(ភ្នំពេញ)៖ ពេលនេះ ទឹកកាន់តែថ្លា មើលឃើញត្រីកាន់តែច្បាស់ហើយ។ ប៉ុន្មានថ្ងៃនេះ ក្រុមអ្នកបម្រើនយោបាយបរទេស និងធ្វើជាកូនជឹងបរទេស កំពុងនាំគ្នាត្រេក​ត្រអាលយ៉ាងខ្លាំងពេលលឺថា បរទេសដាក់ទណ្ឌកម្មមកលើប្រទេសនិងប្រជាជនរបស់ខ្លួន។ ទាំងមេខ្លោងឈ្មោះ សម រង្ស៊ីនិងទាំងគូកន បានបញ្ចេញ ស្នែង សម្ញែងឬក ទះដៃអបអរ ពេលឃើញសហភាពអឺរ៉ុប សម្រេចយកពន្ធលើអង្ករនាំចូលពីប្រទេសកម្ពុជា។ តាមពិត រឿងអឺរ៉ុបយកពន្ធអង្ករ នេះជារឿងពាណិជ្ជ​កម្មសុទ្ធ​សាធមិនពាក់​ព័ន្ធរឿងនយោបាយទេ ពោលគឺអឺរ៉ុប សម្រេចបែបនេះតាមសំណើររបស់ប្រទេសអ៊ីតាលី និងអេស្ប៉ាញដើម្បីទប់ស្កាត់​ការនាំអង្ករចូលពីក្រៅពីព្រោះតែវាធ្វើឲ្យប៉ះ​ពាល់ដល់ទីផ្សារអង្កររបស់ប្រទេសមួយចំនួនដែលជាសមាជិកសហភាពអឺរ៉ុបតែប៉ុណ្ណោះ។ ហើយបញ្ហានេះក្រសួងពាណិជ្ជកម្មកម្ពុជា​កំពុងតវ៉ាតាមផ្លូវច្បាប់ពាណិជ្ជ​កម្មអន្តរជាតិ។

ប៉ុន្តែ ក្រុមក្បត់ប្រយោជន៍ជាតិខ្លួនឯងខិតខំបង្វែរសាច់រឿងហើយទាញចូលជារឿង នយោបាយហើយពួកគេនាំគ្នា​ត្រេកត្រអាលយ៉ាងខ្លាំងនៅពេល​ឃើញកសិផលដែល​ជាញើសឈាមរបស់កសិករខ្មែរជួបបញ្ហា។ ការណ៍ដែលរដ្ឋាភិបាលដឹកនាំដោយលោក ហ៊ុន សែនខិតខំជំរុញឲ្យកសិករបង្កើនទិន្នផល ស្រូវ និងការស្វះស្វែងរកទីផ្សារ​ក្នុងពិភពលោកដើម្បីលក់អង្ករចេញក្រៅក៏ព្រោះតែចង់បង្កើនជីវភាពរបស់កសិករតែប៉ុណ្ណោះ ប៉ុន្តែផ្ទុយទៅវិញ ពួកប្រឆាំងដែលមាន សម រង្ស៊ី ជាមេខ្លោង បែរជាកំពុង​នាំគ្នាទះដៃអបអរ ពេលឃើញផលិតផលរបស់កសិករជួបនឹងបញ្ហាទីផ្សារ។

នេះហើយជាការបង្ហាញច្បាស់អំពីចរិតពួកអ្នកប្រឆាំងប្រយោជន៍ជាតិ ប្រយោជន៍កសិករខ្មែរដើម្បីផ្គាប់ចិត្តចៅហ្វាយនាយបរទេស។ ម្យ៉ាងទៀត ក្រុមប្រឆាំងជ្រុលនិយម​ដឹកនាំដោយ សម រង្ស៊ី ក៏កំពុងបន់ស្រន់ និងត្រៀមអបអរ ដែរក្នុងករណីដែលសហភាពអឺរ៉ុប​សម្រេចដកប្រព័ន្ធអនុគ្រោះពន្ធលើទំនិញគ្រប់​មុខលើកលែងអាវុធ​ហៅកាត់ថា EBA ។ យើងក៍គួរយល់អោយបានច្បាស់ដែរថា ប្រសិនបើមានការសំរេចផ្តាច់ EBA មែន នោះនិតិវិធី ដើម្បីឈានទៅអនុវត្តការ សំរេចនេះត្រូវមានរយះពេល ១៨ខែទៀតឯណោះ។

