(ភ្នំពេញ)៖ ក្រសួងបរិស្ថាន នៅថ្ងៃទី២១ ខែមករា ឆ្នាំ២០១៩នេះ បានចេញសេចក្តីជូនដំណឹង ស្តីពីវិធានការការពារ និងទប់ស្កាត់ភ្លើងឆេះព្រៃ ក្នុងតំបន់ការពារធម្មជាតិនិងរបៀងអភិរក្សជីវៈចម្រុះ។

តាមសេចក្តីជូនដំណឹងរបស់ក្រសួងបរិស្ថាន បានឲ្យដឹងថា យោងតាមសារាចរណែនាំចុះថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៩ របស់រាជរដ្ឋាភិបាលកម្ពុជា ស្តីពីការចាត់វិធានការថែរក្សាទឹកទុក ខណៈកម្ពុជានឹងទទួលរង (ដោយប្រយោល) ពីឥទ្ធិពលបាតុភូត អែលនីណូ (El Nino) នឹងបង្កឱ្យធាតុអាកាសនារដូវប្រាំងនេះ (ពិសេសក្នុងខែមេសា និងឧសភា) មានសភាពក្តៅហួតហែង សីតុណ្ហភាពអតិបរមា នៅពេលខ្លះអាចហក់ឡើងដល់ ៤០អង្សា ទៅ៤២អង្សា។​ អាកាសធាតុក្តៅហួតហែងរបៀបនេះ នឹងធ្វើឱ្យព្រៃឈើនៅក្នុងប្រទេសកម្ពុជា ងាយទទួលរងនូវបាតុភូតភ្លើងឆេះព្រៃ ដោយសារកត្តាធម្មជាតិ និងសកម្មភាពមនុស្ស។

តាមការកត់សម្គាល់របស់ក្រសួងបរិស្ថាន និងយោងតាមរបាយការណ៍ ពីថ្នាក់ក្រោមជាតិ ថ្នាក់ជាតិនិងថ្នាក់តំបន់ បញ្ហាភ្លើងឆេះព្រៃតែងតែកើតមាននៅក្នុងតំបន់ការពារធម្មជាតិ និងរបៀងអភិរក្ស ជីវៈ ចម្រុះនានារបស់ប្រទេសកម្ពុជាជារៀងរាល់ឆ្នាំ ជាពិសេសក្នុងរដូវប្រាំង។ កត្តាចម្បងដែលបង្កឱ្យមាន ភ្លើងឆេះព្រៃញឹកញាប់បំផុតនារដូវប្រាំង មានជាអាទិ៍៖ ការកាប់ឆ្ការដុតរានព្រៃធ្វើជាកម្មសិទ្ធិ ដើម្បីដាំដំណាំកសិកម្មផ្សេងៗ, ការធ្វើកសិកម្មពនេចរ, ការតាំងទីលំនៅថ្មីៗ និងការដុតព្រៃដើម្បីចាប់សត្វព្រៃ និងការធ្វេសប្រហែសរបស់មនុស្ស។

បើតាមសេចក្តីជូនដំណឹងដដែល ដើម្បីបង្ការនិងទប់ស្កាត់ភ្លើងឆេះព្រៃ ក្រសួងបរិស្ថាន សូមធ្វើសេចក្តីណែនាំដល់អង្គភាពជំនាញ រដ្ឋបាលថ្នាក់ក្រោមជាតិ មន្ទីរបរិស្ថាន អាជ្ញាធរមានសមត្ថកិច្ច រួមទាំងសហគមន៍មូលដ្ឋាន និងអ្នកពាក់ព័ន្ធទាំងអស់ ឱ្យអនុវត្តវិធានការចំនួន៦ដូចខាងក្រោម៖

១៖ ទប់ស្កាត់ និងណែនាំឱ្យមានការប្រុងប្រយ័ត្នខ្ពស់ពីការប្រើប្រាស់ភ្លើងជាមធ្យោបាយ ដើម្បីប្រមូលផល អនុផលព្រៃឈើ ការដុតព្រៃស្ទាក់ចាប់សត្វ និងការដុតវាលស្មៅ។

