(វៀតណាម)៖ នាព្រឹកថ្ងៃទី១៨ ខែមករា ឆ្នាំ២១០៩ ឆ្លៀតឱកាសនៃកិច្ចប្រជុំរដ្ឋមន្ត្រីទេសចរណ៍អាស៊ានបូកបី លើកទី១៨ នៅទីក្រុងហាឡុង ប្រទេសវៀតណាម លោក ថោង ខុន រដ្ឋមន្ត្រីទេសចរណ៍កម្ពុជា បានជួបពិភាក្សាទ្វេភាគីជាមួយលោក អារីយ៉ែស យ៉ាសយ៉ា រដ្ឋមន្ត្រីទេសចរណ៍ឥណ្ឌូនេស៊ី ដោយបានពិភាក្សាលើការងារជាច្រើន។

កិច្ចពិភាក្សាទទួលបានលទ្ធផលមួយចំនួន រួមមាន៖

១៖ ជំរុញឲ្យមានការហោះហើរត្រង់ កម្ពុជា-ឥណ្ឌូនេស៊ី នាពេលខាងមុខ ដើម្បីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៦០ នៃចំណងការទូតកម្ពុជា-ឥណ្ឌូនេស៊ី។

២៖ ជំរុញការអនុវត្តស្មារតីនៃកំណត់ហេតុកិច្ចប្រជុំលើកទី៤ នៃគណៈកម្មការចម្រុះ កម្ពុជា-ឥណ្ឌូនេស៊ី នាឱកាសនៃកិច្ចប្រជុំទ្វេភាគី គណៈប្រតិភូកម្ពុជាដឹកនាំដោយលោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា និងលោកស្រី Retno LP. Marsudi រដ្ឋមន្ត្រីក្រសួងការបរទេសឥណ្ឌូនេស៊ី កាលពីថ្ងៃទី៣-៤ ខែធ្នូ ឆ្នាំ២០១៨ នៅទីក្រុងយ៉ាកាតា ប្រទេសឥណ្ឌូនេស៊ី។

៣៖ សម្រេចបង្កើតក្រុមការងារចម្រុះ អនុវត្តកិច្ចសហប្រតិបត្តិការទ្វេភាគីក្នុងវិស័យទេសចរណ៍ ដើម្បីបន្តពង្រឹងកិច្ចសហប្រតិបត្តិការនៃប្រទេសទាំងពីរ។

៤៖ ពង្រឹងកិច្ចសហប្រតិបត្តិការលើការផ្សព្វផ្សាយរួមគ្នា ពិនិត្យលទ្ធភាពតភ្ជាប់ទេសចរណ៍បេតិភណ្ឌរវាងប្រទេសទាំង ស្របតាមស្មារតីរួមរបស់អាស៊ាន ដែលឆ្នាំ២០១៩ ខាងមុខ នឹងផ្ដោតលើទេសចរណ៍វប្បធម៌ និងបេតិកភណ្ឌ (Culture and Heritage Culture) និងទេសចរណ៍សុខមាលភាព (Wellness Tourism)។

៥៖ ភាគីឥណ្ឌូនេស៊ីបានទទួលយកសំណើរបស់កម្ពុជា ស្នើសុំការចែករំលែកបទពិសោធន៍អំពីការប្រើប្រាស់ប្រព័ន្ធកំណត់ទីតាំងទេសចរ (Mobile Positioning Data) ដល់មន្ត្រីជំនាញ នាពេលខាងមុខ។ ប្រព័ន្ធនេះនឹងផ្ដល់ជាទិន្នន័យបន្ថែម សម្រាប់ការគ្រប់គ្រងទេសចរមកទស្សនាកម្សាន្តក្នុងប្រទេស។

៦៖ ភាគីទាំងពីរក៏បានឯកភាពគាំទ្រគ្នាទៅវិញទៅមក លើការរៀបចំពិធីវប្បធម៌នានា សំដៅជំរុញកិច្ចសហប្រតិបត្តិការផ្នែកទេសចរណ៍។

លោករដ្ឋមន្ត្រី ថោង ខុន បានអញ្ជើញលោក Arief Yahya មកទស្សនកិច្ចផ្លូវការនៅកម្ពុជា នាព្រឹត្តិការណ៍ទេសចរណ៍ណាមួយ នាពេលខាងមុខ។

សូមរំលឹកថា ឆ្នាំ២០១៨ កម្ពុជាបានទទួលស្វាគមន៍ទេសចរបរទេសសរុបជាង ៦.២លាននាក់ កើនឡើង ១១% ក្នុងនោះទេសចរឥណ្ឌូនេស៊ីមានចំនួន ៥៥,៧៥៣នាក់ កើនឡើង ១១.៨%៕