(ភ្នំពេញ)៖ លោកស្រីសាស្រ្ដាចារ្យ គ្រុយ លាងស៊ីម អនុរដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានក្រុមប្រឹក្សាភិបាលនៃមន្ទីរពេទ្យកុមារជាតិ ថ្លែងថាបញ្ហាកង្វះអាហារូបត្ថម្ភ និងងាយមានជំងឺ ដែលកើតចេញពីការបរិភោគអាហារមិនសមស្រប ។

ការថ្លែងដូច្នេះរបស់លោកស្រី បានធ្វើឡើងក្នុងពិធីប្រកាសដាក់ឲ្យប្រើប្រាស់សេវាប្រឹក្សាអាហារូបត្ថម្ភ នៅថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៩នេះ នៅមន្ទីរពេទ្យកុមារជាតិ ដែលមានភ្ញៀវចូលរួមជាតិ-អន្ដរជាតិ ជិតប្រមាណ៣០០នាក់ ។

លោកស្រីសាស្រ្ដាចារ្យ គ្រុយ លាងស៊ីម បានថ្លែងបន្ដថា «ដើម្បីទទួលបានសុខភាពល្អ យើងត្រូវបរិភោគអាហារដែលមានគ្រប់ជីវជាតិសំខាន់ៗទាំងបីក្រុម រួមមាន៖ អាហារថាមពល (បាយ, បបរ), អាហារសាងសង់(សាច់), និងអាហារការពារ(បន្លែ និងផ្លែឈើ) ។ប៉ុន្ដែកុំបរិភោគសាច់ច្រើន និងជាតិផ្អែមច្រើនពេក ដែលបណ្ដាលឲ្យងាយមានជំងឺប្រចាំកាយ ពិសេស ជំងឺធាត់លើសទម្ងន់ និងទឹកនោមផ្អែម ដែលបច្ចុប្បន្ននេះ យើងត្រូវតែបរិភោគឲ្យមានការប្រុងប្រយ័ត្នជានិច្ច កុំបណ្ដោយតាមឃ្លាននោះទេ» ។

លើសពីនោះ លោកស្រីសាស្ដ្រាចារ្យ បានបន្ដថា កន្លងមកនេះ មន្ទីរពេទ្យកុមារជាតិ គឺមានការផ្តល់សេវាអាហារដែលមានលក្ខណៈស្តង់ដារ ដោយគិតលើ អាហារទាំបីក្រុមនេះដល់កុមារ ដែលក្រោមការសហការ និងឧបត្ថម្ភដោយ ប្រជាជនជប៉ុន តាមរយៈមូលនិធិសម្រាប់ ការអភិវឌ្ឍន៍ និងជំនួយសង្គ្រោះអន្តរជាតិហៅកាត់ថា «FIDR» ។

លោកស្រីសាស្រ្ដាចារ្យ គ្រុយ លាងស៊ីម ថ្លែងបន្ដថា «មិនត្រឹមតែប៉ុណ្ណោះមន្ទីរពេទ្យកុមារជាតិ ក៏ជាកន្លែងដែលផ្តល់ការព្យាបាលកុមារកង្វះអាហារូបត្ថម្ភធ្ងន់ធ្ងរ តាមគោលការណ៍របស់ក្រសួង សុខាភិបាលផងដែរ ។ជាក់ស្ដែងថ្ងៃនេះ ខ្ញុំពិតជាមានសេចក្តីរីករាយណាស់ ដោយបានឃើញផ្នែកអាហារូបត្ថម្ភ មានការអភិវឌ្ឍន៍ ខ្លួនឈានទៅមួយកម្រិតទៀត។ ពិសេសសេវាប្រឹក្សាអាហារូបត្ថម្ភ ជាផ្នែកមួយនៅក្នុង ផែនការអភិវឌ្ឍន៍ របស់មន្ទីរពេទ្យផងដែរ»។

