(ភ្នំពេញ)៖ ១ថ្ងៃ មុនចេញដំណើរទៅបំពេញទស្សនកិច្ច នៅប្រទេសចិន ដែលជាមិត្តចាក់ទឹកមិនលិចរបស់កម្ពុជា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានថ្លែងសារនយោបាយ អរគុណមិត្តចិន ចំពោះការជួយជ្រោមជ្រែងទាំងឡាយ ដែលបានធ្វើឱ្យកម្ពុជារីកចម្រើនមកទល់សព្វថ្ងៃ។

សម្តេចតេជោ ហ៊ុន សែន នឹងដឹកនាំគណៈប្រតិភូអញ្ជើញទៅបំពេញទស្សនកិច្ចរយៈពេល៤ថ្ងៃ នៅប្រទេសចិន ចាប់ពីថ្ងៃទី២០ ដល់ ថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៩ តបតាមការអញ្ជើញរបស់ លោក លី ខឺជាង នាយករដ្ឋមន្រ្តីមន្រ្តីចិន។

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់យ៉ាងដូច្នេះថា៖ «នៅក្នុងដំណើរទស្សនកិច្ចលើកនេះ ខ្ញុំមានគម្រោងពិភាក្សាការងារជាមួយ លោកប្រធានាធិបតីចិន ស៊ី ជិនពីង និង លោកនាយករដ្ឋមន្ត្រីចិន លី ឃឺឈាង ដើម្បីពង្រឹងនូវចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការ ក្នុងនាមជាប្រទេសដៃគូយុទ្ឋសាស្រ្តគ្រប់ជ្រុងជ្រោយ។ នៅក្នុងឱកាសនោះ យើងនឹងមានកិច្ចពិភាក្សាលើការពង្រឹងវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគផងដែរ។ អនុស្សារណៈនិងកិច្ចព្រមព្រៀងមួយចំនួនត្រូវបានពង្រាងរួចហើយ សម្រាប់ចុះហត្ថលេខាជាមួយភាគីមិត្តចិន។ មិត្តចិនមានទំនាក់ទំនងល្អដូចជាបងប្អូន និងបានជួយកម្ពុជាយើងយ៉ាងច្រើនចាប់តាំងពីជំនាន់សម្តេចតាមកទល់សព្វថ្ងៃនេះ។ កម្ពុជា សូមអរគុណមិត្តចិន ចំពោះការជួយជ្រោមជ្រែងទាំងឡាយ ដែលបានធ្វើឱ្យកម្ពុជារីកចម្រើនមកទល់សព្វថ្ងៃ»

ទន្ទឹមនឹងការអរគុណដល់មិត្តចិននេះ សម្តេចតេជោ ក៏បានជូនពរបងប្អូនជនរួមជាតិបានសប្បាយរីករាយថ្ងៃសម្រាកចុងសប្តាហ៍ និងជួបតែសេចក្តីសុខចម្រុងចម្រើនគ្រប់ៗគ្នាផងដែរ។

សូមបញ្ជាក់ថា ដំណើរបំពេញទស្សនកិច្ចទៅកាន់ប្រទេសចិននាពេលនេះ គឺជាដំណើរទស្សនកិច្ចផ្លូវការនៅក្នុងប្រទេសចិនលើកទី៦ហើយ សម្រាប់សម្តេចតេជោ ហ៊ុន សែន។ សម្តេចតេជោ ហ៊ុន សែន បានបញ្ជើញបំពេញទស្សនកិច្ចលើកដំបូងនៅខែកុម្ភៈ ឆ្នាំ១៩៩៩, លើកទី២ នៅខែមេសា ២០០៤, លើកទី៣ នៅខែធ្នូ ២០១០, លើកទី៤ នៅខែមេសា ២០១៣, លើកទី៥ នៅខែឧសភា ឆ្នាំ២០១៧ និងលើកទី៦ នៅខែមករា ឆ្នាំ២០១៩ ចុងសប្តាហ៍នេះ៕