រកាសសាលក្រមសម្រេចផ្តន្ទាទោស បុគ្គលឈ្មោះ សុន ពិសាល ជាមន្ត្រីនគរបាល មានតួនាទីនាយរងផ្នែកបន្ទប់ពិសោធន៍ នៃនាយកដ្ឋាននគរបាលបច្ចេសទេស និងវិទ្យាសាស្រ្ត ដាក់ពន្ធនាគារ២ឆ្នាំ តែអនុវត្តទោស១ឆ្នាំ ពីបទ «ហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស»។

សូមបញ្ជាក់ថា អតីតមន្រ្តីនគរបាលរូបនេះ រួមជាមួយបក្ខពួកមួយចំនួនទៀត តែងតែធ្វើសកម្មភាពចាប់វាយជនរងគ្រោះ ជាពិសេសនៅពេលយប់ ដើម្បីគៀបស៊ី ដោយពួកគេតាំងខ្លួនជាក្រុមសមត្ថកិច្ច បង្ក្រាបមុខសញ្ញា ប៉ុន្តែនៅទីបំផុត ត្រូវជាប់ខ្នោះ និងធ្វើឲ្យមានការរិះគន់ពេញបណ្តាញសង្គម Facebook។

សាលក្រមរបស់តុលាការ ក៏បានបង្គាប់ឲ្យជនជាប់ចោទ ត្រូវសងសំណងដល់ជនរងគ្រោះឈ្មោះ អ៊ឺម បញ្ញា ភេទប្រុស អាយុ២៤ឆ្នាំ ចំនួន១ម៉ឺនដុល្លារ​ផងដែរ។

ជនជាប់ចោទ សុន ពិសាល ត្រូវនគរបាលការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ នៃនាយកដ្ឋានព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ ឃាត់ខ្លួនកាលពីថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១៨ កន្លងទៅ។

គួររំលឹកថា មន្ត្រីនគរបាលរូបនេះ និងបក្ខពួកមួយក្រុម មានខ្លះស្លៀកពាក់ជាឯកសណ្ឋានមន្រ្តីនគរបាលជាតិ និងខ្លះស៊ីវិល បានចាប់យុវជនម្នាក់ដាក់ខ្នោះ និងវាយដំ រួចចាប់អូសឡើងលើម៉ូតូកង់បី ដឹកយកទៅទម្លាក់ចោលនៅក្នុងក្រសួងមហាផ្ទៃ កាលពីយប់ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៨ ស្ថិតនៅចំណុចផ្លូវលេខ៣៦០ កែងផ្លូវ១០៥ សង្កាត់បឹងកេងកងទី៣ ខណ្ឌចំការមន រាជធានីភ្នំពេញ។ ក្នុងអំពើហិង្សានេះ ជនរងគ្រោះមានស្នាមរងរបួសធ្ងន់ត្រង់ចិញ្ចើមខាងស្តាំ និងដៃមានជាប់ខ្នោះពេលនាំទៅដល់មន្ទីរពេទ្យ។

ទោះជាយ៉ាងណាក៏ដោយ សាលក្រមតុលាការ ក៏បានទុកសិទ្ធិឲ្យជនត្រូវចោទប្តឹងឧទ្ធរណ៍តាមកំណត់ច្បាប់ផងដែរ៕