(បន្ទាយមានជ័យ)៖​ កម្លាំងនគរបាលវរការពារព្រំដែកគោក៩១១ នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ សហការជាមួយនគរបាលក្រុងប៉ោយប៉ែត បានបង្ក្រាបជនសង្ស័យចំនួន៨នាក់ កាំភ្លើងខ្លីមួយដើម និងដកហូតថ្នាំញៀនមួយចំនួនធំ ហើយនៅព្រឹកថ្ងៃទី១៩ ខែមករា​ ឆ្នាំ២០១៩នេះ ត្រូវបានបញ្ជូនទៅកាន់សាលាដំបូងខេត្តបន្ទាយមានជ័យ ដើម្បីចាត់ការតាមនីតិវិធីច្បាប់។

លោក ធិន​ ស៊ិនដេត អធិការនគរបាលក្រុងប៉ោយប៉ែត បានថ្លែងប្រាប់ភ្នាក់ងារព័ត៌មាន Fresh News ប្រចាំខេត្តបន្ទាយមានជ័យ ឱ្យដឹងនៅព្រឹកថ្ងៃទី១៩ ខែមករា​ ឆ្នាំ២០១៩នេះថា​ ប្រតិបត្តការបង្ក្រាបនេះ កម្លាំងជំនាញបានបង្រ្កាបកាលពីយប់ថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៩ ដោយសហការជាមួយកម្លាំងវរសេនាការពារព្រំដែនគោកលេខ៩១១។

លោកថា ពេលប៉ុស្តិ៍ព្រៃគប់ បានល្បាតប្រទះនោះ ក៏ឃើញមុខសញ្ញាសង្ស័យម្នាក់មាន​ឈ្មោះ ផាត់ អឿម អាយុ២៧ឆ្នាំ មុខរបរកម្មករស្នាក់នៅភូមិព្រៃគក់ សង្កាត់ផ្សាកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ រួចក៏ឃាត់ត្រួតពិនិត្យ ហើយបានដកហូតវត្ថុតាងគ្រឿងញៀនប្រភេទមេតំហ្វេតាមីន ICE ចំនួន០១កូនថង់តូច។

លោកអធិការបានបន្តថា​ ក្រោយមកទៀត កម្លាំងនគរបាលការពារព្រំដែនគោលលេខ៩១១ ក៏បានរាយការណ៍មកកម្លាំងជំនាញគ្រឿងញៀន​ នៃអធិការនគរបាលក្រុងប៉ោយប៉ែត ហើយសហការជាមួយកម្លាំងជំនាញ នៃការិយាល័យគ្រឿងញៀនខេត្ត និងកងកម្លាំងប៉ុស្តិ៍រដ្ឋបាលសង្កាត់ផ្សារកណ្ដាល ដើម្បីបន្តប្រតិបត្តិការបង្ក្រាបបន្ត។

លោក ធិន​ ស៊ិនដេត បានបន្ថែមថា ក្រោយពីបានសាកសួរជនសង្ស័យរួច ដោយមានការដឹកនាំសម្របសម្រួលពីលោកព្រះរាជអាជ្ញារង សុខ កែវបណ្ឌិត លុះដល់វេលាម៉ោង៩៖២៥នាទីយប់ ថ្ងៃខែឆ្នាំដដែរ កម្លាំងក៏បានឈានទៅឆែកឆេរផ្ទះជនសង្ស័យឈ្មោះ ទុន សារិទ្ធ ត្រួតពិនិត្យ ចំនួន០៤បន្ទប់ ហើយឃាត់ខ្លួនជនសង្ស័យបានចំនួន៧នាក់ ស្រី២នាក់ រួមជាមួយថ្នាំញៀនមួយចំនួនផងដែរ។

ជនសង្ស័យទាំងនោះរួមមានទី១៖ ឈ្មោះ ទុន សារិទ្ធ ភេទប្រុស អាយុ៥១ឆ្នាំ មុខរបរយោធា ស្នាក់នៅភូមិព្រៃគប់ សង្កាត់ផ្សាកណ្តាល, ទី២៖ ឈ្មោះ តេង ប៊ុនទី ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរជាងម៉ូតូ ស្នាក់នៅភូមិព្រៃគប់ សង្កាត់ផ្សារកណ្ដាល, ទី៣៖ ឈ្មោះ តេង ដូច ភេទប្រុស អាយុ២៤ឆ្នាំ មុខរបរ ជាងទូរស័ព្ទ ស្នាក់នៅភូមិព្រៃគុក សង្កាត់ផ្សារកណ្ដាល, ទី៤៖ ឈ្មោះ នី ណារ៉ូ ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរគ្មាន ស្នាក់នៅភូមិព្រៃគប់ សង្កាត់ផ្សារកណ្ដាល, ទី៥៖ ឈ្មោះ សៅ វណ្ណះ ភេទប្រុស អាយុ៣៨ឆ្នាំ មុខរបររត់ម៉ូតូឌុប ស្នាក់នៅភូមិបឺងបេង ស្រុកម៉ាឡៃ, ទី៦​៖ ឈ្មោះ តេង ស្រីល័ក្ខ ភេទស្រី អាយុ១៤ឆ្នាំ មុខរបរគ្មាន ស្នាក់នៅភូមិព្រៃគប់ សង្កាត់ផ្សារកណ្ដាល និងទី៧៖ ឈ្មោះស៊ុម ពៅ ភេទស្រី អាយុ៤១ឆ្នាំ មុខរបរលក់ដូរ ស្នាក់នៅភូមិព្រៃគប់ សង្កាត់ផ្សារកណ្ដាល។

កម្លាំងនគរបាលដកហូតបានវត្ថុតាងរួមមាន៖ គ្រឿងញៀនប្រភេទមេតំហ្វេតាមីន ICE ចំនួន១២ កូនថង់តូច, កាំភ្លើងខ្លីមួយដើមម៉ាក berapa ផលិត នៅប្រទេសអ៊ីតាលី បង់ចំនួន០១ គ្រាប់ចំនួន១៣គ្រាប់ លេខ L88 481Z ពណ៍ទឹកប្រាក់៕