(ភ្នំពេញ)៖ ក្រោយមានប្រកាសរបស់ក្រសួងមហាផ្ទៃ និងសេចក្ដីសម្រេចរបស់អគ្គស្នងការនគរបាលជាតិ នៅព្រឹកថ្ងៃទី២២ ខែមករា ឆ្នាំ២០១៩នេះ នៅសាលាខណ្ឌឫស្សីកែវ បានរៀបចំពិធីផ្ទេរភារកិច្ច តែងតាំងមុខតំណែង និងបំពាក់ឋានន្តរស័ក្កិជូនមន្ដ្រីនគរបាលជាតិ ផែនអន្តោប្រវេសន៍ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ និងអធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវ ចំនួន២៩រូប។

ពិធីនេះត្រូវបានធ្វើឡើងក្រោមអធិបតីភាព លោក ជា ពិសី ជំនួយការសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ​នៃកម្ពុជា និងជាអភិបាលខណ្ឌឫស្សីកែវ, លោកឧត្តមសេនីយ៍ត្រី ពិត បញ្ញា ស្នងការរង នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ, លោកវរសេនីយ៍ឯក សរ សំណាង ស្នងការរងនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ តំណាង​លោកឧត្តមសេនីយ៍ ស ថេត អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ, លោកវរសេនីយ៍ទោ គល់ យី អធិការនគរបាលខណ្ឌឫស្សីកែវ​, លោកវរសេនីយ៍ឯក ងួន ស៉ីរ៉ា នាយការិយាល័យបុគ្គលិក និងលោកវរសេនីយ៍ទោ ផូ សារិទ្ធិ នាយរងការិយាល័យបុគ្គលិក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ។

លោកឧត្តមសេនីយ៍ត្រី ពិត បញ្ញា បានណែនាំឲ្យ​កងកម្លាំងទាំងអស់ទទួលបានភារកិច្ចថ្មី និងបំពាក់ឋានន្ដរស័ក្ដិនេះ ធ្វើយ៉ាងណាឲ្យមានសាមគ្គីភាព កាន់តែរឹងមាំបន្ថែមទៀត ឈានទៅសម្រេចគោលការណ៍សំខាន់ៗ ដែលថ្នាក់លើដាក់ជូន​ក្នុងការបំពេញភារកិច្ច និងជៀសវាងឲ្យបានពីការថ្នាំងថ្នាក់រិះគន់ផ្សេងៗ មកលើមន្ត្រីនគរបាល ពីសំណាក់ប្រជាពលរដ្ឋ ​ពោល​ក្នុងនាមមន្ត្រីនគរបាលជាតិ ត្រូវមានឥរិយាបថទន់ភ្លន់ តែរឹងមាំ​។

បន្ថែមពីនេះ លោក ជា ពិសី ក៏បានថ្លែង​កោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំ កងកម្លាំងនគរបាល នៃរដ្ឋបាលខណ្ឌឫស្សីកែវ ដែលបានខិតខំបំពេញតួនាទី ភារកិច្ច និងបេសកកម្មរបស់ខ្លួន នាពេលកន្លងមកក្នុងបុព្វជាតិមាតុភូមិ រក្សាសន្តិសុខ សុវត្ថិភាពសង្គម សណ្ដាប់ធ្នាប់របៀបរៀបរយ និងផ្ដល់សេវាសាធារណៈ ជូន​ប្រជាពលរដ្ឋក្នុងដែនសមត្ថកិច្ចរបស់ខ្លួន ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ រហូតសម្រេចបានស្នាដៃការងារ និងសម្ធផលជាច្រើននាពេលកន្លងមកនេះ។

ប្រធានគណៈបញ្ជាការឯកភាពខណ្ឌឫស្សីកែវ ក៏បានចូលរួមអបអរសាទរ ចំពោះសមិទ្ធិផលសំខាន់ៗជាច្រើន ដែលកម្លាំងអធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវ សម្រេចបានមកដល់ពេលនេះ ដើម្បីសម្ដែងនូវការគាំទ្រ និងលើកទឹកចិត្តដល់ថ្នាក់ដឹកនាំកងកម្លាំង នៃអធិការដ្ឋាននគរបាលខណ្ឌ បន្តខិតខំបំពេញភារកិច្ចរបស់ខ្លួនឲ្យកាន់តែក្លាំងក្លាថែមទៀត ដើម្បីសម្រេចបាននូវសមិទ្ធិផលថ្មី ជូនជាតិមាតុភូមិ៕​