(ព្រះសីហនុ)៖ ​​លោកឧត្តម​សេនីយ៍​ទោ ជួន ណារិន្ទ​ ស្នងការនគរបាលខេត្តព្រះសីហនុ នៅព្រឹកថ្ងៃទី២២ ខែមករា ឆ្នាំ២០១៩នេះ បាន​ដឹកនាំបើក​កិច្ច​ប្រជុំ​​ជា​បន្ទាន់​មួយ​ ដើម្បី​ផ្សព្វ​ផ្សាយ​ផែនការ​ ស្តី​ពី​កិច្ច​សហការ​ពង្រឹង​សន្តិសុខ សណ្តាប់​ធ្នាប់​សាធារណៈ​ និង​សុវត្ថិភាព​សង្គម​ក្នុងខេត្តទេសចរណ៍មួយ របស់​អគ្គ​ស្នងការ​ដ្ឋាន​នគរបាល​ជាតិ។

ក្នុងកិច្ចប្រជុំនោះក៏មានការចូលរួមពី​ លោក​ លោកស្រី​ស្នងការ​រង​ នាយ​ការិយាល័យ​ជំនាញ​ទាំងអស់​ លោក​អធិការ​នគរបាល​ក្រុង​ ស្រុក​ និង​នាយ​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​ទាំង​២​៩​ឃុំ​សង្កាត់​ទូទាំង​ខេត្ត​ព្រះសីហនុ។

បច្ចុប្បន្ន​នេះ​​ខេត្ត​ព្រះសីហនុ​ កំពុង​មាន​ការ​រីកចម្រើន​យ៉ាង​ឆាប់​រហ័ស​ទាំង​វិស័យ​ទេសចរណ៍​ រោងចក្រ​ សហគ្រាស​ ក៏ដូចជា​ វិស័យ​ហេដ្ឋារចនាសម័្ពនរឹង​ ជា​ពិសេស​សំណង់​សណ្ឋាគារ​ទំនើប​ៗ ព្រមទាំង​មាន​ការ​ហូរ​ចូល​នូវ​ជន​បរទេស​​យ៉ាង​ច្រើន​ ក្នុង​គោល​ដៅ​ទេសចរណ៍​ អាជីវកម្ម​ ពាណិជ្ជ​វិនិយោគ​។​ល។ ទន្ទឹម​នឹង​ការ​រីក​ចម្រើន​ខេត្ត​ព្រះសីហនុ​ ក៏បាន​កើត​ឡើង​នូវ​បញ្ហា​ប្រឈម​នានា​ផង​ដែរ​។

ថ្លែងក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ​ដាក់​ចេញ​នូវ​អនុ​សាសន៍​មួយ​ចំនួន​ ដើម្បី​ឲ្យ​អស់​កម្លាំងនគរបាលយកចិត្ត​ទុកដាក់​​​អនុវត្ត​បន្ត​​រួមមាន៖
*ទី១៖ គ្រប់​ប៉ុស្តិ៍​រដ្ឋបាល​ អធិការ​នគរបាល​ក្រុង​ ស្រុក​ ត្រូវ​ធ្វើ​ផែន​ការ​ សកម្ម​ភាព​ការងារ​​របស់​ខ្លួន​ សម្រាប់​ឆ្នាំ​ថ្មី​២០១៩​
*ទី២៖ ពង្រឹង​វិន័យ​​ការងារ​ប្រចាំ​ថ្ងៃ​ឡើង​វិញ​ ដូចជា​ការ​គោរព​ទង់ជាតិ​ ការ​ប្រចាំការ​ ប្រចាំ​បញ្ជា​​ឲ្យ​បាន​ទៀងទាត់​
*ទី​៣៖ ត្រូវ​អនុវត្ត​ការងារ​គ្រប់​មុខជំនាញ​ទាំងអស់​ បម្រើ​ប្រជា​ពលរដ្ឋ​ឲ្យ​បាន​ល្អ​​ដោយ​ស្មោះ​ត្រង់។

លោក​ឧត្តម​សេនីយ៍​ស្នងការ​ ក៏បាន​លើកឡើង​នូវ​បញ្ហា​ប្រឈម​នានា​ ដែល​​កំពុង​កើត​​ និង​បន្ត​កើត​ឡើង​ទៅ​ថ្ងៃ​អនាគត​ក្នុង​​ខេត្ត​ព្រះសីហនុ ​ត្រូវ​ខិតខំប្រឹងប្រែង​យកចិត្ត​
*ទី​១៖ បទល្មើស​ព្រហ្មទណ្ឌ​ អំពើលួច​ ឆក់​ ប្លន់​ និង​ហិង្សា
*ទី​២៖ បញ្ហា​គ្រឿង​ញៀន​
*ទី៣៖ បញ្ហា​ហាង​ម៉ាស្សា​ខារ៉ាអូខេ​ បង្កប់​សេវាកម្ម​ជួញដូរ​ផ្លូវភេទ​
*ទី​៤៖ បញ្ហា​គ្រោះ​ថ្នាក់​ចរាចរណ៍​ និង​សណ្តាប់​ធ្នាប់​សាធារណៈ​ក្នុង​ក្រុង​
*​ទី​៥៖ ល្បែងស៊ីសង​ខុសច្បាប់​គ្រប់​ប្រភេទ​ ត្រូវ​លប់​បំបាត់​ឲ្យ​អស់​ពី​ក្នុង​មូលដ្ឋាន​៕