(ភ្នំពេញ)៖ ដោយមើលឃើញនូវទុក្ខសោក និងការអាណិតអាសូរចំពោះក្មេងរងគ្រោះ ដែលស្ថិតក្នុងសភាពរបួសធ្ងន់ ហើយកំពុងសង្រ្គោះបន្ទាន់នៅមន្ទីរពេទ្យគន្ធបុប្ផា ក្រោមការធ្វើទារុណកម្ម ពីអ៊ុំរបស់ខ្លួននោះ នៅថ្ងៃទី២២ ខែមករា ឆ្នាំ២០១៩នេះ លោក ម៉ូវ ម៉ានិត អភិបាលខណ្ឌសែនសុខ និងមន្រ្តីក្រុមការងារ បានអញ្ជើញចុះទៅសាកសួរសុខទុក្ខ ព្រមទាំងជួយឧបត្ថម្ភជាថវិកាមួយចំនួនផងដែរ។

សូមបញ្ជាក់ថា ក្មេងប្រុសម្នាក់ដែលត្រូវអ៊ុវាយធ្វើបាប រហូតបាក់ឆ្អឹងដងកាំបិតខាងស្ដាំ និងរបួសពេញខ្លួនប្រាណ ពេលម្ដាយយកទៅផ្ញើ ដោយសារជាប់ទៅធ្វើការនៅខេត្ត ហើយផ្ទុះការចែកចាយពេញបណ្ដាញសង្គម Facebook នោះ ពេលនេះជនដៃដល់ត្រូវកម្លាំងនគរបាលខណ្ឌសែនសុខឃាត់ខ្លួន យកមកសួរនាំពាក់ព័ន្ធជាមួយការប្រើប្រាស់អំពើហិង្សា លើកុមារខាងលើនេះ។

លោកវរសេនីយ៍​ឯក ហ៊ួរ ម៉េងវ៉ាង អធិការនគរបាលខណ្ឌសែនសុខ បានប្រាប់អង្គភាព Fresh News ឲ្យដឹងនៅព្រឹកថ្ងៃទី២២ ខែមករា ឆ្នាំ២០១៩នេះថា កម្លាំងនគរបាលរបស់លោក បានធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធ​ករណីហិង្សាលើកុមារអាយុ០៤ឆ្នាំ ដោយប្រើអំបោសខ្សែក្រវ៉ាត់ និងជើងវាយធាក់បណ្តាឲ្យរបួស និងបាក់ឆ្អឹងដងកាំបិតខាងស្តាំ នៅចំណុចផ្ទះសង់ថ្មី ផ្លូវរថភ្លើង ភូមិដីថ្មី សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ។

បើតាមលោកអធិការជនបង្កឈ្មោះ ​​ប៉ែន ចាន់ត្រា ​អាយុ៣៤ឆ្នាំ មុខរបររត់ម៉ូតូកង់បី ស្នាក់នៅផ្ទះសង់ថ្មី ផ្លូវរថភ្លើង ភូមិដីថ្មី សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ ត្រូវជាអ៊ុរបស់កុមាររងគ្រោះ ឈ្មោះ ហ៊េល ទេវា អាយុ០៤ឆ្នាំ ស្នាក់នៅក្នុងបន្ទុកជាមួយជនសង្ស័យខាងលើ។

លោកបញ្ជាក់ថា មុនពេលកើតហេតុ ប៉ុស្តិ៍រដ្ឋបាលគោកឃ្លាង បានទទួលព័ត៌មានពីប្រជាពលរដ្ឋតាមទូរស័ព្ទថា នៅចំណុចខាងលើ​មានមនុស្សប្រុសម្នាក់ បានប្រើអំពើហិង្សាលើកុមារ បណ្តាឲ្យមានរបួស។

ក្រោយពីទទួលព័ត៌មាន​សមត្ថកិច្ច ​បានចុះដល់ចំណុចកើតហេតុ ធ្វើការស្រាវជ្រាវ និង​ឃាត់ខ្លួនជនសង្ស័យខាងលើ យកមកធ្វើការសាកសួរ និងដោយមានចម្លើយសារភាពរបស់ជនសង្ស័យថា ខ្លួនពិតជាបានធ្វើការប្រើអំពើហិង្សា លើកុមាររងគ្រោះ ដោយការវាយ និ​ងអំបោស ខ្សែក្រវ៉ាត់ ទាត់ធាក់បណ្តាឲ្យបាក់ឆ្អឹងដងកាំបិតខាងខាងស្តាំ ដោយសារកុមាររងគ្រោះចេះតែបោះ​សម្ភារក្នុងផ្ទះចេញក្រៅផ្ទះ ដែលហេតុធ្វើឲ្យខ្លួនខឹង ក៏ប្រើអំពើហិង្សា​តែម្តង​។​

បច្ចុប្បន្នកុមាររងគ្រោះត្រូវបានប្រជាពលរដ្ឋ និងសមត្ថកិច្ច​នាំយកទៅព្យាបាលនៅមន្ទីរពេទ្យគន្ធបុប្ផាទី១ ខាងក្រោយវត្តភ្នំ ខណៈដែលជនសង្ស័យកំពុងឃាត់ខ្លួននៅ អធិការដ្ឋាននគរបាល ខណ្ឌសែនសុខ ដើម្បីអនុវត្តតាមនីតិវិធី​។​​

តាមការចែកចាយក្នុងបណ្ដាញសង្គម Facebook នោះបានអះអាងថា ម្ដាយឪពុករបស់កុមារខាង ទៅធ្វើការនៅខេត្តព្រះសីហនុ ហើយផ្ញើ​កូននៅបងប្រុស​ដែលត្រូវជាអ៊ុក្មេងប្រុស ហើយត្រូវអ៊ុវៃដំសឹងរាល់ថ្ងៃ ពោល​វៃក្មេងរងគ្រោះរហូតឡើងកកឈាមដុំៗ ហើយទ្រោមខ្លួនដើរលែងចង់រួច។ ទន្ទឹមនឹងការចែកចាយនេះ អ្នកប្រើប្រាស់បណ្ដាញសង្គម ក៏បានអំពាវនាវដល់សមត្ថកិច្ចចាត់វិធានការជនបង្កទៅតាមផ្លូវច្បាប់ ព្រោះទង្វើនេះហាក់ដូចជាឃោរឃៅពេកហើយ៕​