(ព្រះវិហារ)៖ លោកឧត្តមសេនីយ៍ឯក ពៅ ហេង មេបញ្ជាការរងកងទ័ពជើងគោក និងជាមេបញ្ជាការយោធភាគទី៤ នៅព្រឹកថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៩នេះ បានអញ្ជើញចូលរួមសម្ភោធ ដាក់ឲ្យប្រើប្រាស់សមិទ្ធិផលផ្សេងៗ របស់ទីបញ្ជាការតំបន់ប្រតិបត្តិការសឹករងព្រះវិហារ ស្ថិតក្នុងសង្កាត់កំពង់ប្រណាក ក្រុងព្រះវិហារ ខេត្តព្រះវិហារ។

អញ្ជើញចូលរួមក្នុងឱកាសមានលោក គោ ស៊ុប៊ុនសឿត អភិបាលរងខេត្តព្រះវិហារ តំណាងលោក អ៊ុន ចាន់ដា អភិបាលខេត្ត ព្រមទាំងថ្នាក់ដឹកនាំខេត្ត ប្រធានមន្ទីរអង្គភាពជុំវិញខេត្ត មេបញ្ជាការ មេបញ្ជាការរង និងនាយទាហាន នាយទាហានរង និងពលទាហានជាច្រើនរូបទៀត។

លោកឧត្តមសេនីយ៍ទោ ច័ន្ទ សុភក្ត្រ័ា មេបញ្ជាការរងយោធភូមិភាគទី៤ និងជាមេបញ្ជាការតំបន់ប្រតិបត្តិការសឹករងព្រះវិហារ បានថ្លែងថា ថ្ងៃនេះតំបន់ប្រតិបត្តិការសឹករងព្រះវិហារ ឆ្លងកាត់ការងារដឹក នាំអស់រយៈពេល២ឆ្នាំកន្លងមកនេះ ដោយមានការដឹកនាំចង្អុលបង្ហាញពីសំណាក់ថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ ពិសេសលោកមេបញ្ជាការយោធភូមិភាគទី៤ និងលោកអភិបាលខេត្តព្រះវិហារ បានធ្វើឲ្យអង្គភាពមានការអភិវឌ្ឍន៍រីកចំរើនបានជាបន្តបន្ទាប់ រួមជាមួយស្មារតីឆន្ទៈរបស់បងប្អូននាយទាហាន នាយទាហានរង និងពលទាហានទូទាំងតំបន់ប្រតិបត្តិការសឹករងព្រះវិហារ បានចូលរួមចំណែកយ៉ាងសកម្មលើគ្រប់វិស័យ ការងារយោធា សន្តិសុខព្រំដែន និងផ្ទៃក្នុងភូមិសាស្ត្រ។

លោកមេបញ្ជាការតំបន់ប្រតិបត្តិការសឹករងព្រះវិហារ បានបន្តទៀតថា សមិទ្ធិផលដែលត្រូវដាក់សម្ភោធនៅថ្ងៃនេះ រួមមាន៖
*ខ្លោងទ្វាចំនួន១ ធ្វើអំពីបេតុងប្រក់ក្បឿងកំពស់៧,២ម៉ែត្រ និងបណ្តោយ៧ម៉ែត្រ
*អគារប្រចាំការប្រចាំបញ្ជាចំនួន១ខ្នង ធ្វើអំពីបេតុងប្រក់ក្បឿងមានទំហ៊ំ៤,១៥ម៉ែត្រ គុណ៧,២ម៉ែត្រ
*កញ្ចុះធ្វើការរបស់លោកមេបញ្ជាការរង និងផ្នែកជំនាញមួយចំនួន
*កែលំអរជួសជុលសោភណ្ឌភាពផ្លូវ និងរបបងមុខបន្ទាយ ក្នុងនោះផ្លូវមានប្រវែង៥០០ម៉ែត្រ របបង១៤៥ម៉ែត្រ និងចាក់ដីកែលំអរផ្ទៃក្នុងទីបញ្ជាការផងដែរ។

លោកឧត្តមសេនីយ៍ទោ ច័ន្ទ សុភក្ត្រ័ បានបន្តថា ក្រៅពីសមិទ្ធិផលខាងលើ អង្គភាពក៏បានយកចិត្តទុកដាក់កសាងប្រព័ន្ធលេណដ្ឋានចំនួន២កន្លែង ធ្វើអំពីបេតុងនៅអង្គភាពវរសេនាតូចលេខ១ និងអង្គភាពវរសេនាតូចលេខ២ ចំណាយថវិការអស់ជាង២ម៉ឺនដុល្លារ។

ពង្រឹងការកសាងប្រៀបការពារព្រំដែន ដោយមេបញ្ជការគ្រប់ជាន់ថ្នាក់ បានយកចិត្តទុកដាក់សាងសង់ផ្ទះស្នាក់នៅ ជូនយោធិន និងគ្រួសារយោធិន, កសាងប្រព័ន្ធលេណដ្ឋាន បញ្ជាសង្គ្រោះ អាវុធគាំទ្រ ចល័ត បុគ្គល ផ្លូវចំរ៉ាក់និងរបៀង, យកចិត្តទុកដាក់គ្រប់គ្រងកម្លាំង និងបរិក្ខាយោធាប្រើប្រាស់ទុកដាក់ត្រឹមត្រូវ តាមបច្ចេកទេស ដើម្បីធានាប្រសិទ្ធិភាពប្រយុទ្ធ, បង្កើនការអប់រំរៀនសូត្រ អប់រំចិត្តសាស្ត្រ នយោបាយសតិអារម្មណ៍ យកចិត្តទុកដាក់ការងារចិញ្ចឹមទ័ព ការផ្គត់ផ្គង់ជីវភាពពិសេសគោលរបបរបស់សម្តេច។

លោកឧត្តមសេនីយ៍ឯក ពៅ ហេង បានថ្លែងការកោតសរសើរដល់អង្គភាពតំបន់ប្រតិបត្តិការសឹករងព្រះវិហារ ដែលមានការអភិវឌ្ឍន៍រីកចំរើនគ្រប់វិស័យយ៉ាងឆាប់រហ័ស ក្នុងរយៈពេលដ៏ខ្លីនេះ ដែលជាកត្តានេះ គឺផ្តើមចេញមកពីកត្តាសាម្គីភាពរវាងមេបញ្ជាការគ្រប់លំដាប់ថ្នាក់ បើមិនមានកត្តាសាមគ្គី ឯកភាពផ្ទៃក្នុងល្អជាមួយគ្នាទេនោះ មិនមានការរីកចំរើននោះទេ។

ជាមួយគ្នានេះ លោកឧត្តមសេនីយ៍ឯក ពៅ ហេង ក៏បានណែនាំឲ្យនាយ និងពលទាហានគ្រប់បណ្តាអង្គភាពចំណុះតំបន់សឹករងព្រះវិហារ ត្រូវយកចិត្តទុកដាក់ចូលរួមចំណែកថែរក្សាសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់សង្គម ជូនប្រជាពលរដ្ឋឲ្យបានល្អប្រសើរ ពិសេសការចូលរួមអនុវត្តន៍គោលនយោបាយភូមិ-ឃុំ មានសុវត្ថិភាពរបស់រាជរដ្ឋាភិបាល ពិសេសត្រូវបង្កើនកិច្ចសហការល្អ ជាមួយអាជ្ញាធរដែនដី គ្រប់លំដាប់ថ្នាក់នៅតាមមូលដ្ឋាន៕