(ភ្នំពេញ)៖ កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ, កម្លាំងស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ និងកម្លាំងស្នងការដ្ឋាននគរបាលខេត្តកណ្ដាល សហការគ្នាបើកការស្រាវជ្រាវ រហូតឈានដល់បំបែកសំណុំរឿង ជនជាតិខ្មែរ បើករថយន្តដឹក​ចៅហ្វាយ​ជនជាតិចិន ដល់កន្លែងស្ងាត់​វាយប្លន់​យកលុយ១០ម៉ឺនដុល្លារ នៅខណ្ឌសែនសុខ បានដោយជោគជ័យ។

ប្រតិបត្តិការឈានដល់សម្រេចដោយជោគជ័យ និងចាប់បានជនដៃដល់នៅថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៩នេះ ក្រោមការបញ្ជាផ្ទាល់ពី នាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងមានការចង្អុលបង្ហាញពី លោកឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ ដោយមានការសម្របសម្រួលពីតំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញផងដែរ។

របាយការណ៍របស់នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ក្រសួងមហាផ្ទៃ ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅល្ងាចថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៨នេះ បានបង្ហាញថា ជនដៃដល់ដែលធ្វើសកម្មភាពប្លន់ចៅហ្វាយជាជនជាតិចិន យកលុយជិត១០ម៉ឺនដុល្លារនោះ ឈ្មោះ​ អ៊ុង សុគន្ធ ​អាយុ៤២ឆ្នាំ ស្នាក់នៅភូមិព្រែកឫស្សី សង្កាត់ព្រែកឫស្សី ក្រុងតាខ្មៅ ខេត្តកណ្តាល។​

សូមជម្រាបថា បុរសជនជាតិចិនម្នាក់ឈ្មោះ លីវ លីន ​ត្រូវបានអ្នកបើករថយន្ត​របស់ខ្លួនវាយប្លន់យកលុយអស់ ប្រមាណ១០ម៉ឺនដុល្លារ ខណៈបើករថយន្ត​មកដល់កន្លែងស្ងាត់ នាព្រឹកថ្ងៃទី០៩ ខែមករា ឆ្នាំ២០១៩ ស្ថិតនៅតាមផ្លូវលំភូមិសំរោង សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

ប្រភពព័ត៌មានបានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញ​បុរស២នាក់ ជិះរថយន្តមួយគ្រឿង ម៉ាកព្រូស ពណ៌ស្លាទុំ ពាក់ផ្លាកលេខភ្នំពេញ​2AW-1763 លុះដល់ចំណុចផ្លូវស្ងាត់ ដោយមានផ្លូវជង្ហុកផងនោះ អ្នកបើករថយន្តដឹកចៅហ្វាយ ទាញចង្កូតធ្វើឲ្យរថយន្តហៀបនឹងធ្លាក់ខ្លួន បណ្តាលឲ្យចៅហ្វាយរបស់ខ្លួន បាត់ស្មារតីមួយភ្លែត​។ ភ្លាមនោះអ្នកបើកបរថយន្ត ក៏ឆ្លៀតឱកាសទាញយកកាបូបលុយ របស់ចៅហ្វាយជាជនជាតិចិន និងដាល់មួយដៃទៀត បណ្តាលឲ្យសន្លប់បាត់ស្មារតី រួចស្ពាយយកកាបូប លុយគេចខ្លួនបាត់ស្រមោល ។

លុះជនរងគ្រោះភ្ញាក់ដឹងខ្លួនវិញ បានព្យាយាមរកសមត្ថកិច្ចឲ្យជួយក្រោយមកក៏បានទៅដាក់ពាក្យបណ្តឹង នៅប៉ុស្តិ៍នគរបាលរដ្ឋបាល​សង្កាត់ឃ្មួញ ដើម្បីសមត្ថកិច្ចជួយអន្តរាគមន៍ ស្រាវជ្រាវរហូតចាប់កូនចៅរបស់ខ្លួន យកលុយប្រគល់ឲ្យរូបគាត់វិញ​៕