(ភ្នំពេញ)៖ ប្រធានក្រុមប្រឹក្សាភិបាលធនាគារចិន លោក ឆេន ស៊ីឈីង (Chen Siqing) បានចូលជួបសម្តែងការគួរសម ជាមួយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅក្នុងឱកាសបំពេញទស្សនកិច្ច នៅប្រទេសចិន នាថ្ងៃទី២២ ខែមករា ឆ្នាំ២០១៩នេះ។

នៅក្នុងជំនួបសម្តែងការគួរសមនោះ លោក ឆេន ស៊ីឈីង (Chen Siqing) បានអះអាងប្រាប់សម្តេចតេជោ ហ៊ុន សែន ថាលោកនឹងបន្តវិនិយោគនៅក្នុងប្រទេសកម្ពុជា ហើយជាពិសេសគឺផ្តល់ទុនសម្រាប់ក្រុមហ៊ុននានាវិនិយោគ នៅក្នុងប្រទេសកម្ពុជា។

លោក ឆេន ស៊ីឈីង (Chen Siqing) ប្រធានក្រុមប្រឹក្សាភិបាលធនាគារចិន បានថ្លែងថា ធនាគាររបស់លោកបានធ្វើការជាច្រើនឆ្នាំមកហើយនៅក្នុងប្រទេសកម្ពុជា។ តំណាងធនាគារបានលើកឡើងថា នៅក្នុងប្រទេសចិន បានចាត់ទុកសម្តេចតេជោ ហ៊ុន សែន ជាមិត្តភ័ក្តិចាស់របស់ប្រទេសចិន ហើយកន្លងមកនេះភាគីចិនតែងតែចាត់ទុកទំនាក់ទំនង សម្តេចនាយករដ្ឋមន្ត្រី ជាមួយលោកប្រធានាធិបតី ស៊ី ជីនពីង មានលក្ខណៈជិតស្និទ្ធ និងស្និទ្ធស្នាល។

តំណាងភាគីចិន បានថ្លែងថា លោកពិតជាអរគុណចំពោះការគាំទ្រកន្លងមករបស់សម្តេចតេជោ ហ៊ុន សែន ក៏ដូចជារាជរដ្ឋាភិបាល។ លោកនឹងប្រឹងប្រែងធ្វើយ៉ាងណាឱ្យគំនិតផ្តួចផ្តើមនយោបាយខ្សែក្រវាត់មួយ ផ្លូវមួយ និងយុទ្ធសាស្ត្រចតុកោណរបស់រាជរដ្ឋាភិបាលកម្ពុជា មានការស៊ីសង្វាក់ និងប្រទាក់ក្រឡាគ្នា។

តំណាងភាគីចិន បានលើកឡើងថា ក្រោយពេលបានស្តាប់ប្រសាសន៍របស់សម្តេចហើយ លោកវាយតម្លៃកម្ពស់ចំពោះចក្ខុវិស័យដឹកនាំរបស់សម្តេច ពោលសម្តេចមានចក្ខុវិស័យដឹកនាំច្បាស់លាស់ក្នុងការធ្វើឱ្យប្រទេសកម្ពុជាមានការអភិវឌ្ឍក្លាយជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០។

ជាការឆ្លើយតប សម្តេចតេជោ ហ៊ុន សែន បានលើកឡើងអំពីតម្រូវការនៃទុនជាច្រើន ហើយសព្វថ្ងៃនេះចិន មានទុនច្រើន ហើយមានសាខាច្រើននៅលើពិភពលោក ដូច្នេះធនាគារចិនអាចជួយសម្រេចនូវតម្រូវការមួយនេះ។ សម្តេចតេជោ ហ៊ុន សែន បានអញ្ជើញប្រធានធនាគារចិន អញ្ជើញទស្សនកិច្ចនៅកម្ពុជា ដើម្បីពិនិត្យគម្រោងវិនិយោគនានា ដែលគាំទ្រដោយធនាគារចិន។

សម្តេចតេជោ ក៏បានមានប្រសាសន៍ដែរថា សម្តេចចង់ឃើញឱ្យមានការចុះកិច្ចព្រមព្រៀងនៃគម្រោងទាំងឡាយដែលស្ថិតនៅក្រោមគម្រោងនយោបាយខ្សែក្រវាត់ និងផ្លូវ។ ជាពិសេសសម្តេចបានចាត់តាំងឱ្យក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលជាស្ថាប័នរបស់រដ្ឋធ្វើការជាមួយធនាគារចិន។

សម្តេចតេជោ ក៏បានមានប្រសាសន៍ដែរថា សម្តេចចាប់អារម្មណ៍ចំពោះការប្រកាសរបស់ លោកប្រធានាធិបតី ស៊ី ជិនពីង ក្នុងការបង្កើតវិថីសូត្រសតវត្សរ៍ទី២១នេះឡើង ដែលជាចំណុចដ៏សំខាន់សម្រាប់ការអភិវឌ្ឍប្រទេសជាសមាជិក។

សម្រាប់កម្ពុជាសម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា អាទិភាពរបស់កម្ពុជាទាំងអស់ទាំងរដ្ឋ និងឯកជន គឺផ្តោតសំខាន់ទៅលើវិស័ធំៗចំនួន៤ គឺការអភិវឌ្ឍធនធានមនុស្ស ទឹក ផ្លូវ និងភ្លើង ដែលជាវិស័យសំខាន់ៗសម្រាប់រាជរដ្ឋាភិបាល។ សម្រាប់ការអភិវឌ្ឍធនធានមនុស្សនេះ សម្តេចតេជោ ចង់ឱ្យចិនផ្តល់នូវជំនួយឥតសំណង ដើម្បីចូលរួមបណ្តុះបណ្តាលធនធានមនុស្ស សម្រាប់ហេដ្ឋារចនាសម្ព័ន្ធ មានផ្លូវ ស្ពាន ព្រលានយន្ត និងកំពង់ផែជាដើមត្រូវការទុនជាច្រើនពីមិត្តចិន។

