(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី២១ ខែមករា ឆ្នាំ២០១៩នេះ លោក ហែម ដារិទ្ធិ អភិបាលខណ្ឌ និងជាប្រធានកិត្តិយសអនុសាខាកាកបាទក្រហមខណ្ឌពោធិ៍សែនជ័យ រួមនឹងក្រុមការងារអនុសាខា និងមន្រ្តីកងរាជអាវុធហត្ថជាខណ្ឌច្រើនរូបទៀត បានអញ្ជើញសួរសុខទុក្ខ លោកអនុសេនីយឯក មាស វុទ្ធី ជំនួយការកងរាជអាវុធហត្ថខណ្ឌពោធិ៍សែនជ័យ ដែលមានជំងឺប្រចាំកាយ ទឹកនោមផ្អែម ទាជទឹក ដំណាក់ការធ្ងន់ធ្ងរ កំពុងសំរាកព្យាបាល នៅមន្ទីរពេទ្យព្រះកេតុមាលា។

បើតាមអ្នកស្រី តូច សារ៉ន ត្រូវជាភរិយា លោកអនុសេនីយឯក មាស វុទ្ធី បានឱ្យដឹងថា ប្តីរបស់គាត់ មានអាយុ៥៨ឆ្នាំ ជាមន្រ្តីកងរាជអាវុធហត្ថខណ្ឌពោធិ៍សែនជ័យក្នុងមុខដំណែង , គាត់មានជំងឺទឹកនោមផ្អែមជាង២ឆ្នាំមកហើយ។

ជាមួយនេះ ក្រុមគ្រួសារ និងកូនចៅ បានព្យាយាមនាំគាត់ទៅព្យាបាលនៅមន្ទីពេទ្យ ជាបន្តបន្ទាប់ផងដែរ តែប៉ុន្មានខែចុងក្រោយនេះ ស្ថានភាពជំងឺរបស់គាត់កាន់តែធ្ងន់ធ្ងរ ទើបថ្ងៃសៅរ៍សប្តាហ៍មុននេះ បានសម្រេចនាំមកកាន់មន្ទីរពេទ្យព្រះកេតុមាលានេះ ព្រោះស្ថិតក្នុងក្របខ័ណ្ឌយោធា។

បើតាមវេជ្ជបណ្ឌិតបានបញ្ចាក់ថា ជំងឺគាត់បានធូរស្រាលបន្តិចហើយ តែមិនទាន់អាចកំណត់ថ្ងៃឱ្យគាត់វិលត្រឡប់ទៅផ្ទះវិញថ្ងៃណានោះទេ ព្រោះពេទ្យនៅតាមដានបន្តទៀត។

លោក ហែម ដារិទ្ធ ក្នុងនាមគណៈអភិបាលខណ្ឌ និងក្រុមការងារ អនុសាខាកាកបាទក្រហមខណ្ឌពោធិ៍សែនជ័យ បានសម្តែងក្តីអាណិតអាសូ ចំពោះលោក មាស វុទ្ធី និងបានថ្លែងលើកទឹកចិត្ត សូមឱ្យព្យាយាមថែទាំសុខភាពជាបន្តទៀត ពិសេសអនុវត្តតាមការណែនាំរបស់វេជ្ជបណ្ឌិត ដែលសង្ឃឹមថា ជម្ងឺរបស់លោក នឹងឆាប់បានជាសះស្បើយ និងបានវិលត្រឡប់ទៅបំពេញ ការងារបំរើប្រជាពលរដ្ឋ ក្នុងមូលដ្ឋាន ជាធម្មតាឡើងវិញ។

ជាមួយនេះ ក្នុងនាមគណៈអភិបាលខណ្ឌ, មន្រ្តីកងរាជអាវុធហត្ថ និងក្រុមការងារអនុសាខាកាកបាទក្រហមខណ្ឌពោធិ៍សែនជ័យ នឹងនៅជិតលោកជានិច្ច ហើយតែងតែគាំទ្រលើកទឹកចិត្ត និងមិនបោះបង់ចោលមន្រ្តីណាម្នាក់ឡើយ។

ក្នុងឱកាសនោះ លោក ហែម ដារិទ្ធិ បាននាំយកគ្រឿងឧបភោគបរិភោគមួយចំនួន និងថវិការចំនួន៥០ម៉ឺនរៀល និង២០០ដុល្លារ ឧបត្ថម្ភដល់លោកអនុសេនីយឯក មាស វុទ្ធី ដើម្បីរួមចំណែកជួយសម្រាលបន្តុកខ្វះខាតក្នុងគ្រួសារផងដែរ៕