(ភ្នំពេញ)៖ កម្លាំងនគរបាលប្រឆាំងគ្រឿងញៀនខណ្ឌជ្រោយចង្វារ ​ដឹកនាំដោយលោកវរសេនីយ៍ឯក សៀម សុត្ថាវុធ អធិការខណ្ឌ បាន​ឃាត់ខ្លួនជនសង្ស័យ​២នាក់ ដែល​រក្សាទុកថ្នាំញៀន ចំនួន៨កញ្ចប់ និងម៉ូតូ១គ្រឿង ដើម្បីធ្វើសកម្មភាពជួញដូរ ស្ថិតនៅតាមបណ្ដោយផ្លូវជាតិលេខ៦អា ខាងមុខវត្តគៀនឃ្លាំង ភូមិគៀនឃ្លាំង សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ នៅយប់ថ្ងៃទី២១ ខែមករា ឆ្នាំ២០១៩។

លោកវរសេនីយ៍ទោ អ៊ុង សឿន អធិការរងប្រឆាំងគ្រឿងញៀនខណ្ឌជ្រោយចង្វារ បានបញ្ជាក់ថា ជនសង្ស័យដែលឃាត់ខ្លួនក្នុងបទល្មើសរក្សាទុកថ្នាំញៀន ដើម្បីធ្វើការជួញដូរមានឈ្មោះ អឿន និរ័ន្ដ អាយុ១៨ឆ្នាំ ​និងម្នាក់ទៀតឈ្មោះ មន មិនា ​អាយុ២៣ឆ្នាំ ដែលជនសង្ស័យទាំង២នាក់ ស្នាក់នៅភូមិសូយោង ឃុំសូយោង ស្រុកបារាយណ៍ ខេត្តកំពង់ធំ។

លោកអធិការរងរូបនេះ បានបញ្ជាក់ថា មុនឈានដល់ការបង្ក្រាបជនសង្ស័យទាំង២នាក់នេះ បាន​​ឡើងទៅតាមបទបញ្ជាជាប្រចាំរបស់លោកវរសេនីយ៍ឯក សៀម សុត្ថាវុធ អធិការខណ្ឌ ដើម្បីយាមល្បាតពួនស្ទាក់នៅក្នុងភូមិសាស្ត្រមួយចំនួន ជាពិសេសនៅលើកំណាត់ផ្លូវជាតិលេខអា ក្នុងការរក្សាសន្តិសុខ សុវត្ថិភាពក្នុងមូលដ្ឋាន ហើយក៏ឈានដល់ការសង្ស័យចំពោះពួកគេ ដើម្បីឃាត់សាកសួរ និងត្រួតពិនិត្យបានរកឃើញថ្នាំញៀន ចំនួន៨កញ្ចប់ ព្រមទាំងដកហូតម៉ូតូ១គ្រឿង ម៉ាក Honda Dream C125 ពណ៌ខ្មៅ ពាក់ផ្លាកលេខ​ភ្នំពេញ​1BF-9348 ដែល​ជិះធ្វើសកម្មភាព។

លោកអធិការរងថា បន្ទាប់ពីឃាត់ខ្លួនជនសង្ស័យ និងវត្ថុតាង ត្រូវបាននាំមកបន្តឃុំខ្លួនសាកសួរបណ្ដោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌជ្រោយចង្វារ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ​ចាត់ការតាមនីតិវិធី៕​