(ភ្នំពេញ)៖ បើទោះបីជាផលិតផលក្អមឆ្នាំង មិនសូវទទួលបានការពេញនិយម ពីសំណាក់អ្នកប្រើប្រាស់សម័យទំនើបនេះក៏ពិតមែន ប៉ុន្តែប្រជាពលរដ្ឋនៅក្នុងភូមិអន្លង់ឫស្សី ឃុំស្រែថ្មី ស្រុករលៀប្អៀរ ខេត្តកំពង់ឆ្នាំង ដែលល្បីថាជាតំបន់មានដីឥដ្ឋល្អជាងគេក្នុងការផលិតក្អមឆ្នាំងនោះ នៅតែបន្តអាជីពពីដូនតាមួយនេះជារៀងរាល់ថ្ងៃ។

ក្អមឆ្នាំងដែលលោកអ្នកធ្លាប់បានដឹងនោះ មិនមែនមានតែពីរបីមុខប៉ុណ្ណោះទេ ពោលគឺមានច្រើនប្រភេទ ច្រើនសណ្ឋានច្រើនណាស់ ហើយប្រើប្រាស់ជាប្រយោជន៍បានយ៉ាងច្រើនទៀតផង។

ភូមិអន្លង់ឫស្សី មិនត្រឹមតែជាកន្លែងផលិតតែក្អមឆ្នាំងមួយមុខនោះទេ យើងនឹកគិតមើលថាកន្លែងនោះអាចឱ្យភ្ញៀវទេសចរទៅទស្សនាបានដែរឬទេ? ហើយមួយវិញទៀត សហគមន៍សិប្បកម្មដ៏ពិសេសមួយនេះ ក៏អាចឱ្យភ្ញៀវទេសចរ ប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋានអាចចូលទៅសិក្សាស្វែងយល់ និងទិញវត្ថុប្រើប្រាស់ ក៏ដូចជាវត្ថុអនុស្សាវរីយ៍បានយ៉ាងពេញចិត្តផងដែរ។

ប្រធានមន្ទីរទេសចរណ៍ខេត្តកំពង់ឆ្នាំង លោក សេង សាលី បានលើកឡើងថា នៅក្នុងខេត្តកំពង់ឆ្នាំងមានកន្លែងសិប្បកម្មក្អមឆ្នាំងចំនួន២កន្លែង ដែលមួយកន្លែងស្ថិតនៅភូមិអណ្ដូងឫស្សី ឃុំស្រែថ្មី ស្រុករលាប្អៀរ និងមួយកន្លែងទៀត ស្ថិតនៅភូមិបញ្ចគោល ឃុំជ្រៃបាក់ ស្រុករលាប្អៀរដូចគ្នា។

កំពុងអង្គុយធ្វើផើមដី និងវត្ថុអនុស្សាវរីយ៍ផ្សេងទៀត ជាមួយកូនស្រីពីរនាក់នៅក្រោមផ្ទះសមរម្យមួយ លោកស្រី ពៅ សំប៊ន ដែលជាសិប្បករចំណានមួយរូបក្នុងភូមិអណ្ដូងឫស្សី បានរៀបរាប់ត្រួសៗប្រាប់ក្រុមការងារ Fresh News ពីមុខរបរតពីដូនតាមួយនេះ ដោយលោកស្រីបានប្រាប់ពីដំណើរការផលិត ការលក់ដូរ និងការងារពាក់ព័ន្ធមួយចំនួនទៀតផងដែរ។

ក្រោមការខិតខំរបស់រដ្ឋបាលខេត្តកំពង់ឆ្នាំង មន្ទីរទេសចរណ៍ខេត្ត និងស្ថាប័នពាក់ព័ន្ធមួយចំនួន ប្រជាពលរដ្ឋក្នុងសហគមន៍ផលិតក្អមឆ្នាំងអណ្ដូងឫស្សីនេះ បានទទួលការអប់រំ ការបណ្ដុះបណ្ដាលពីមន្ត្រី និងអង្គការសង្គមស៊ីវិលជាបន្តបន្ទាប់ ពិសេសគឺអង្គការ JICA របស់ជប៉ុន ព្រមទាំងបានពង្រីកការផ្សព្វផ្សាយពីតំបន់ផលិតក្អមឆ្នាំងនេះផងដែរ។

ជាមួយនឹងសកម្មភាពខិតខំលើកស្ទួយសហគមន៍ផលិតក្អមឆ្នាំងអណ្ដូងឫស្សីនេះ លោកប្រធានមន្ទីរទេសចរណ៍ ក៏បានអំពាវនាវបន្ថែមទៅដល់ប្រជាពលរដ្ឋ ក៏ដូចជាភ្ញៀវទេសចរអន្តរជាតិផងដែរ សូមអញ្ជើញមកទស្សនា ស្វែងយល់ និងទិញវត្ថុអនុស្សាវរីយ៍ និងវត្ថុប្រើប្រាស់នានាពីកន្លែងផលិតក្អមឆ្នាំង នៅភូមិអណ្ដូងឫស្សីនេះឱ្យបានកាន់តែច្រើន ដើម្បីចូលរួមលើកស្ទួយវិស័យទេសចរណ៍ជាតិ លើកស្ទួយផលិតផលដែលជាកេរតំណែលបន្សល់តពីដូនតា ព្រមទាំងចូលរួមលើកស្ទួយជីវភាពប្រជាពលរដ្ឋនៅក្នុងតំបន់នេះផងដែរ៕