(ហ្សេរុយសាឡឹម)៖ យោធាអ៊ីស្រាអែល បានឱ្យដឹងថាខ្លួនបានបើកការវាយប្រហារតាមផ្លូវអាកាសយ៉ាងសន្ធាប់​ លើទីតាំងរបស់កងជីវពលអ៊ីរ៉ង់ នៅក្នុងប្រទេសស៊ីរី ដោយថែមទាំងព្រមានរដ្ឋាភិបាល ទីក្រុងដាម៉ាស់ ឈប់បើកការវាយប្រហារមកលើកងកម្លាំង និងទឹកដីអ៊ីស្រាអែល។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន ចិនស៊ីនហួរ នៅថ្ងៃចន្ទ ទី២១ ខែមករា ឆ្នាំ២០១៩។

នៅក្នុងសេចក្ដីថ្លែងការណ៍ចេញផ្សាយ នៅព្រឹកថ្ងៃចន្ទនេះ យោធាអ៊ីស្រាអែល បានគូសបញ្ជាក់ដូច្នេះថា៖ «យើងបានបើការវាយប្រហារតាមផ្លូវ អាកាសលើជីវពលអ៊ីរ៉ង់ Quds នៅលើទឹកដីស៊ីរី...ហើយយើងក៏បានព្រមានកងកម្លាំងរដ្ឋាភិបាលស៊ីរីផងដែរ ឱ្យបញ្ឈប់ការវាយប្រហារប្រឆាំង នឹងយោធា និងទឹកដីរបស់អ៊ីស្រាអែល»។ ជាមួយគ្នានោះ យោធាអ៊ីស្រាអែលមិនបានបញ្ជាក់អ្វីលម្អិតបន្ថែមទៀតទេ ប៉ុន្តែប្រព័ន្ធផ្សព្វផ្សាយស៊ីរី បានរាយការណ៍ថាការវាយប្រហារនេះកើតឡើងនៅក្បែរទីក្រុងដាម៉ាស់។

គួរបញ្ជាក់ថា នេះមិនមែនជាលើកទី១ឡើយ ដែលយោធាអ៊ីស្រាអែលបើកការវាយប្រហារលើមូលដ្ឋានកងកម្លាំងអ៊ីរ៉ង់ នៅលើទឹកដីស៊ីរី ហើយ ការវាយប្រហារនេះទៀតសោតកើតមានឡើងតែមួយថ្ងៃប៉ុណ្ណោះ ក្រោយទីក្រុង តែល អាវីវ អះអាងថាប្រព័ន្ធមីស៊ីលការពារដែនអាកាសរបស់ ខ្លួនបានស្ទាក់ចាប់បានមីស៊ីលមួយគ្រាប់បាញ់ចេញពីទឹកដីស៊ីរី កាលពីថ្ងៃអាទិត្យ៕