(ក្រចេះ)៖ កម្លាំងនគរបាលស្រុកសំបូរ បានឃាត់ខ្លួនជនសង្ស័យម្នាក់ ក្រោមការសម្របសម្រួលពីលោក កែវ សុជាតិ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តក្រចេះ ក្រោយពីជនសង្ស័យរូបនោះ បានយកកាំភ្លើងកែច្នៃបាញ់គំរាមអ្នកដទៃ។

ការឃាត់ខ្លួននេះធ្វើឡើងនៅថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៩ នៅភូមិរលួសមានជ័យ ឃុំរលួសមានជ័យ ស្រុកសំបូរ ខេត្តក្រចេះ។

យោងតាមរបាយការណ៍នគរបាលស្រុកសំបូរ បានឲ្យដឹងថា ជនសង្ស័យដែលត្រូវនគរបាលឃាត់ខ្លួននោះ ឈ្មោះ កូប រ៉ានី ភេទប្រុស អាយុ៤៨ឆ្នាំ រស់នៅភូមិ ឃុំកើតហេតុខាងលើ ហើយត្រូវបានកម្លាំងសមត្ថកិច្ចឆែកក្នុងផ្ទះរបស់ជនសង្ស័យ ដកហូតបានអាវុធ កែច្នៃចំនួន៣ដើម ១ដើមខូច ១ដើមទើប និងរៀបចំដំឡើង១ដើមទៀត ទើបនឹងប្រើប្រាស់បាញ់គំរាមគេរួច និងរឹបអូសឧបករណ៍ប្រើប្រាស់គ្រឿងញៀនមួយចំនួន។

បើតាមរបាយការណ៍នគរបាលបញ្ជាក់ទៀតថា បច្ចប្បន្នជនសង្ស័យរូបនោះ និងវត្ថុតាងត្រូវបាននគរបាលប៉ុស្តិ៍រដ្ឋបាលឃុំរលួសមានជ័យ បញ្ជូនទៅអធិការដ្ឋាននគរបាលស្រុកសំបូរ ឃាត់ខ្លួនបណ្ដោះអាសន្នដើម្បីកសាងសំណុំរឿងតាមនីតិវិធ៕