សម្តេចតេជោ ស្នើឱ្យធនាគារចិនផ្តល់ទុនសម្រាប់ក្រុមហ៊ុនទាំងឡាយ ដែលវិនិយោគទៅលើការបណ្តុះបណ្តាល ប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធ ក៏ដូចជាលើវិស័យកសិកម្មជាដើម ដើម្បីជំរុញការកែច្នៃកសិផលរបស់កម្ពុជា។ សម្តេចតេជោ ក៏បានគូសបញ្ជាក់ដែរថា ថាមពលអគ្គិសនី ក៏ជារឿងសំខាន់ផងដែរសម្រាប់កម្ពុជា។ ក្នុងន័យនេះសម្តេចតេជោ ហ៊ុន សែន ស្នើធនាគារចិនបន្តគាំទ្រដល់ការកសាងខ្សែបណ្តាញចែកចាយអគ្គិសនីនេះ។

សម្តេចតេជោនាយករដ្ឋមន្ត្រី ក៏បានបញ្ជាក់ផងដែរថា កម្ចីរបស់កម្ពុជានាពេលកន្លងទៅ គឺមានគោលដៅសំខាន់បំផុតក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ច ដូច្នេះសម្តេចស្នើធនាគារចិនផ្តល់ការប្រាក់ឱ្យបានទាបទៅលើកម្ចីនោះ។ សម្តេចនាយករដ្ឋមន្ត្រី បានបង្ហាញគាំទ្រឱ្យមានការចុះហត្ថលេខារវាងធនាគារចិន ជាមួយស្ថាប័នរបស់កម្ពុជានូវរាល់គម្រោងទាំងឡាយ ដែលស្ថិតក្រោមនយោបាយខ្សែក្រវាត់ និងផ្លូវ ក៏ដូចជាស្ថិតនៅក្នុងគោលនយោបាយយុទ្ធសាស្ត្រចតុកោណរបស់រាជរដ្ឋាភិបាលកម្ពុជា។ សម្តេចតេជោ ក៏បានគូសបញ្ជាក់ថា បើគម្រោងវិនិយោគស្ថិតនៅក្រោមនយោបាយខ្សែក្រវាត់ និងផ្លូវទទួលបានជោគជ័យ នោះគំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវ របស់លោកប្រធានាធិបតីចិន ក៏ជោគជ័យផងដែរ។

សម្តេចតេជោ ហ៊ុន សែន បានទទួលយកការអញ្ជើញរបស់ប្រធានធនាគារចិន និងរកពេលវេលាសមស្របទៅទស្សនកិច្ចនៅទីស្នាក់ការកណ្តាលរបស់ធនាគារ។

ប្រធានធនាគាររបស់ចិន បានថ្លែងអំណរគុណសម្តេចតេជោ ហ៊ុន សែន ដែលបានផ្តល់អនុសាសន៍នានា។ លោក ក៏បានគោរពអញ្ជើញសម្តេចនាយករដ្ឋមន្ត្រីទៅទស្សនាទីស្នាក់ការកណ្តាលរបស់ធនាគារពេលសម្តេចអញ្ជើញចូលរួមកិច្ចប្រជុំកំពូលនៃគំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវនាខែមេសាខាងមុខ ដើម្បីសម្តេចបានធ្វើជាអធិបតីក្នុងពិធីចុះហត្ថលេខាផ្តល់ឥណទានលើគម្រោងនានាស្ថិតក្រោមនយោបាយខ្សែក្រវាត់ និងផ្លូវ ក៏ដូចស្ថិតក្រោមនយោបាយចតុកោណរបស់រាជរដ្ឋាភិបាលកម្ពុជា។

ឆ្នាំនេះប្រទេសចិននឹងរៀបចំកិច្ចប្រជុំកំពូលនៃខ្សែក្រវាត់មួយ ផ្លូវមួយ នាខែមេសា ខាងមុខនេះ ធនាគារចិន នឹងមានការចុះកិច្ចព្រមព្រៀងមួយចំនួន ដើម្បីផ្តល់ឥណទានដល់ក្រុមហ៊ុននានា ដែលស្ថិតនៅក្នុងគម្រោងនយោបាយខ្សែក្រវាត់ និងផ្លូវ។

ភាគីចិនក៏បានឆ្លៀតថ្លែងអំណរគុណសម្តេចតេជោ ដែលបានអនុញ្ញាតឱ្យរូបលោកបានជួបកាលពីឆ្នាំ២០១៥កន្លងទៅ ដោយសម្តេចបានផ្តល់អនុសាសន៍ជាច្រើនសម្រាប់ការវិនិយោគនៅកម្ពុជា ហើយធនាគាររបស់លោក ក៏បានចូលរួមបណ្តុះបណ្តាលជាច្រើនដល់មន្ត្រីរបស់កម្ពុជា។ លោកតំណាងភាគីចិន សង្ឃឹមថា លោកនឹងបានអញ្ជើញមកទស្សនកិច្ចនៅកម្ពុជា និងបានចូលជួបសម្តែងការគួរសមជាមួយសម្តេចជាថ្មីម្តងទៀត៕