(ភ្នំពេញ)៖ អង្គភាពព័ត៌មាន Fresh News ដែលជាអង្គភាពព័ត៌មានមួយនៅកម្ពុជា ប្រើប្រាស់បច្ចេកវិទ្យាទំនើប ក្នុងការបាញ់បញ្ជូនព័ត៌មានថ្មីៗ និងចុះក្រោយបំផុត ទៅដល់ដៃរបស់ប្រជាពលរដ្ឋនោះ នៅថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៩នេះ បានទទួលនូវប័ណ្ណសរសើរ ពីគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក តាមរយៈការចូលរួមចំណែក ជាមួយរាជរដ្ឋាភិបាល ក្នុងការបង្ការ អប់រំ និងទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍។

ការផ្តល់ប័ណ្ណសរសើរជូនអង្គភាពព័ត៌មាន Fresh News នេះ ធ្វើឡើងក្នុងកិច្ចប្រជុំបូកសុរបលទ្ធផល ការងារ​សុវត្ថិភាពចរាចរណ៍ផ្លូវគោកឆ្នាំ២០១៨ និងទិសដៅបន្ដឆ្នាំ២០១៩ ដែលបានរៀបចំធ្វើឡើង​ នៅទីស្ដីការក្រសួងមហាផ្ទៃ ក្រោមអធិបតីភាព សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក។

អង្គភាពព័ត៌មាន Fresh News បានចូលរួមយ៉ាងសកម្មក្នុងការផ្សព្វផ្សាយព័ត៌មានពាក់ព័ន្ធការបង្ការ អប់រំ ទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍។ តួយ៉ាងជារៀងរាល់ថ្ងៃនេះ Fresh News បានចុះផ្សាយយ៉ាងទៀងទាត់ជាប្រចាំថ្ងៃ នូវលទ្ធផលនៃការអនុវត្តន៍ច្បាប់ចរាចរណ៍ និងសារអប់រំជាប្រចាំ អំពីគ្រោះថ្នាក់ចរាចរណ៍ ដើម្បីជាការដាក់សតិអារម្មណ៍របស់ប្រជាពលរដ្ឋ នៅពេលបើកយានយន្តតាមដងវិថីនោះ។

លោក លឹម ជាវុត្ថា ស្ថាបនិក និងជានាយកប្រតិបត្តិអង្គភាពព័ត៌មាន Fresh News ដែលអញ្ជើញទទួលប័ណ្ណសរសើរពីគណៈអធិបតី ក្នុងកិច្ចប្រជុំខាងលើបានថ្លែងអំណរគុណ និងសម្តែងនូវក្តីរីករាយយ៉ាងខ្លាំង ចំពោះគណៈកម្មាធិការដែលបានផ្តល់នូវការលើកទឹកចិត្ត តាមរយៈការផ្តល់ប័ណ្ណសរសើរជូន អង្គភាពព័ត៌មាន Fresh News។

នាយកប្រតិបត្តិវ័យក្មេងដដែលរូបនេះ បង្ហាញនូវឆន្ទៈរបស់ខ្លួនថា «Fresh News សូមប្តេជ្ញាថា នឹងបន្តចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការអប់រំ បង្ការ ទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍នៅកម្ពុជា តាមរយៈការផ្សព្វផ្សាយនូវព័ត៌មាន ប្រកបដោយវិជ្ជាជីវៈ និងក្រមសីលធម៌»

លោក លឹម ជាវុត្ថា បានបន្តបញ្ជាក់យ៉ាងដូច្នេះថា «ប័ណ្ណសរសើរដែល Fresh News ទទួលបាននាពេលនេះ គឺមិនមែនជាកិត្តិយសរបស់ខ្ញុំទេ ប៉ុន្តែវាជាកិត្តិយសរបស់បុគ្គលិកទាំងអស់ ដែលបម្រើការងារនៅអង្គភាពព័ត៌មាន Fresh News មានជាង១០០នាក់»

សូមជម្រាបថា នេះជាប័ណ្ណសរសើរទី៣ហើយ ដែលគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក ប្រគល់ជូនអង្គភាពព័ត៌មាន Fresh News ដែលប័ណ្ណសរសើរទី១ Fresh News ទទួលបាននៅឆ្នាំ២០១៧ និងលើកទី២ ទទួលបាននៅឆ្នាំ២០១៨​៕