(ភ្នំពេញ)៖ លោកបណ្ឌិត គាត ឈន់ ប្រធានកិតិ្តយសឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិ បានចូលប្រកាសទ្រព្យសម្បត្តិ និងបំណុល តាមរបប០២ឆ្នាំ សម្រាប់ឆ្នាំ២០១៩ នៅអង្គភាពប្រឆាំងអំពើពុករលួយ (ACU) នៅថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៩។ នេះបើតាមសេចក្តីជូនដំណឹងរបស់អង្គភាពប្រឆាំងអំពើពុករលួយ។

តាមការជូនដំណឹងនេះ គិតចាប់ពីថ្ងៃទី០១ ខែមករា ដល់ថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៩ អង្គភាពប្រឆាំងអំពើពុករលួយបានទទួលឯកសារប្រកាសទ្រព្យសម្បត្តិ និងបំណុល ចំនួន១៣.១៥៧ ច្បាប់ហើយ។

តាមការឱ្យដឹងពីអង្គភាពនេះ, ឥស្សរជនជាន់ខ្ពស់ជាច្រើនរូបទៀត ដែលក្នុងនោះដូចជា សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា, សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា, សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ព្រមទាំង ឧបនាយករដ្ឋមន្រ្តី ដូចជា លោកស្រីកិតិ្តសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី ប៊ិន ឈិន, ឧបនាយករដ្ឋមន្រ្តី យឹម ឆៃលី, ឧបនាយករដ្ឋមន្រ្តី កែ គឹមយ៉ាន, ឧបនាយករដ្ឋមន្រ្តី អូន ព័ន្ធមុនីរ័ត្ន , ឧបនាយករដ្ឋមន្រ្តី ជា សុផារ៉ា និង លោក អ៊ឹម ឈុនលឹម ប្រធានក្រុមប្រឹក្សាធម្មនុញ្ញ បានបំពេញកាតព្វកិច្ចប្រកាសទ្រព្យសម្បត្តិ និងបំណុលរួចរាល់ហើយផងដែរ៕