(ភ្នំពេញ)៖ ធនាគារ ជីប ម៉ុង ខមមើសល ប៊ែង ម.ក ជាក្រុមហ៊ុនបុត្រសម្ព័ន្ធទី១២ របស់ក្រុមហ៊ុន ជីប ម៉ុង ដែលបានទទួលអាជ្ញាប័ណ្ណពីធនាគារជាតិ នៃកម្ពុជា បានបើកសម្ពោធជាផ្លូវការ នៅទីស្នាក់ការរបស់ខ្លួន នៅកណ្តាលក្រុងភ្នំពេញ នាថ្ងៃទី២១ ខែមករា ឆ្នាំ២០១៩។

ពិធីបើកសម្ពោធនេះ ប្រព្រឹត្តឡើងក្រោមវត្តមានលោក ជា ចាន់តូ អគ្គទេសាភិបាលធនាគារជាតិ នៃកម្ពុជា និងគណៈប្រតិភូធនាគារជាតិនៃកម្ពុជា។ ទីស្នាក់ការកណ្តាលដំបូង ស្ថិតនៅលើមហាវិថីម៉ោសេទុង រាជធានីភ្នំពេញ។

ធនាគារនេះជ្រើសយកប្រព័ន្ធ ប្រតិបត្តិការធនាគារតាមរយៈទូរស័ព្ទចល័ត ជាយុទ្ធសាស្រ្ត ដើម្បីបំពេញតម្រូវការបន្ថែមរបស់ប្រជាពលរដ្ឋ ដោយភ្ជាប់ខ្លួនទៅនឹងបច្ចេកវិទ្យា ដ៏ទំនើបនាពេលបច្ចុប្បន្ន។

ថ្លែងក្នុងសន្និសីទព័ត៌មានលោកឧកញ៉ា លាង ម៉េង ប្រធានក្រុមប្រឹក្សាភិបាល ធនាគារ ជីប ម៉ុង ខមមើសល ប៊ែង ម.ក បានឱ្យដឹងថា ការសម្រេចពង្រីកអាជីវកម្មរបស់ក្រុមហ៊ុន ជីប ម៉ុង ទៅដល់វិស័យធនាគារ តាមរយៈការបង្កើត ធនាគារ ជីប ម៉ុង ខមមើលសល ប៊ែង ម.ក នឹងចូលរួមចំណែកក្នុងការគាំទ្រ ដល់ការរីកលូតលាស់នៃវិស័យបច្ចេកវិទ្យា ដើម្បីពន្លឿនសេដ្ឋកិច្ចជាតិ ដែលនឹងចូលរួមចំណែកជួយឱ្យកម្ពុជា សម្រេចនូវសេដ្ឋកិច្ចឌីជីថល ក្នុងឆ្នាំ២០២៣។ ធនាគារជីប ម៉ុង ខមមើសល ប៊ែង ម.ក ត្រូវបានបង្កើតឡើង ខណៈដែលរាជរដ្ឋាភិបាលកំពុងខិតខំប្រឹងប្រែងបង្កើតមូលដ្ឋានគាំទ្រយុទ្ធសាស្រ្តនេះ តាមរយៈការពង្រឹង និងគាំទ្រផ្នែកវិទ្យាសាស្រ្ត និងបច្ចេកវិទ្យា។

លោកឧកញ៉ា លាង ឃុន ប្រធានក្រុមអគ្គនាយកក្រុមហ៊ុន ជីប ម៉ុង បានថ្លែងយ៉ាងដូច្នេះថា «ធនាគារ ជីប ម៉ុង ខមមើសល ប៊ែង ម.ក. បានសម្រេចប្រើប្រាស់ប្រព័ន្ធឌីជីថល និងបច្ចេកវិទ្យាព័ត៌មានវិទ្យាទំនើបចុងក្រោយបំផុត ជាយុទ្ធសាស្ត្រក្នុងការដំណើរការធនាគារយើង ក៏ដូចជាការផ្តល់សេវាកម្ម​ និងផលិតផលទៅអតិថិជនរបស់យើង ដែលយុទ្ធសាស្ត្រនេះ ដើរស្របនឹងចក្ខុវិស័យដ៏វែងឆ្ងាយរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការកសាង និងអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធឌីជីថល និងបច្ចេកវិទ្យាសារគមនាគមន៍និងព័ត៌មានវិទ្យា ក្នុងគោលបំណងត្រៀមខ្លួន បំលែងសេដ្ឋកិច្ចកម្ពុជា ឱ្យឲ្យក្លាយជាសេដ្ឋកិច្ចឌីជីថលក្នុងពេលអនាគតដ៏ខ្លីខាងមុខនេះ»