(វ៉ាស៊ីនតោន)៖ អង្គការ NASA នៅថ្ងៃសុក្រសប្ដាហ៍នេះ បានឱ្យដឹងថាទីភ្នាក់ងារអវកាសរបស់សហរដ្ឋអាមេរិក និងចិន កំពុងសម្របសម្រួល កិច្ចខិតខំប្រឹងប្រែងក្នុងបេសកកម្មរុករកនៅលើឋានព្រះចន្ទ។ ប៉ុន្តែ ការប្រកាសនេះធ្វើឡើងនៅចំពេលរដ្ឋបាលលោក ដូណាល់ ត្រាំ កំពុង​រឹតត្បិតការផ្ទេរបច្ចេកវិទ្យាទៅឱ្យចិន។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Channel News Asia នៅថ្ងៃសៅរ៍ ទី១៩ ខែមករា ឆ្នាំ២០១៩។

ថ្លែងនៅលើ Twitter នាយកបេសកកម្មវិទ្យាសាស្រ្តអង្គការ NASA លោក Thomas Zurbuchen បានបញ្ជាក់ទៀតថាដោយមានការយល់​ព្រមពីសភាអាមេរិក NASA បានបើកកិច្ចពិភាក្សាជាមួយចិនដើម្បីស្វែងរកលទ្ធភាពលើការចុះកិច្ចព្រមព្រៀងមួយស្ដីពីការចុះចតរបស់យាន Chang'e 4 ដោយប្រើប្រាស់ឧបករណ៍យានអវកាស NASA។ ការលើកឡើងបែបនេះរបស់លោក Zurbuchen គឺដូចគ្នាទៅនឹងសេក្ដីថ្លែង ការណ៍កាលពីថ្ងៃចន្ទ របស់នាយរង​រដ្ឋបាល​អវកាសជាតិចិន លោក Wu Yanhua។ បន្ថែមពីលើនេះ លោក Zurbuchen ក៏បានអះដែរថា អង្គការ NASA នឹងចែករំលែកព័ត៌មានពីផ្កាយរណបអាមេរិក ខណៈចិននឹងប្រាប់អាមេរិកវិញពីរយៈទទឺង រយៈបណ្ដោយ និងពេលវលា នៃការចុះចតរបស់យាន Chang'e 4។

គួរបញ្ជាក់ថា ឧបករណ៍ឋានព្រះចន្ទ orbiter របស់ NASA នឹងធ្វើដំណើរឆ្លងកាត់ពីលើទីតាំងដែលយាន Chang'e 4 ចុះចត នៅថ្ងៃទី៣១ ខែមករា ហើយនឹងផ្តិតយករូបភាព ដូចដែលធ្លាប់បានធ្វើសម្រាប់យាន Chang'e 3 កាលពីឆ្នាំ២០១៣។ ចំណែកឯ លទ្ធផលនៃការសិក្សា​សា្រវជ្រាវចេញពីកិច្ចសហប្រតិបត្តិការនេះនឹងត្រូវបានចែករំលែកជាមួយសហគមន៍ស្រាវជ្រាវអន្តរជាតិ នៅខែកុម្ភៈ នៅកិច្ចប្រជុំនៃទីភ្នាក់ងារ អវកាសអង្គការសហប្រជាជាតិក្នុងប្រទេសអូទ្រីស៕