(កំពង់ចាម)៖ គណៈកម្មាធិការគណបក្សប្រជាជនកម្ពុជា ឃុំអូរស្វាយ ស្រុកកំពង់សៀម ខេត្តកំពង់ចាម នៅព្រឹកថ្ងៃទី១៩ ខែមករា ឆ្នាំ២០១៩នេះ បានរៀបចំពិធីប្រកាសបញ្ចូលសមាជិកថ្មី របស់គណបក្សប្រជាជនកម្ពុជា ចំនួន១៥៤នាក់។

ពិធីនេះត្រូវបានធ្វើឡើងក្រោមអធិបតីភាព លោក សោ សាវឿន ​សមាជិកអចិន្ត្រៃយ៍គណបក្សខេត្ត និងជាប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះជួយឃុំអូរស្វាយ និងលោកស្រី សុខ ម៉ាលីស អភិបាលរងស្រុកកំពង់សៀម សមាជិកអចិន្ត្រៃយ៍គណបក្សស្រុកកំពង់សៀម ព្រមទាំងមានការចូលរួមពី​លោក លោកស្រី អនុប្រធាន ក្រុមការងារចុះជួយឃុំ លោកប្រធាន អនុប្រធានគណបក្សឃុំ និងសមាជិក សមាជិកា សរុបចំនួន​២០០នាក់។

ថ្លែងក្នុងឱកាសនោះ លោក សោ សាវឿន បាននាំនូវពាក្យផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់ថ្នាក់ដឹកនាំគណបក្ស ចំពោះបងប្អូនសមាជិក សមាជិកា គណបក្សថ្មីទាំង១៥៤រូប និងសូមស្វាគមន៍ យ៉ាងកក់ក្តៅបំផុត ចំពោះការសម្រេចចិត្តដ៏ត្រឹមត្រូវរបស់បងប្អូន ចូលមករួមរស់ជីវភាពនយោបាយ ជាមួយគណបក្សប្រជាជនកម្ពុជា ដែលជាគណបក្សតែមួយគត់ បានរំដោះប្រទេសជាតិ រំដោះបងប្អូនប្រជាពលរដ្ឋចេញពីរបបប្រល័យពូជសាសន៍ ហើយដឹកនាំការពារកសាងប្រទេស តាំងពីបាតដៃទទេរហូតមានការរីកចំរើនជឿនលឿនដូចសព្វថ្ងៃនេះ។

លោក សោ សាវឿន ក៏បានជម្រាបជូនសមាជិកគណបក្សថ្មី អំពីជ័យជម្នះដ៏ត្រចះត្រចង់របស់គណបក្សក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ ហើយរដ្ឋសភានីតិកាលទី៦ និងរាជរដ្ឋាភិបាលក៏ត្រូវបានបង្កើតប្រកបដោយជោគជ័យ កាលពីពេលថ្មីៗកន្លងទៅនេះដែរ។

លោកបន្តថា «រាជរដ្ឋាភិបាលដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា ជាពិសេសដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី នឹងបន្តខិតខំតបស្នង ទៅនឹងការបោះឆ្នោតគាំទ្ររបស់បងប្អូនប្រជាពលរដ្ឋ តាមរយៈការបន្តធ្វើការកែទម្រង់ស៊ីជម្រៅ ដើម្បីធានាឲ្យបាននូវប្រសិទ្ធភាព ក្នុងការបម្រើសេវាសាធារណៈ ក៏ដូចជាខិតខំទាក់ទាញ វិនិយោគិនមកកម្ពុជាឲ្យកាន់តែច្រើនដើម្បីបង្កើតការងារជូនបងប្អូន លើកកម្ពស់ជីវភាពរស់នៅ និងកាត់បន្ថយភាពក្រីក្រឲ្យនៅកម្រិតទាបបំផុត ជាពិសេសគឹខិតខំអភិវឌ្ឍន៍ប្រទេសជាតិ ឲ្យកាន់តែរីកចម្រើន»។

បន្ថែមពីនេះ ​សមាជិក សមាជិកា​ម្នាក់​ៗ ក៏ទទួលបានអាវ និងមួកគណបក្សចំនួនមួយ និងសារ៉ុងមួយដែលជាអំណោយរបស់ លោក ហ៊ុន ណេង​អនុប្រធានទី១ ក្រុមការងារថ្នាក់កណ្តាលចុះជួយខេត្ត និងជាអ្នកតំណាងរាស្ត្រមណ្ឌលខេត្តកំពង់ចាមផងដែរ៕​