ដូច្នេះផលអវិជ្ជមានមិនអាចមានភ្លាមៗនោះទេហើយ ម៉្យាងវីញទៀត នៅពេលអនុវត្ត អាចមានផលប៉ះពាល់ខ្លះៗ ដល់វិស័យកាត់ដេរស្បែកជើងកម្ពុជា ប៉ុន្តែ វាមិនធ្ងន់ធ្ងរឡើយ ព្រោះតាមប្រភពពត៍មានផ្ទៃក្នុងរដ្ធាភិបាល លោក ហ៊ុន សែន បានលួចបង្ហើបអោយដឹងអំពី «ការត្រៀមជើងព្រួលរួចហើយទាំង​កត្តាខាងក្នុងនិង​កត្តាខាងក្រៅ​រាប់បញ្ចូលទាំងកង់សឺគួរដើម្បីធ្វើការកាត់បន្ថយអោយនៅកំរឹតអប្បរិមានូវផលប៉ះពាល់នេះ»

ទោះយ៉ាងណាក៏ដោយ ការត្រេកត្រអាលរបស់ក្រុមប្រឆាំងជ្រុលនិយមគឺជាការចំអកឡក ឡឺយដល់កម្មករនិងកម្មការិនី រាប់សែននាក់ដែលកំពុងបម្រើការ ងារក្នុងវិស័យកាត់ដេរសម្លៀកបំពាក់និងស្បែកជើងដែល ពួកប្រឆាំងតែងអួតថា យកចិត្តទុកដាក់ តែតាមពិតពួកគេត្រេកអរណាស់បើកម្មករ កម្មការិនីបាត់បង់ការងារនោះ។

ជាការពិតណាស់ តាំងពីដើម រហូតមក ក្រុមប្រឆាំងប្រយោជន៍ជាតិ តែងតែធ្វើអ្វីៗគ្រប់យ៉ាងដើម្បីឲ្យជាតិរលំរលាយ ឲ្យកសិករនិងកម្មករ អត់ការងារធ្វើនិងអត់​ទីផ្សារលក់ផលិតផលរបស់ពួកគេ។ គោលដៅរបស់ក្រុមប្រឆាំងជ្រុលនិយមដឹកនាំដោយ សម រង្ស៊ី គឺការចង់ឃើញប្រទេសជាតិធ្លាក់ដុនដានញាំញីដោយ សង្គ្រាមវឹកវរ, ប្រជាពលរដ្ឋអត់បាយក្រហាយទឹក។ នោះហើយជាសុភមង្គលរបស់ពួកគេពីព្រោះប្រសិនបើកើតមានស្ថានភាពបែបនេះមែន ក្រុមជ្រុលនិយមទាំងនោះគិតរំពឹងថា ខ្លួនអាចមានឱកាសដណ្តើមអំណាចបានដោយមធ្យោបាយក្រៅការបោះឆ្នោតតាមរយៈការបញ្ឆេះកំហឹងពលរដ្ឋឲ្យស្អប់ខ្ពើមរដ្ឋាភិបាល។ ម្យ៉ាងទៀត ពួកគេក៏រំពឹងថា អាចជួយធ្វើឲ្យចៅហ្វាយនាយបរទេសសម្រេចបំណងយកកម្ពុជាធ្វើជារណបនៃភូមិសាស្ត្រ នយោបាយបានផងដែរ។ ហេតុដូច្នេះហើយបាន​ជាពួកគេតែងធ្វើសកម្មភាព​គ្រប់យ៉ាងប្រឆាំងនឹងផលប្រយោជន៍ជាតិ, ប្រឆាំងប្រយោជន៍កសិករ និងកម្មករ។ ឥឡូវនេះ ស្ថានភាពប្រៀបបីដូចជាទឹកកំពុងរងថ្លាដែលធ្វើឲ្យ​យើងមើលឃើញត្រី​ក្នុងបឹងកាន់តែច្បាស់។ យ៉ាងណាមិញ ពួកប្រឆាំងប្រយោជន៍ជាតិកំពុងបញ្ចេញក្រឡាសាឲ្យយើងបានឃើញកាន់តែច្បាស់ហើយថា ពួកគេសប្បាយរីករាយ​នឹងទឹកភ្នែករបស់កម្មករនិងកសិករខ្មែរ។ ប៉ុន្តែពួកប្រឆាំងជ្រុលនិយមដែលមាន សម រង្ស៊ី ជាមេខ្លោង កំពុងយល់ច្រឡំធំណាស់៖

ទី១៖ ពួកគេប្រហែលភ្លេចហើយថា កម្ពុជាពេលនេះបានធ្វើ ដំណើរយ៉ាងវែងឆ្ងាយហើយចេញពីអតីតកាលដែលកម្ពុជាធ្លាប់រងការឈឺចាប់ខ្លាំងជាងនេះ រាប់ម៉ឺនដង។ ដូច្នេះ ដំណាក់កាល នេះមិនអាចបរទេសណាមួយមកធ្វើព្យុះភ្លៀងដល់កម្ពុជាបានទៀតឡើយ។

