(ភ្នំពេញ)៖ អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សាបរធនបាលនៃមូលនិធិគន្ធបុប្ផាកម្ពុជា បានបញ្ជាក់ឲ្យដឹងថា គិតត្រឹមខែមករា ឆ្នាំ២០១៩នេះ រាជរដ្ឋាភិបាលកម្ពុជា បានប្រគល់ថវិកាបានប្រគល់ជូនមូលនិធិគន្ធបុប្ផាកម្ពុជា ចំនួន១៤២ពាន់លានរៀល ដែលស្មើនឹងជាង៣៥លានដុល្លារអាមេរិក។

ការបញ្ជាក់ជូនយ៉ាងដូច្នេះរបស់ អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ធ្វើឡើងនៅរសៀលថ្ងៃទី២១ ខែមករា ឆ្នាំ២០១៩ ក្នុងឱកាសដែលលោកឧបនាយករដ្ឋមន្ត្រី ដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាបរធនបាល លើកទី១ នៃមូលនិធិគន្ធបុប្ផាកម្ពុជា។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់មូលនិធិគន្ធបុប្ផាកម្ពុជា ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី២២ ខែមករានេះ។

កិច្ចប្រជុំបានពិនិត្យ និងពិភាក្សាលើរបៀបវារៈមួយចំនួន ដូចខាងក្រោម៖

១៖ វឌ្ឍនភាពការងារឆ្នាំ២០១៨៖

ក្រុមប្រឹក្សាបរធនបាល បានធ្វើការវាយតម្លៃខ្ពស់ ចំពោះលេខាធិការដ្ឋាននៃមូលនិធិគន្ធបុប្ផាកម្ពុជា ដែលបានខិតខំបំពេញការងារប្រកបដោយវឌ្ឍនភាព។ ជាក់ស្តែង គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៨ មូលនិធិគន្ធបុប្ផាកម្ពុជា ទទួលបានមូលនិធិបរិច្ចាគ ដូចខាងក្រោម៖
ជាសាច់ប្រាក់៖ ប្រាក់រៀលចំនួន ៤៤,៤៦៩,០៣៣,៦៨៧រៀល និងប្រាក់ដុល្លារចំនួន៧,១៦៩,២៦៤ដុល្លារ ជាទ្រព្យសកម្ម៖ ដីមួយកន្លែងទំហំ១,៣៧២ ម៉ែត្រក្រឡា ដែលមានតម្លៃប្រមាណ៨លានដុល្លារ ។

២៖ ផែនការសកម្មភាពឆ្នាំ២០១៩៖

ក្រុមប្រឹក្សាបរធនបាល បានអនុម័តលើផែនការសកម្មភាពឆ្នាំ២០១៩ ដែលលេខាធិការដ្ឋានបានស្នើឡើងដោយផ្តល់នូវការណែនាំបន្ថែមលើការងារសំខាន់ៗចំនួន ៣ ដែលត្រូវផ្តោតការយកចិត្តទុកដាក់គឺ៖

ក៖ ពង្រឹងការរៀបចំប្រព័ន្ធគ្រប់គ្រងសមាជិក និងការគ្រប់គ្រងមូលនិធិ,
ខ៖ រៀបចំបង្កើតព្រឹត្តិការណ៍ និងសកម្មភាពនានាដើម្បីធ្វើការកៀរគរការបរិច្ចាគឲ្យបានកាន់តែច្រើន និង
គ៖ បង្កើនការផ្សព្វផ្សាយ និងទំនាក់ទំនងសាធារណៈអំពីមូលនិធិឲ្យបានកាន់តែទូលំទូលាយ។

៣៖ បញ្ហាផ្សេងៗ៖

ក្រុមប្រឹក្សាបរធនបាលនៃមូលនិធិគន្ធបុប្ផាកម្ពុជា ក៏បានពិនិត្យ និងសម្រេចលើបញ្ហាផ្សេងៗមួយចំនួន ដូចខាងក្រោម៖

* អគ្គបណ្ឌិតសភាចារ្យឧបនាយករដ្ឋមន្ត្រី បានជម្រាបក្រុមប្រឹក្សាបរធនបាលថា នៅក្នុងអំឡុងខែមករា ឆ្នាំ២០១៩នេះ, រាជរដ្ឋាភិបាលបាន និងកំពុងរៀបចំនីតិវិធីផ្ទេរថវិកាចំនួនប្រមាណ១០២ពាន់លានរៀល ជូនមូលនិធិគន្ធបុប្ផាថែមទៀត បន្ថែមលើវិភាគទានដំបូង របស់រាជរដ្ឋាភិបាលចំនួនជាង៤០ពាន់លានរៀល ដែលបានប្រគល់ជូនមូលនិធិគន្ធបុប្ផាកម្ពុជាកន្លងមក។ ដូច្នេះថវិកាដែលរដ្ឋបានប្រគល់ជូនមូលនិធិគន្ធបុប្ផាកម្ពុជា គិតត្រឹមខែមករាឆ្នាំ២០១៩នេះ មានចំនួនសរុប១៤២ពាន់លានរៀល។

* មូលនិធិគន្ធបុប្ផាកម្ពុជា នឹងចូលរួមបំពាក់សម្ភារបរិក្ខានៅក្នុងបន្ទប់សង្គ្រោះបន្ទាន់ សម្រាប់កុមារ និងទារក ក្នុងអគារថ្មីដែលកំពុងធ្វើការសាងសង់ ក្នុងទីតាំមន្ទីរពេទ្យគន្ធបុប្ផាទី១។

* មូលនិធិគន្ធបុប្ផាកម្ពុជា នឹងប្រគល់ដីដែលទទួលបានពីការបរិច្ចាគរបស់អ្នកឧកញ៉ា គិត ម៉េង ទៅជាទ្រព្យសម្បត្តិរដ្ឋ សម្រាប់ជូនមន្ទីរពេទ្យគន្ធបុប្ផាប្រើប្រាស់ជារៀងរហូត ដោយមិនមានកំណត់ពេលវេលា។

អគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានណែនាំឲ្យលេខាធិការដ្ឋាន ខិតខំបំពេញការងារបន្ថែមទៀត ក្នុងការផ្សព្វផ្សាយឲ្យសាធារណជនទូទៅ បានយល់ដឹងអំពីគោលដៅចម្បងនៃការបង្កើត «មូលនិធិគន្ធបុប្ផាកម្ពុជា» នេះឡើង ដើម្បីកៀរគរធនធានហិរញ្ញវត្ថុ ត្រៀមបម្រុងសម្រាប់ទ្រទ្រង់និរន្តរភាព របស់មន្ទីរពេទ្យគន្ធបុប្ផាទាំង៥ ទីតាំង ដោយរក្សាបាននូវគោលការណ៍ ផ្តល់សេវាដោយឥតគិតថ្លៃ និងប្រកបដោយគុណភាពខ្ពស់។

ការចូលរួមបរិច្ចាគធនធាន ចូលទៅក្នុងមូលនិធិគន្ធបុប្ផា គឺជាកាយវិការសប្បុរសដ៏ប្រពៃរបស់ជនជាតិកម្ពុជា ដើម្បីជួយសង្គ្រោះកុមារកម្ពុជា ដែលជាទំពាំងស្នងឬស្សីរបស់ប្រទេសជាតិ នៅក្រោមពាក្យស្លោក «ភាពញញឹមរបស់កុមារគឺជាអនាគតដ៏ភ្លឺស្វាងរបស់កម្ពុជា»