(ព្រះវិហារ)៖ លោក អ៊ុន ចាន់ដា អភិបាលខេត្តព្រះវិហារ បានដាស់តឿន និងណែនាំដល់មន្ត្រីជំនាញសុរិយោដី ព្រមទាំងអាជ្ញាធរមូលដ្ឋាន ត្រូវទប់ស្កាត់សំណង់អណាធិបតេយ្យនានា ដែលសាងសង់ឡើងនាំឲ្យប៉ះពាល់ដល់សណ្តាប់ធ្នាប់សាធារណៈ និងសោភ័ណភាពក្រុងព្រះវិហារ។

ការលើកឡើងបែបនេះរបស់លោក អ៊ុន ចាន់ដា បានធ្វើឡើងនៅថ្ងៃទី២២ ខែមករា ឆ្នាំ២០១៩នេះ នៅក្នុងឱកាសដែលលោកអញ្ជើញចូលរួម ក្នុងពិធីអង្គសិក្ខាសាលាផ្សព្វផ្សាយច្បាប់សំណង់ និងច្បាប់បទដ្ឋានគតិយុត្តិនានា ដោយមានការអញ្ជើញចូលរួមពីសំណាក់ថ្នាក់ដឹកនាំខេត្ត លោកប្រធានសាលាដំបូងខេត្ត លោក សំ សារឿន ប្រធានមន្ទីរដែនដីនគររូបនីកម្ម សំណង់ និងសុរិយោដីខេត្ត ព្រមទាំងលោកអភិបាលក្រុងស្រុក តំណាងក្រុមហ៊ុនសំណង់ មេជាង និងកម្មករជាច្រើនរូបទៀតផងដែរ។

នៅក្នុងសិក្ខាសិលានេះ អភិបាលខេត្តព្រះវិហារ បានសង្កត់ធ្ងន់ថា «យើងជជែកគ្នានៅពេលនេះ គឺលើកយកតែក្រុងព្រះវិហារទេ ជាគោលការណ៍របស់​ក្រសួងរៀបចំដែនដី នគររូបនីកម្ម និងសំណង់ ក្រោមការដឹកនាំរបស់ឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា បានដាក់គោលការណ៍ថា គ្រប់ទីប្រជុំជន ត្រូវមានប្លង់គោល ប្លង់ប្រើប្រាស់ដីធ្លី ជាការចាប់ផ្តើមដែលយើងត្រូវជជែកគ្នានៅពេលនេះ គឺធ្វើយ៉ាងណាឲ្យក្រុងព្រះវិហារ មានប្លង់គោលសិន ចំពោះស្រុកផ្សេងៗទៀតយើងនឹងជជែកគ្នានៅពេលក្រោយបន្តបន្ទាប់ទៀត។ បន្ទាប់ពីសិក្ខាសាលនេះហើយយើងនឹងដាក់ឆ្លងទៅក្រសួងដែនដី ដើម្បីសុំការអនុម័តសម្រេចពីឧបនាយករដ្ឋមន្រ្តី ជា សុផារ៉ា»

លោកអភិបាលខេត្តព្រះវិហារ បានបន្តថា ប្លង់គោលក្រុងព្រះវិហារនេះ គឺកើតឡើងដោយស្នាដៃកូនខ្មែរអ្នកខេត្តព្រះវិហារ ដោយមិនបានចម្លងពីបរទេសណានោះទេ។ ចំពោះប្លង់គោលនេះ គឺបានបន្តមកពីស្នាដៃអភិបាលខេត្តព្រះវិហារចាស់គឺលោក ព្រាប តាន់ គ្រាន់តែយើងយកមកកែតម្រូវឲ្យមានលក្ខណៈមួយទំនើបកម្មទាន់ និងការរីកចម្រើនផ្នែកសំណង់ក៏ដូចជា វិសយ័សេដ្ឋកិច្ចក្រុងព្រះវិហាររបស់យើង។

លោកបានបញ្ជាក់ថា វិសយ័សំណង់នៅក្រុងព្រះវិហារ នៅពេលបច្ចុប្បន្ននេះមានការលោតឡើង កាលពីមុនយើងមានសំណង់តែ១ជាន់ ឬ២ជាន់ប៉ុណ្ណោះ តែពេលនេះកន្លែងខ្លះលោតរហូត៥ ទៅ៦ជាន់ក៏មានដែរ ការរីកចំរើននៃសំណង់ទាំងនេះ កំពុងតែមានការប្រកួតប្រជែងហើយ ក៏កំពុងតែមានបញ្ហាប្រឈមខ្លះៗសម្រាប់ជំនាញ និងអាជ្ញាធរពាក់ព័ន្ធផងដែរ។ ករណីនេះ ត្រូវមានវិធានការទប់ស្កាត់សំណង់អណាធិបតេយ្យនានា ដែលធ្វើឱ្យប៉ះពាល់ដល់សណ្តាប់ធ្នាប់សាធារណៈ និងសោភ័ណភាពរបស់ក្រុងព្រះវិហាររបស់យើង។ ទប់ស្កាត់សំណង់លើដី ដែលមិនមានការអនុញ្ញាតឲ្យសាងសង់ សំណង់ដែលសាងសង់ដោយគ្មានច្បាប់អនុញ្ញាត ហើយក្រុមហ៊ុនសំណង់ដែលគ្មានច្បាប់អនុញ្ញាតពីអាជ្ញាធរជំនាញ គឺត្រូវទប់ស្កាត់ឲ្យបាន។

ទន្ទឹមនឹងនេះដែរ លោក អ៊ុន ចាន់ដា ក៏បានជំរុញឲ្យមន្ត្រីជំនាញក៏ដូចជា អាជ្ញាធរក្រុងព្រះវិហារ ពិសេសសង្កាត់កំពង់ប្រណាក ពេលដែលទទួលបានការអនុម័តច្បាប់រួចហើយ សូមធ្វើការផ្សព្វផ្សាយឲ្យបានទូលំទូលាយចំពោះប្រជាពលរដ្ឋ នៅក្រុងព្រះវិហារ ឲ្យគាត់បានដឹង បើគាត់មិនដឹងទេគាត់នៅតែអនុវត្តន៍ផ្ទុយពីប្លង់របស់យើង ហើយយើងក៏មិនចង់ អនុវត្តវិធានការច្បាប់តឹងរឹងណាមួយ ចំពោះប្រជាពលរដ្ឋ ដែលគាត់មិនបានដឹងពីការផ្សព្វផ្សាយនោះទេ ចឹងត្រូវធ្វើការផ្សព្វផ្សាយឱ្យបានទូលំទូលាយ ដើម្បីឲ្យគាត់បានដឹង ជាមួយគ្នានោះ ក៏មានអ្នកខ្លះខូចដែរ ដឹងហើយនៅតែបំពាន អញ្ចឹងទេត្រូវផ្សព្វផ្សាយឱ្យបានទូលំទូលាយ។

លោក អ៊ុន ចាន់ដា ក៏បានថ្លែងការកោតសរសើរដល់មន្ទីរដែនដី នគររូបនីយកម្ម សំណង់ និងសុរិយោដីខេត្តព្រះវិហារ ជាពិសេសលោក សំ សារឿន បានដឹកនាំក្រុមការងារចុះបញ្ជីដីធ្លី ជូនប្រជាពលរដ្ឋក្នុងភូមិសាស្ត្រខេត្តព្រះវិហាររបស់យើង បានជាច្រើនក្បាលដី និងបានជួយទប់ស្កាត់សំណង់គ្មានច្បាប់ត្រឹមត្រូវ ជាច្រើនករណីថែមទៀតផង៕