(ស្វាយរៀង)៖ លោក តូច ប៉ូលីវ៉ា អភិបាលរងខេត្តស្វាយរៀងបានថ្លែងថា ការអភិវឌ្ឍវិស័យអប់រំ យុវជន និងកីឡា គឺជាមូលដ្ឋានគ្រឹះ ដ៏សំខាន់បំផុតក្នុងការកសាងប្រភពធនធានមនុស្ស ដើម្បីអភិវឌ្ឍប្រទេសជាតិ ពីព្រោះតាមគោលដៅអប់រំប្រកបដោយចីរភាពរបស់យើង គឺកសាងពលរដ្ឋសកល ប្រកបដោយសមត្ថភាពទាំងចំណេះដឹង ចំណេះធ្វើ មានសីលធម៌ មានសុជីវធម៌ និងចេះរួមរស់ជាមួយគ្នាប្រកបដោយភាពសុខដុមរមនា។

លោក តូច ប៉ូលីវ៉ា បានថ្លែងបែបនេះ នាព្រឹកថ្ងៃទី២១ ខែមករា ឆ្នាំ២០១៩នេះ ក្នុង​ឱកាសដែលលោកបានអញ្ជើញជាអធិបតី នៅក្នុងកិច្ចប្រជុំសន្និបាតបូកសរុបលទ្ធផលការងារអប់រំ យុវជន និងកីឡាឆ្នាំសិក្សា២០១៧-២០១៨ និងលើកទីសដៅសកម្មភាពការងារឆ្នាំ២០១៨- ២០១៩ នៅសាលប្រជុំមន្ទីរអប់រំ យុវជននិងកីឡាខេត្ត ពិធីនេះក៏មានការចូលពីលោក ខៀវ សំអុល ប្រធានអប់រំយុវជន និងកីឡាខេត្ត លោកគ្រូ អ្នកគ្រូ ជានាយកសាលា ប្រធានការិយាល័យអប់រំស្រុក ក្រុងទាំង៨ នៃខេត្តស្វាយរៀង និងអស់លោក លោកស្រីជាប្រធានមន្ទីរជុំវិញខេត្តជាច្រើនរូបផងដែរ។

លោក តូច ប៉ូលីវ៉ា បានបញ្ជាក់ថា ការពង្រឹងគុណភាពអប់រំ វាមានហេតុផលពាក់ព័ន្ធទៅនឹងកត្តាជាច្រើនដូចជាកត្តាគ្រូ សិស្ស កត្តាអ្នកគ្រប់គ្រងដឹកនាំ គឺជាកត្តាសំខាន់ដូចពាក្យស្លោកមួយពោលថា គ្រូល្អ សិស្សល្អ គ្រូពូកែ សិស្សពូកែ នាយកល្អ សាលាល្អ។ ហើយក្រៅពីនេះ ក៏នៅមានកត្តាមួយចំនួនទៀត ដែលជះឥទ្ធិពលលើគុណភាពអប់រំ មានកត្តាគ្រួសារ និងកត្តាសង្គម ដែលកត្តាទាំងអស់នេះ ជាកត្តាដែលមិនអាចខ្វះកត្តាមួយណាបានឡើយ ពីព្រោះតាមគោលដៅអប់រំប្រកបដោយចីរភាពរបស់យើង គឺអប់រំប្រកបដោយសមត្ថភាព ទាំងចំណេះដឹង ចំណេះធ្វើ មានសីលធម៌ មានសុជីវធម៌ និងចេះរួមរស់ជាមួយគ្នាប្រកបដោយភាពសុខដុមរមនា។

លោក តូច ប៉ូលីវ៉ា ក៏បានថ្លែងនូវការកោតសរសើរដល់មន្ទីរអប់រំ យុវជននិងកីឡាខេត្ត ដែលបានខិតខំបំពេញការងារតាមតួនាទីរៀងៗខ្លួន ប្រកបដោយលទ្ធផលល្អជាទីពេញចិត្ត ស្របតាមទិសដៅរបស់ក្រសួងអប់រំ យុវជន និងកីឡា ដែលបានដាក់ចេញ។ លោកក៏បានសំណូមពរអង្គសន្និបាតទាំងមូល និងមន្ត្រីគ្រប់គ្រងអប់រំទាំងអស់ ត្រូវយកចិត្តទុកដាក់ដល់បញ្ហាសំខាន់ៗមួយចំនួន ក្នុងនោះត្រូវយកចិត្តទុកដាក់ប្រមូលកុមារដល់វ័យសិក្សា ឱ្យចូលរៀនបានច្រើនជាអតិបរមា ទាំងនៅទីប្រជុំជន និងនៅទីជនបទ ចាប់ពីមត្តេយសិក្សាឡើងទៅ និងរក្សាបាននៅស្ថេរភាពសិស្ស ឱ្យបន្តការសិក្សារៀនសូត្ររហូតចប់មធ្យមសិក្សា និងបន្តចូលរៀនរហូតបញ្ចប់ឧត្តមសិក្សា។

លោកបានបន្តថា លោកគ្រូ អ្នកគ្រូ ទាំងអស់ ត្រូវបន្តកែលម្អ បរិស្ថានសាលារៀនឱ្យក្លាយជាទីមនោរម្យ ដើម្បីទាក់ទាញកុមារឱ្យចាប់អារម្មណ៍ និងមានចិត្តចង់ទៅសាលារៀន។ មួយវិញទៀតទន្ទឹមនឹងការយកចិត្តទុកដាក់ទាំងបរិមាណ ក៏ត្រូវយកចិត្តទុកដាក់ពង្រឹងបន្ថែមទៀត នូវគុណភាពប្រកបដោយគណៈនេយ្យភាពភាពផងដែរ។

សូមបញ្ជាក់ថា នៅក្នុងពិធីបើកអង្គសន្និបាតនេះ ក៏បានចែកទង់កិត្តិយស និងបំពាក់មេដាយជូនដល់លោកប្រធានមន្ទីរអប់រំ និងអស់លោក លោកស្រីជាអនុប្រធានមន្ទីរ នាយកសាលាផងដែរ៕