(ព្រះវិហារ)៖ លោក អ៊ុន ចាន់ដា អភិបាលខេត្តព្រះវិហារ បានណែនាំឲ្យអាជ្ញាធរដែនដី និងសមត្ថកិច្ចពាក់ព័ន្ធ ត្រូវខិតខំបង្ក្រាបបទល្មើសផ្សេងៗឲ្យមានប្រសិទ្ធិភាព ពិសេសបទល្មើសជួញដូរគ្រឿងញៀន និងបទល្មើសធនធានធម្មជាតិ។

ការណែនាំបែបនេះ ក្នុងឱកាសដែលលោកអញ្ជើញចូលរួមប្រកាស សម្រួលភារកិច្ច និងតែងតាំងមន្ត្រីគណបក្សប្រជាជនកម្ពុជាស្រុកឆែប ខេត្តព្រះវិហារនៅចុងសប្តាហ៍កន្លងមកនេះ ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំគណបក្សខេត្ត ប្រធានក្រុមការងារខេត្តចុះជួយស្រុកឆែប ព្រមទាំងប្រធានក្រុមការងារគណបក្សស្រុក ឃុំជាច្រើនរូបទៀត។

លោក អ៊ុន ចាន់ដា បានដាក់បទបញ្ជា «ឲ្យអាជ្ញាធរដែនដី និងមន្ត្រីពាក់ព័ន្ធត្រូវបន្តទប់ស្កាត់បទល្មើសគ្រប់ប្រភេទ ដែលមាននៅក្នុងមូលដ្ឋានរបស់យើង ពិសេសបញ្ហាគ្រឿងញៀនត្រូវទប់ស្កាត់ ឲ្យបានទាំងការជួញដូរ ការធ្វើចរាចរណ៍ និងការប្រើប្រាស់កុំឲ្យមានក្នុងមូលដ្ឋានរបស់យើង។ បទល្មើសផ្សេងៗទៀតដូចជា ល្បែងស៊ីសង ក្មេងទំនើង ចោរឆក់ចោរប្លន់ អំពើហិង្សាក្នុងគ្រួសារ សូមទប់ស្កាត់ឲ្យបាន កុំមានឲ្យសោះនៅក្នុងមូលដ្ឋាន ត្រូវប្រើប្រាស់គ្រប់វិធានការ ទាំងវិធានការអប់រំ វិធានការផ្សព្វផ្សាយ វិធានការរដ្ឋបាល ពិសេសគឺវិធានការច្បាប់»

ជាមួយគ្នានោះលោក អ៊ុន ចាន់ដា ក៏បានជំរុញឲ្យអាជ្ញាធរដែនដី និងសមត្ថកិច្ចពាក់ព័ន្ធត្រូវបង្ក្រាបបទល្មើសព្រៃឈើ ឲ្យមានប្រសិទ្ធិភាព។ លោកគូសបញ្ជាក់ថា រយៈពេលប៉ុន្មានថ្ងៃមកនេះ មានសារព័ត៌មានខ្លះ បានចុះផ្សាយពីសកម្មភាពបទល្មើសព្រៃឈើនៅក្នុងខេត្តព្រះវិហារ ពិសេសគឺយករូបលោកទៅភ្ជាប់ជាមួយបទល្មើស ហើយដែលការចុះផ្សាយខ្លះ បានយករូបភាពចាស់ៗ ជារូបភាពយូរឆ្នាំមកហើយយកមកផ្សាយ ប៉ុន្តែសំខាន់មន្ត្រីទាំងអស់ត្រូវខំធ្វើអំពើល្អ ឲ្យតែមានបញ្ហាបទល្មើសព្រៃឈើ ទទួលព័ត៌មានពីអ្នកសារព័ត៌មានរាយការណ៍មក សហគមន៍រាយការណ៍មក ប្រជាពលរដ្ឋរាយការណ៍មក ត្រូវតែមានវិធានការជាបន្ទាន់ សំខាន់យើងត្រូវប្រកាន់យកច្បាប់ជាគោល អនុវត្តន៍ឲ្យត្រឹមត្រូវបំផុត កុំឲ្យបទល្មើសកើតឡើងហើយ យើងទទួលព័ត៌មានហើយ បែជាគ្មានវិធានការណ៍ទប់ស្កាត់ទៅវិញ។

នៅក្នុងឱកាសនោះលោក អ៊ុន ចាន់ដា ក៏បានណែនាំឲ្យប្រធានគណបក្សស្រុក ដែលបានតែងតាំងនៅពេលនេះ ត្រូវពង្រឹងយន្តការដឹកនាំការងារត្រួតពិនិត្យជាប្រចាំ, ខិតខំលើកកម្ពស់គុណភាព សេវា និងភាពស្អាតស្អំនៃការផ្តល់សេវាគ្រប់ប្រភេទ ជាពិសេសនៅថ្នាក់ឃុំតែម្តង ត្រូវខិតខំប្រឹងប្រែង និងមានភាពស្អាតស្អំ កុំប៉ះពាល់រឿងផលប្រយោជន៍ ដែលធ្វើឲ្យប្រជាពលរដ្ឋថ្នាំងថ្នាក់ ឫក៏ខឹងសម្បាជាមួយយើងឲ្យសោះ។

សូមបញ្ជាក់ថា មន្ត្រីគណបក្សដែលត្រូវបានតែងតាំង ក្នុងពេលនោះរួមមាន លោក សុខ សាន្តតារ៉ា អភិបាលស្រុកឆែប អតីតអនុប្រធានគណបក្សស្រុក ត្រូវបានតែងតាំងជាប្រធានគណបក្សប្រជាជន កម្ពុជាស្រុកឆែប។ ដោយឡែក លោក ឆេង ហ៊ន អតីតប្រធានគណបក្សប្រជាជនកម្ពុជាស្រុកឆែប មកជាអនុប្រធានគណបក្សស្រុកវិញ ជាមួយគ្នានោះ ក៏មានការតែងតាំងមន្ត្រី គណបក្សស្រុកចំនួន២រូបទៀតផងដែ៕