ទន្ទឹមនឹងនោះ យុទ្ធនាការអាហារូបត្ថម្ភលើកទី១ នៅមន្ទីរពេទ្យកុមារ និងការបង្កើតសេវាកម្មប្រឹក្សាអាហារូបត្ថម្ភពិត ជាមានសារៈ សំខាន់ណាស់សម្រាប់ អនាគតកុមារកម្ពុជា និងបានចូលរួមដោះស្រាយ កង្វល់របស់មាតាបិតា និងអាណាព្យាបាលសិស្សានុ សិស្សទាំងអស់ពីបញ្ហា ក្នុងការរៀបចំអាហារ ដ៏សមស្របដល់កុមារដើម្បីការលូតលាស់ល្អ និងបញ្ហាផ្សេងៗរបស់កុមារទាក់ទង នឹងអាហារូបត្ថម្ភ មានដូចជា (ប្រតិកម្មជាមួយអាហារ ឬ អាលឺស្ស៊ី, ទឹកនោមផ្អែម, ធាត់ពេក, ស្គមពេក, កុមារមិនលូតកម្អស់ និងឡើងទម្ងន់៦ខែចុងក្រោយ, កុមាររើសចំនី, បញ្ហាតម្រង់នោម, រាក, និងជំងឺផ្សេងទៀត)។

លោកស្រីសាស្ដ្រាចារ្យ ថ្លែងបន្ថែមថា ដោយសង្កេតឃើញថា កម្ពុជាមិនទាន់មានសេវាប្រឹក្សានេះនៅឡើយ ហើយបញ្ហាកង្វះអាហារូបត្ថម្ភ និងជំងឺដែលកើតចេញ ពីរបបអាហារមិនសមស្រប ជាប្រធានបទមួយដ៏ក្តៅគគុកទូទាំងសកលលោក ក៏ដូចជានៅកម្ពុជាយើងផងដែរ។ ប្រមុខរដ្ឋាភិបាលកម្ពុជា និងក្រសួងសុខាភិបាលបាន និងកំពុង យកចិត្តទុកដាក់ក្នុងកាត់ បន្ថយបញ្ហាអាហារូបត្ថម្ភមាតា និងកុមារ។អត្រាកង្វះអាហារូបត្ថម្ភនៅកម្ពុជា នៅមានអត្រាខ្ពស់នៅឡើយ ជំងឺកើតចេញ ពីរបបអាហារមិនសមស្របចេះតែកើនឡើង។ នេះបើយោងតាមរបាយការណ៍ប្រជាសាស្ត្រ (CDHS) ស្តីអំពីកង្វះអាហារូប្ថម្ភ និងជំងឺដែលកើតចេញពី របបអាហារមិនសមស្របលើកុមារនៅប្រទេសកម្ពុជាឆ្នាំ២០១៤៖

*អត្រាកុមារក្រិនមាន ៣២% ក្នុងឆ្នាំ២០១៤ និង ៥០% ឆ្នាំ២០១០
*អត្រាកុមារស្គមមាន ១០% ក្នុងឆ្នាំ២០១៤ និង ១៧% ឆ្នាំ២០១០
*អត្រាកុមារខ្វះទម្ងន់មាន ២៤% ក្នុងឆ្នាំ២០១៤ និង ៣៩% ឆ្នាំ២០១០
*អត្រាកុមារលើសទម្ងន់ និងធាត់ក៏មានការកើនឡើងជាលំដាប់គួរឲ្យគាត់សម្គាល់

កត្តាទាំងអស់ខាងលើនេះហើយ ដែលនាំឲ្យមន្ទីរពេទ្យកុមារជាតិ បានដាក់ផែនការបង្កើតសេវា ប្រឹក្សាអាហារូបត្ថម្ភជាទិសដៅអទិភាពរបស់ខ្លួន និងរៀបចំយុទ្ធនាការអាហារូបត្ថម្ភ ដើម្បីជួយបង្កើន ការយកចិត្តទុកដាក់ចរបស់មាតាបិតាក្នុងការផ្តល់អាហារ ដែលមានគ្រប់សារជាតិដល់កុមារ និងធ្វើឲ្យប្រសើរឡើងនៅបញ្ហាសុខភាពកុមារ និងជំងឺដែលកើតចេញពីរបបអាហារមិនសមស្របនានា។

ព្រមជាមួយគ្នានេះ លោកស្រីសាស្ដ្រាចារ្យ បានអំពាវដល់ប្រជាពលរដ្ឋ ត្រូវគ្រប់គ្រងរបបអាហារប្រចាំថ្ងៃឲ្យបានត្រឹមត្រូវ កុំឲ្យខ្វះ ឬលើសសារធាតុណាមួយនោះឡើយ ពិសេសលើកុមារ មិនត្រូវធាត់លើសទម្ងន់ពេក និងស្គមពេកនោះទេ ពិសេសកុំឲ្យពិសាភេសជ្ជៈដែលមានជាតិផ្អែមពេក ដែលនឹងធ្វើឲ្យកុមារកើតជំងឺទឹកនោមផ្អែម ៕