(រតនគិរី)៖ តំណាងអយ្យការអមសាលាដំបូងខេត្តរតនគិរី បានដឹកនាំកម្លាំងចុះអនុវត្តន៍សាលដីការបស់តុលាកាកំពូល ចុះទៅដកហូតដីលំនៅដ្ឋានពីស្រ្តីម្នាក់ ដែលគាត់អះអាងថា បានរស់នៅអស់រយៈពេលជាង៣០ឆ្នាំមកហើយ ព្រមទាំងមានប័ណ្ណកម្មសិទ្ធិកាន់កាប់ស្របច្បាប់ពីមន្រ្តីសុរិយាដីទៀតផង។

ចំណាត់ការនេះបានធ្វើឡើងថ្ងៃទី២១ ខែមករា ឆ្នាំ២០១៩ ដោយលោក រ៉ា បូរ៉ាន់ឌី ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តរតនគិរី បានដឹកនាំកម្លាំងសមត្ថកិច្ច ចុះអនុវត្តន៍សាលដីការបស់តុលាការ កំពូលលើសំណុំរឿងរដ្ឋប្បវេណីលេខ៣៤ ចុះថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៧ នៅចំណុចភូមិ១ សង្កាត់ឡាបានសៀក ក្រុងបានលុង ខេត្តរតនគិរី។

តាមរយៈសាលដីការបស់តុលាការកំពូលនេះ សម្រេចឲ្យឈ្មោះ សន សុវៃ ដែលមានប្ដីឈ្មោះ ឌី បូរ៉ា មានប័ណ្ណសំគាល់សិទ្ធិកាន់កាប់ប្រើប្រាស់ដីធ្លីលខAA.៤៧១ ស្ថិតនៅភូមិ១ ឃុំឡាបានសៀក ស្រុកទីរួមខេត្ត ខេត្តរតនគិរី ដែលបានចុះបញ្ជីត្រឹមត្រូវនៅអង្គភាពសុរិយាដីថ្ងៃទី១៤ ខែមិនា ឆ្នាំ១៩៩៤ ចុះហត្ថលេខាដោយលោក មាស សម័យ ការិយាល័យសុរិយោដីខេត្តនោះ ត្រូវប្រគល់ដីលំដ្ឋាន ដែលមានទំហំ ៣៣ម៉ែត្រគុណ៣៧ម៉ែត្រ។

ក្រៅពីនេះត្រូវប្រគល់ផ្ទះ២ខ្នងរួមមានទី១៖ ទំហំ ៥ គុណ ៧ម៉ែត្រ និងផ្ទះទី២៖ ទំហុំ៩ គុណ ១២ម៉ែត្រនៅក្នុងភូមិ១ សង្កាត់ឡាបានសៀក ក្រុងបានលុង ខេត្តរតនគិរី ប្រគល់ឲ្យទៅឈ្មោះ សន សុឃីម និងប្ដីឈ្មោះ ឌីន ឌី វិញ។

ស្ត្រីឈ្មោះ សន សុវៃ ដែលជាម្ចាស់ផ្ទះ និងដី ត្រូវតុលាការអនុវត្តន៍សាលដីកាតុលាការកំពូលនោះ បានប្រាប់ភ្នាក់ងារព័ត៌មាន Fresh News ថា តុលាការតម្រូវឲ្យគាត់ប្រគល់ដី និងផ្ទះខាងលើ ឲ្យទៅឲ្យឈ្មោះ សន សុឃីម ត្រូវជាប្អូនស្រីបង្កើតរបស់គាត់ ហើយគ្មានមានប័ណ្ណកាន់កាប់កម្មសិទ្ធិអ្វីទាំងអស់បែរជាឈ្នះក្ដី។ ចំណែកគាត់មានឯកសារគ្រប់គ្រាន់ ក្នុងការកាន់កាប់ដីធ្លីបែរជា ចាញ់ក្ដីទៅវិញ តើយុត្តិធម៌នៅត្រង់ណា?

ស្រ្តីរូបនេះ បានបន្តទៀតថា ដីនេះគាត់បានរស់នៅតាំងពីឆ្នាំ១៩៨៨ ហើយរដ្ឋអំណាចមូលដ្ឋាន ក៏បានអនុញ្ញាតផ្ដល់សិទ្ធិឲ្យគាត់រស់នៅ ព្រមទាំងបានផ្ដល់ប័ណ្ណកាន់កាប់ជូនគាត់ទៀតផង។

ជុំវិញករណីចុះអនុវត្តន៍សាលដីកានេះលោក រ៉ា បូរ៉ាន់ឌី បានបញ្ជាក់ថា ពេលនេះលោកគ្រាន់តែចុះអនុវត្តន៍តាមសាលដីការបស់តុលាការកំពូល ឲ្យមានប្រសិទ្ធភាពដើម្បីឲ្យភាគីឈ្នះក្ដី បានដី និងបានផ្ទះ។ លោកបន្តថា ទិដ្ឋភាពដែលបានឃើញមានការបង្ខិតបង្ខំនេះ ដោយសារគាត់មិនព្រមស្ម័គ្រចិត្តតែប៉ុណ្ណោះ។

ជាមួយនឹងការអនុវត្តសាលដីកាតុលាការកំពូលនៅពេលនេះដែរ ប្រជាពលរដ្ឋដែលបានស្គាល់ប្រវត្តិ នៃការរស់នៅកាន់កាប់ដីធ្លីរបស់ស្ត្រីឈ្មោះ សន សុវៃ បានឆ្ងល់ថា ហេតុអ្វីអ្នកដែលមានមាន ប័ណ្ណកម្មសិទ្ធិកាន់កាប់ត្រឹមត្រូវ ពីអាជ្ញាធរមូលដ្ឋានរហូតដល់ជំនាញសុរិយោដី បែរជាចាញ់ក្ដីប្អូនស្រី ដែលមិនមានឯកសារអ្វីទាំងអស់ឈ្នះក្ដីទៅវិញ?

យ៉ាងណាក៏ដោយ ភ្នាក់ងារព័ត៌មាន Fresh News មិនអាចសុំការបកស្រាយបន្ថែមលើករណីនេះ ពីប្អូនស្រីរបស់ខ្លួននោះទេ៕