(ភ្នំពេញ)៖ ក្នុងគោលបំណងចូលរួម លើកស្ទួយសុខុមាលភាពប្រជាពលរដ្ឋ នៅថ្ងៃទី២១ ខែមករា ឆ្នាំ២០១៩នេះ មន្ត្រី​កាំកុងត្រូល​សាខាអាកាស​យានដ្ឋាន​អន្តរជាតិ​ភ្នំពេញ បានចុះត្រួតពិនិត្យ​គុណភាព​សុវត្ថិភាព​ ផលិតផលទំនិញ​ម្ហូបអាហារ​ នៅផ្សារពោធិ៍ចិនតុង រាជធានីភ្នំពេញ រកមិនឃើញមានសារធាតុគីមីហាមឃាត់នោះឡើយ។

ការចុះត្រួតពិនិត្យ​គុណភាពសុវត្ថិភាព ខាងលើនេះ ដឹកនាំដោយលោកអនុប្រធានប៉ុស្តិ៍ លោក ទិត សុខហ៊ីម ដោយមានកិច្ចសហការពី មន្ដ្រីមន្ទីរពាណិជ្ជកម្ម និងគណៈកម្មការផ្សារពោធិ៍ចិនតុង។

ក្នុងឱកាសនោះ មន្ដ្រីកាំកុងត្រូល ក៏បានអប់រំផ្សព្វផ្សាយ ស្តីពី​សុវត្ថិភាពម្ហូបអាហារ និងផលប៉ះពាល់ដល់សុខភាពធ្ងន់ធ្ងរ ក៏ដូចជាការប្រឈមនឹងមុខច្បាប់ ដល់អាជីវករដែលបាននាំយក និងទទួលមកដាក់លក់នូវរាល់មុខទំនិញដែលគ្មានគុណភាព និងគ្មានប្រភពដើមច្បាស់លាស់ជាដើម។

ក្រៅពីបាន ចែកជូនផ្ទាំផ្សព្វផ្សាយ (Poster) ស្តីពី​សុវត្ថិភាពម្ហូបអាហារដល់​អាជីវករ​ មន្ត្រីយើងក៏បានត្រួតពិនិត្យគ្រឿងកំប៉ុង និងមីកញ្ចប់គ្រប់ប្រភេទ ជាលទ្ធផលពុំឃើញមានច្រេសស៊ី ប៉ោងកំពិត ឬហួសកាលបរិច្ឆេតឡើយ៕