(ភ្នំពេញ)៖ អគ្គលេខាធិការដ្ឋាននគរបាលអន្តរជាតិ ឬហៅកាត់ថា Interpol បានសហការជាមួយនាយកដ្ឋាននគរបាលការពារបេតិកភណ្ឌ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ក្រសួងមហាផ្ទៃកម្ពុជា រៀបចំជាលើកទី១ សិក្ខាសាលាថ្នាក់ជាតិស្តីពី «ការប្រយុទ្ធប្រឆាំងការជួញដូរដោយខុសច្បាប់នូវសម្បត្តិវប្បធម៌» រយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី២១​​ ដល់ថ្ងៃទី២២ ខែមករា ឆ្នាំ២០១៩។

សិក្ខាសាលានេះប្រព្រឹត្តទៅក្រោមអធិបតីភាពរបស់លោកសន្តិបណ្ឌិត អ៊ុក គឹមលេខ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ព្រមទាំងមានការចូលរួមពីឧត្តមសេនីយ៍ទោ​ លី​ ឡាយ​ ប្រធាននាយកដ្ឋាន នគរបាលការពារបេតិកភណ្ឌ និងមានការចូលពីលោក Corrado Catesi និងលោក Paolo Pellegrino តំណាងនគរបាលអន្តរជាតិអង្គភាពវត្ថុសិល្បៈផងដែរ។

លោកឧត្តមសេនីយ៍ទោ លី ឡាយ បានថ្លែងថា ការរៀបចំសិក្ខាសាលានេះ ក្នុងគោលបំណងបង្កើនសមត្ថភាពប្រឆាំងបទល្មើសជួញដូរដោយខុសច្បាប់ នូវសម្បត្តិវប្បធម៌ និងដើម្បីបង្ហាញជូនសមត្ថកិច្ច ពាក់ព័ន្ធអំពីសមត្ថភាពរបស់នគរបាលអន្តរជាតិ ដែលអាចជួយគាំទ្រដល់ប្រទេសជាសមាជិក ដោយអនុលោកតាមសេចក្តីសម្រេចរបស់ ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ លេខ៣១៩៩/១៥ និង ២៧៤៣/១៧ ព្រមទាំងសម្រាប់អ្នកជំនាញមកពីស្ថាប័នពាក់ព័ន្ធមួយចំនួន ដូចជា៖ នគរបាលជាតិ, គយ, កងរាជអាវុធហត្ថ, ចៅក្រម, ព្រះរាជអាជ្ញា និងក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ៕