២៖ ទប់ស្កាត់ការកាប់ឆ្ការទន្ទ្រាន ឈូសឆាយ ដុតព្រៃឈើ និងព្រៃលិចទឹក ក្នុងគោលបំណងផ្សេងទៀត ដែលជាសកម្មភាពល្មើសច្បាប់ និងបង្កឱ្យមានភ្លើងឆេះព្រៃឈើ ព្រៃលិចទឹក និងរាលដាលដល់ផ្ទះសម្បែងរបស់ប្រជាពលរដ្ឋ ស្នាក់ការ ស្នាក់ការរង និងហេដ្ឋារចនាសម្ព័ន្ធរូបវន្តនានា នៅក្នុង និងជុំវិញតំបន់ការពារធម្មជាតិ។

៣៖ ត្រូវប្រុងប្រយ័ត្នខ្ពស់ក្នុងការប្រើភ្លើងជាមធ្យោបាយ ក្នុងការដុតកាកសំណល់ផ្សេងៗ នៅក្នុងនិងតំបន់ជុំវញការពារធម្មជាតិ។

៤៖ មន្ទីរបរិស្ថានរាជធានី-ខេត្ត ត្រូវណែនាំអ្នកពាក់ព័ន្ធ អនុវត្តវិធានការបច្ចេកទេសសមស្រប ដែលអាចធានាសុវត្ថិភាព ចំពោះភ្លើងព្រៃដោយត្រូវពន្លត់ភ្លើងឱ្យអស់ជាចាំបាច់ មុនពេលចាកចេញពីទីតាំងប្រើប្រាស់ភ្លើងនោះ។

៥៖​ ក្នុងករណីកើតមានភ្លើងឆេះព្រៃធ្ងន់ធ្ងរ សូមសមត្ថកិច្ចពាក់ព័ន្ធប្រញាប់ចាត់វិធានការទប់ស្កាត់ជាបន្ទាន់ តាមរយៈការប្រកាសអាសន្ន ហើយគណៈបញ្ជាការឯកភាពរាជធានី-ខេត្ត ត្រូវដឹកនាំបញ្ជាផ្ទាល់ក្នុងការប្រើកម្លាំងចម្រុះរួមមាន ប្រជាពលរដ្ឋ សហគមន៍ ព្រះសង្ឃ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងអ្នកពាក់ព័ន្ធទាំងអស់ ដែលឈរជើងនៅក្នុងមូលដ្ឋាននោះ រួមគ្នាទប់ស្កាត់ និងពន្លត់ភ្លើងព្រៃឱ្យមានប្រសិទ្ធភាព។

៦៖ ត្រូវសហការជាមួយរដ្ឋបាលថ្នាក់ក្រោមជាតិពាក់ព័ន្ធ ក្នុងការហាមឃាត់ចូលប្រើប្រាស់ដីព្រៃឈើ និងព្រៃលិចទឹក ដែលឆេះរួច ដើម្បីទុកលទ្ធភាពឱ្យរុក្ខជាតិដុះឡើងវិញតាមលក្ខណៈធម្មជាតិ ឬដាំស្តារឡើងវិញ។

ក្រសួងបរិស្ថានសូមរំលឹកថា អនុលោមតាមច្បាប់ស្តីពីតំបន់ការពារធម្មជាតិ មាត្រា ៦២ ការបង្កឱ្យមានភ្លើងឆេះព្រៃដោយចេតនា ជាបទល្មើសធនធានធម្មជាតិថ្នាក់ទី៤ ដែលត្រូវផ្តន្ទាទោស និងផាកពិន័យជាប្រាក់។ តាមរយៈសេចក្តីជូនដំណឹងនេះ ក្រសួងបរិស្ថាន មានជំនឿ និងទំនុកចិត្តចំពោះគ្រប់អង្គភាពជំនាញរដ្ឋបាលថ្នាក់ក្រោមជាតិ កងកម្លាំងប្រដាប់អាវុធ សហគមន៍ ព្រះសង្ឃ និងប្រជាពលរដ្ឋទាំងអស់បានយល់ច្បាស់ពីករណីយកិច្ចក្នុងការការពារ ទប់ស្កាត់ និងបង្ការភ្លើងឆេះព្រៃ ដោយរួមសហការយ៉ាងជិតស្និទ្ធ ជាមួយនឹងមន្ទីរបរិស្ថានរាជធានី-ខេត្ត អនុវត្តតាមសេចក្តីជូនដំណឹងនេះ ប្រកបដោយប្រសិទ្ធភាពខ្ពស់៕