(ភ្នំពេញ)៖ នេះជាលើកទី៤ហើយ ដែលកម្មករ-កម្មការិនីជាង១០០នាក់ ក្នុងចំណោម៤២០នាក់ បាននិងកំពុងធ្វើការក្នុងរោងចក្រ «​ឡុ​ង វី​ច​ថូ​រី អ៊ី​ន​ធើ​ណេ​សិន​ណ​ល (​ខេ​ម​បូ​ឌា​) លី​មី​ធី​ត​» ​ស្ថិត​នៅ​ក្នុងភូមិ​ទួល​គោក សង្កាត់​ទួល​សង្កែ​១ ខណ្ឌ​ឬ​ស្សី​កែវ បាននាំគ្នា​ផ្ទុះ​កូដកម្មមិនព្រមចូលធ្វើការ​ជា​ថ្មី​ម្តងទៀត​ បន្ទាប់ពីថៅកែ និងរដ្ឋបាលរោងចក្រ ព្យាយាមបញ្ឈប់ការងារ និងដឹកជញ្ជូនសម្ភារចេញពីរោងចក្រ មិនគោរពកិច្ចសន្យា នាព្រឹកថ្ងៃទី២១ ខែមករា ឆ្នាំ២០១៩នេះ។

តាមការបញ្ជាក់របស់កម្មករ​-​កម្មការិនី​ ការផ្ទុះកូដកម្មនេះ បានធ្វើឡើង៤លើកមកហើយ ទាំងព្រឹកនេះ ដោយសារតែថៅកែ និងរដ្ឋបាលរោងចក្រជាស្រីម្នាក់ កំពុងហាមដាច់ខាតមិនមិនអនុញ្ញាត ឲ្យអ្នកកាសែត ចូលទៅខាងក្នុង ដើម្បីថតផ្ដិតយករូបភាពឡើយ ខណៈខាងរោងចក្រកំពុងយករថយន្ដមកដឹកសម្ភារ និងម៉ាស៊ីនចេញពីរោងចក្រជាបន្តបន្ទាប់ ក្នុងបំណងបញ្ឈប់ការងារពួកគាត់ ហើយគេចវេសមិនបើកប្រាក់អតីតភាពការងារផ្សេងៗ មុនអណត្តិរយៈពេល៦ខែម្ដង ដែលភាគីរោងចក្របានសន្យានាពេលកន្លងមក និងធ្វើកិច្ចសន្យាថ្មីៗនេះ។

កម្មករ​-​កម្មការិនី​រោងចក្រ បានឲ្យដឹងថា កាលពីព្រឹកថ្ងៃទី១៤ និងថ្ងៃទី១២ និងថ្ងៃ១៥ ខែមករា កន្លងមកនេះ ពួកគាត់ជាង៤២០នាក់ ក្នុងចំណោមកម្មករ១៤០០នាក់ ក្នុងរោងចក្រ «ឡុ​ង វី​ច​ថូ​រី អ៊ី​ន​ធើ​ណេ​សិន​ណ​ល (​ខេ​ម​បូ​ឌា​) លី​មី​ធី​ត​» ​ដែលត្រូវបានបញ្ឈប់ការងារខ្លះទៅហើយនោះ បាននាំគ្នាផ្ទុះការតវ៉ា៣លើករួចមកហើយ ដើម្បីទាមទារឲ្យខាងរោងចក្របើកប្រាក់អតីតភាពផ្សេងៗ ហើយកុំបញ្ឈប់ការងារពួកគាត់មុនអណត្តិ ក្នុងរយៈពេល៦ខែម្ដង ដោយគ្មានកំហុស និងស្នើឲ្យខាងរោងចក្រដាច់ខាតត្រូវតែបិទទ្វារ ដើម្បីកុំឲ្យមានការដឹកជញ្ជូនឥវ៉ាន់ សម្ភារផ្សេងៗ និងម៉ាស៉ីនចេញពីរោងចក្រ។

កម្មករ​-​កម្មការិនី ​បានឲ្យដឹងទៀតថា ក្រោយពីពួកគាត់ផ្ទុះកូដកម្មតវ៉ា កាលពីព្រឹកថ្ងៃទី១៥ ឃើញថា មានវត្តមានលោក ប្រាជ្ញ សីហា អភិបាលរងខណ្ឌឫស្សីកែវ តំណាងលោក ជា ពិសី អភិបាលខណ្ឌ និងមន្ត្រីការិយាល័យពាក់ព័ន្ធ រួមនិងសមត្ថកិច្ចមូលដ្ឋាន បានមកធ្វើការដោះស្រាយសម្របសម្រួលផ្នែកផ្ទៃក្នុង តាមការស្នើសុំរបស់កម្មករ-កម្មការិនី ជាមួយតំណាងរោងចក្រពិតមែន ដោយធ្វើកិច្ចសន្យាត្រឹមត្រូវ ប៉ុន្តែក្រោយពេលពួកគាត់ កំពុងតែចូលធ្វើការជាធម្មតាវិញ បែរជាមិនបានបិទទ្វាររោងចក្រ ហើយយករថយន្ដទៅដឹកឥវ៉ាន់ និងសម្ភារ មានទាំងម៉ាស៉ីន ចេញពីរោងចក្រ ជាបន្តបន្ទាប់ ដដែលជាដដែលទេ ដោយមិនអនុវត្តតាមកិច្ចសន្យាដែលបានព្រមព្រៀងគ្នានោះឡើយ។

ទាក់ទងបញ្ហាកម្មករ-កម្មការិនី ផ្ទុះកូដកម្ម ចោទប្រកាន់ជាបន្តបន្ទាប់ទៅលើថៅកែរោងចក្រ ខាងលើនេះ លោក ប្រាជ្ញ សីហា បានបញ្ជាក់ថា បើក្នុងករណីភាគីខាងរោងចក្រ ក្រោយពីធ្វើកិច្ចសន្យា ព្រមព្រៀងគ្នា ជាមួយសហជីប និងតំណាងកម្មករ-កម្មការិនីរួចហើយ នៅតែបន្តមិនអនុវត្តតាមការសន្យានោះទេ លោកនឹងស្នើទៅក្រសួងការងារ ដើម្បីមានវិធានការបន្តតាមច្បាប់ការងារមិនខានឡើយ។

ភ្នាក់ងារព័ត៌មាន Fresh News មិនអាចសុំការបញ្ជាក់បំភ្លឺពីខាងរោងចក្រ «​ឡុ​ង វី​ច​ថូ​រី អ៊ី​ន​ធើ​ណេ​សិន​ណ​ល (​ខេ​ម​បូ​ឌា​) លី​មី​ធី​ត​» បាននៅឡើយទេ ដោយសារស្រីជាប្រធានរដ្ឋបាលរោងចក្រ បានដេញអ្នកកាសែតចេញ ពេលចុះទៅយកព័ត៌មាននេះ៕