(កំពង់ចាម)៖ អភិបាលខេត្តកំពង់ចាម លោក គួច ចំរើន បានថ្លែងណែនាំឲ្យអភិបាលស្រុកចំនួន៤ ត្រូវយកចិត្តទុកដាក់ ពិនិត្យមើលឡើងវិញអំពីបញ្ហាខ្វះទឹក ដោយសារតែកន្លងមក នៅស្រុកមួយចំនួន ជួបនូវបញ្ហាគ្រោះរាំងស្ងួតរួចមកហើយ ដែលធ្វើឲ្យប្រជាពលរដ្ឋ ខ្វះទឹកប្រើប្រាស់។

លោកអភិបាលខេត្ត បានលើកឡើងដូច្នេះ នៅថ្ងៃទី២១ ខែមករា ឆ្នាំ២០១៩ នៅក្នុងកិច្ចប្រជុំ ប្រចាំឆ្នាំ២០១៨ ក្នុងក្របខ័ណ្ឌគម្រោងកាត់បន្ថយភាពក្រីក្រ និងអភិវឌ្ឍន៍កសិកម្មខ្នាតតូច តំបន់បឹងទន្លេសាប ជំហានទី២ នៅសាលប្រជុំតូច សាលាខេត្តកំពង់ចាម។

លោកអភិបាលខេត្ត បានថ្លែងថា កន្លងមកបញ្ហាខ្វះទឹកនេះ បានជួបប្រទះនៅស្រុកចំនួន៤ ក្នុងនោះមាន ស្រុកកងមាស ស្រុកបាធាយ ស្រុកចំការលើ ស្រុជើងព្រៃ។ ដូច្នេះអភិបាលស្រុក ត្រូវពិនិត្យឡើងវិញ ថាតើប្រជាពលរដ្ឋ នៅមានអណ្ដូងអាចប្រើប្រាស់បានចំនួនប៉ុន្មាន និងអណ្ដូងដែលបានខូចខាតចំនួនប៉ុន្មាន ដើម្បីឲ្យអាជ្ញាធរខេត្ត រកវិធានការជួយដល់ពួកគាត់ឲ្យមានទឹកប្រើប្រាស់គ្រប់គ្រាន់។

លោកបានបញ្ជាក់ថា «បញ្ហាកង្វះទឹក ដែលប្រជាពលរដ្ឋបានជួបប្រទះកន្លងមកទៅហើយ ដូច្នេះមកដល់ពេលនេះ អាជ្ញាធរស្រុកត្រូវតែពិនិត្យមើលភាពជាក់ស្ដែង បើសិនជាឃើញថាពួកគាត់កំពុងជួបការលំបាកការខ្វះទឹកនេះ យើងត្រូវរួមគ្នាដើម្បីរកដំណោះស្រាយ ជូនប្រជាពលរដ្ឋឲ្យបានមុនពេល ដែលពួកគាត់ជួបនូវគ្រោះរាំងស្ងួតមកដល់នោះ ទើបយើងនាំគ្នាដឹកទឹកទៅចែកជូនគាត់នោះ មិនប្រសើរនោះទេ«។

ជាមួយគ្នានោះដែរ គួច ចំរើន បានពន្លឿនខាងរដ្ឋាករទឹកខេត្តកំពង់ចាម ឲ្យរួមសហការជាមួយនឹងសេវាករ របស់ខ្លួន ធ្វើយ៉ាងណារៀបចំបណ្ដាញទឹក ឲ្យបានលឿនបំផុតទៅតាមតំបន់ទីជនបទ ដែលបងប្អូនប្រជាពលរដ្ឋ កំពុងត្រូវការបណ្ដាញទឹកស្អាតដើម្បីប្រើប្រាស់ ព្រោះថាការងារនេះ គឺជាការចាំបាច់ ដើម្បីបំពេញ សេចក្តីត្រូវការរបស់បងប្អូនប្រជាពលរដ្ឋ៕