ទី២៖ ពួកគេប្រហែលភ្លេចហើយថា កម្ពុជាពេលនេះមានបុរសខ្លាំងដែលជាមេដឹកនាំ មានបទពិសោធន៍គ្រប់គ្រាន់ និងកំពុងឈរយ៉ាងរឹងមាំដើម្បី​ការពារអធិប​តេយ្យ​ភាពជាតិ និងការពារប្រជាពលរដ្ឋទូទាំងនគរ មិនឲ្យធ្លាក់ដុនដាបដូចពួកជ្រុលនិយមចង់បានឡើយ។

ទី៣៖ ពួកគេប្រហែលភ្លេចហើយថា ពិភពលោកបច្ចុប្បន្ន ជាពិភពលោកពហុប៉ូល ដែលមិន ចំណុះឲ្យតែពួកបស្ចឹមប្រទេសដូចកាលពីមុនទៀតឡើយ។ មានប៉ូលច្រើន​ណាស់ដែលកម្ពុជាអាចពឹងពាក់បានដោយមិនលំបាកឡើយដោយរក្សាបាននូវអធិបតេយ្យភាពជាតិ របស់ខ្លួន។

ទី៤៖ ពួកជ្រុលនិយមដឹកនាំដោយសម រង្ស៊ី ក៏ប្រហែលគិតមិនដល់ទេថា កម្ពុជាពេលនេះជាកូនក្រមុំដ៏ស្រស់ស្អាតដែលមានកន្លង់ ច្រើនណាស់ចោមរោមសុំស្នេហ៍។ អត់ពីប្រុសព្រាន​ម្នាក់ពីរ ក៏កូនក្រមុំកម្ពុជានៅមានបុរសល្អៗជាច្រើនទៀតរង់ចាំថ្នាក់ថ្នម ថែរក្សា។

ទី៥៖ ពួកជ្រុលនិយមក៏ទំនងជាភ្លេចហើយថា បច្ចុប្បន្ន កម្ពុជាមានខឿនសេដ្ឋកិច្ចរឹងមាំច្រើនផ្នែក ច្រើនវិស័យ គួរសម ដែលអាចទ្រទ្រង់ប្រជាពលរដ្ឋទូទាំង​ប្រទេសបានដោយមិន លំបាក ខណៈដែលមិត្តភ័ក្តិបរទេសជាច្រើនក៍កំពុងសហការផងនិងចាំជួយផងដែរ។ សរុបទៅ ពេលនេះគេអាចមើលឃើញ​ច្បាស់ហើយថា អ្នកណាជាអ្នកការពារប្រយោជន៍ជាតិ និងប្រជាជនពិតប្រាកដ ហើយអ្នកណាដែលតែងតែប្រឆាំងនឹងប្រយោជន៍ជាតិ និងប្រជាជន? បើមើលឃើញច្បាស់បែបនេះ ហើយ តើប្រជាជាតិខ្មែរគួរចាត់ការពួកដង្កូវសង្គមនេះបែបណា? សូមប្រជាពលរដ្ឋខ្មែរជឿជាក់ចុះថា កម្ពុជាអាចឈរបានយ៉ាង រឹងមាំនិងដាច់ខាតមិនអាចធ្លាក់ ដុនដាបដូចអតីតកាលឡើយដរាបណាកម្ពុជានៅមានមេដឹកនាំដ៏ខ្លាំងពូកែម្នាក់ឈរចាំពាំងការពារយ៉ាងរឹងមាំ។ កម្ពុជាក៏នៅមានមិត្តភ័ក្តិបរទេសជាច្រើន​កំពុងរង់​ចាំជួយគ្រប់បែបយ៉ាងដោយមិនហុតទឹកសម្លឹង កាកដូចបរទេសមួយចំនួនឡើយដើម្បីជំរុញការអភិវឌ្ឍន៍ប្រទេសឲ្យជឿនលឿន​ទៅមុខក្រោម​ម្លប់សុខសន្តិភាព​ដែលជាគ្រឹះដ៏រឹងមាំ។ យើងនាំគ្នារង់ចាំមើលតើពួកប្រឆាំងប្រយោជន៍ជាតិ ពួកដង្កូវស៊ី​បំផ្លាញស្រូវកសិករនិងពួក​កណ្តុរដែលចាំតែកកេរបំផ្លាញ​ផលិតផលសម្លៀក​បំពាក់កម្មករមានកន្លែងជ្រកដែរឬទេពេលកម្ពុជាឈររឹងមាំបាន ដោយកម្លាំងខ្លួនឯង ហើយបរទេសជាចៅហ្វាយនាយអស់ទឹក​មាត់ប្រៃមក​តថ្លៃជាមួយរដ្ឋាភិបាល​កម្ពុជាតទៅទៀតនោះ។

ដោយ៖ អ្នកតាមដាននយោបាយតុកាហ្វេ