(ភ្នំពេញ)៖ បន្ទាប់ពីមានប្រតិកម្មពីរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជានោះ ពេលនេះ គេហរទំព័រផ្សារអនឡាញលំដាប់ពិភពលោក Amazon បានដករូបបង្គន់ និងកម្រាល ដែលមានរូបប្រសាទបុរាណខ្មែរនោះ ចេញពីគេហរទំព័ររបស់ខ្លួនហើយ ដោយជំនួសវិញនូវផលិតផលផ្សេង ដែលមិនពាក់ព័ន្ធនឹងរូបតំណាងកម្ពុជា។

លោក ថៃ នរសត្យា អ្នកនាំពាក្យក្រសួងវ​ប្បធម៌ និងវិចិត្រសិល្បៈ បានប្រាប់បណ្តាញព័ត៌មាន Fresh News ឱ្យដឹងនៅរសៀល ថ្ងៃទី១៩ ខែមករា ឆ្នាំ២០១៩ថា​ រហូតមកដល់ពេលនេះ ក្រសួងវ​ប្បធម៌ បានសង្កេតឃើញថា គេហរទំព័រ Amazon បានដកចេញនូវផលិតផលបង្គន់ ដែលមានរូបប្រាសាទខ្មែរទាំងនោះហើយ។

សូមបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា នាថ្មីៗនេះ បានថ្កោលទោសក្រុមហ៊ុនដែលផលិតផលបង្គន់ ដោយប្រើប្រាស់រូបប្រាសាទខ្មែរ ដោយចាត់ទុកថាជាការធ្វើឱ្យប៉ះពាល់ដល់តម្លៃនៃតំណាងជាតិខ្មែរ។ ទន្ទឹមនឹងនេះ កម្ពុជាបានស្នើឱ្យក្រុមហ៊ុន Amazon ឱ្យបញ្ឈប់ជាបន្ទាន់នូវការលក់ផលិតផលប្រភេទនេះ នៅលើគេហទំព័របស់ខ្លួនផងដែរ។

ប្រតិកម្មរបស់រាជរដ្ឋាភិបាលកម្ពុជា បានធ្វើឡើងបន្ទាប់ពី ក្រុមហ៊ុន Amazon បានផ្សព្វផ្សាយលក់ផលិតផលបង្គន់ និងកម្រាលមួយប្រភេទ ដោយមានដាក់រូបប្រាសាទបុរាណ និងទង់ជាតិខ្មែរ៕