(កំពង់ស្ពឺ)៖ ទីផ្សារស្ករត្នោតខ្មែរកំពុងរីកដុះដាលខ្លាំងក្រុមហ៊ុនខ្មែរមួយដែលកំពុងជួយវិស័យស្ករត្នោតដ៏ធំជាងគេ នៅកម្ពុជា គឺក្រុមហ៊ុន Signatures of Asia បានចុះអនុស្សារណៈយោគយល់គ្នាជាមួយសហគមន៍កសិកម្មត្នោតកំពង់ស្ពឺ ដើម្បីផ្គត់ផ្គង់ស្ករត្នោតសរីរាង្គទាំងក្នុង និងក្រៅប្រទេស។

ពិធីចុះហត្ថលេខាទិញស្ករត្នោតក្នុងក្របខ័ណ្ឌផលិតកម្មកសិកម្មតាមកិច្ចសន្យាបានធ្វើឡើងកាលពីរថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៩ កន្លងនេះ ដោយមានការអញ្ជើញចូលរួមពីរ អភិបាលរងស្រុកឧដុង្គ អ្នកស្រី យ៉ាន ចនចាន់វិច្ឆិកា លោក ឈៀង តុលា ប្រធានមន្ទីរកសិកម្មខេត្តកំពង់ស្ពឺ, លោក ហង់ សុវណ្ណ អនុប្រធាននាយកដ្ឋានកសិ-ឧស្សាហកម្ម លោក អៀ ឯកសា អនុប្រធាននាយកដ្ឋានអភិវឌ្ឍន៍, លោក ប្រាក់ សេរីវឌ្ឃ នាយកអង្គការ វិទ្យាស្ថានស្រាវជ្រាវ និងអភិវឌ្ឍន៍ជនបទកម្ពុជា និងសហគមន៍កសិកម្ម, លោក ចាន់ ពេជ្រ ប្រធានគ្រប់គ្រងទូទៅនៃក្រុមហ៊ុន Signatures of Asia, ព្រមទាំងអាជ្ញាធរស្រុក-ឃុំ និងអង្គការស្ថាប័នផ្សេងទៀត។

លោក ចាន់ ពេជ្រ នាយកគ្រប់គ្រង ក្រុមហ៊ុន Signatures of Asia បានឱ្យដឹងថា ថ្ងៃនេះបានចុះហត្ថលេខាទិញស្ករត្នោតកំពង់ស្ពឺទៀតហើយ បន្ទាប់ពីបានចុះហត្ថលេខានៅខេត្តកំពង់ធំ កាលពីសប្តាហ៍មុនថ្មីៗនេះ។ ក្រុមហ៊ុនលោកបានចុះហត្ថលេខាទិញស្ករត្នោតពីសហគមន៍កសិកម្ម ត្នោតកំពង់ស្ពឺ បួនឆ្នាំមកហើយសម្រាប់នាំចេញទៅទីផ្សារអន្តរជាតិ ដោយឡែកឆ្នាំនេះក្រុមហ៊ុនត្រូវការស្ករត្នោតសរីរាង្គចំនួន១៦០តោនទៀត ពីខេត្តកំពង់ស្ពឺ សម្រាប់ផ្គត់ផ្គង់ទីផ្សារក្នុងស្រុក និងក្រៅប្រទេសក្នុងក្របខ័ណ្ឌផលិតកម្មកសិកម្មតាមកិច្ចសន្យា ដែលនាំផលប្រយោជន៍ ដល់កសិករដែលជាអ្នកផលិតស្ករត្នោតលក់ បានតម្លៃខ្ពស់សមរម្យ និងធានាបានដល់ អ្នកប្រើប្រាស់ ស្ករត្នោតសុទ្ធពិតប្រាកដមិនក្លែងក្លាយ។

ក្រុមហ៊ុន Signatures of Asia ដែលជាក្រុមហ៊ុនខ្មែរក្នុងស្រុកមួយ កំពុងតែធ្វើការយ៉ាងសកម្មជួយដល់កសិករក្រីក្រនៅកម្ពុជា និងក៏ជាក្រុមហ៊ុនដ៏ធំមួយក្នុងចំណោមក្រុមហ៊ុននាំចេញអង្ករទៅកាន់ទីផ្សារអន្តរជាតិ ក្នុងនោះក៏មានអង្ករសរីរាង្គស្ករត្នោតសរីរាង្គផងដែរ ដោយមានកសិកររាប់ម៉ឺននាក់ កំពុងទទួលផលពីការលក់កសិផលខាងលើជូនក្រុមហ៊ុននេះ។

គួរកត់សំគាល់ដែរថា ក្រុមហ៊ុន Signatures of Asia មានដៃគូសហការច្រើន ដើម្បីជួយដល់វិស័យស្ករត្នោតនេះ មានដូចជាអង្គការវិទ្យាស្ថាន ស្រាវជ្រាវ និងអភិវឌ្ឍន៍ជនបទកម្ពុជា (CIRD) គម្រោងប្រឆាំងភាពក្រីក្រ IAP-SNV ដែលគម្រោងនេះ ជួយពង្រឹងបច្ចេកទេសផលិតកម្មស្ករត្នោត ដល់កសិករ និងក្រុមហ៊ុនការបង្កើតគំរូអាជីវកម្មទំនើបរួមគ្នាដោយគិតពីសង្គម បរិដ្ឋាន និងជួយបង្កើនប្រាក់ចំណូលដល់កសិករក្រីក្រ ផ្តល់ការយល់ដឹងអំពីយ៉េនឌ័រ និងការអភិវឌ្ឃន៍ដោយមាននិរន្តរភាព។

លោក ចាន់ ពេជ្រ ក៏បានឱ្យដឹងដែរថា ក្រុមហ៊ុនលោកទទួលបានការបញ្ជាទិញកើនឡើងពីទីផ្សារអន្តរជាតិក្នុងឆ្នាំនេះ។ លោកក៏សង្កេតឃើញ ថាស្ករត្នោតត្រូវបានគេនិយមប្រើប្រាស់នៅទ្វីបអឺរ៉ុប ដោយសារពេលបរិភោគវាមានកំរិតជាតិស្ករក្នុងឈាមទាប ដែលអាចប្រើប្រាស់បានទាំងអ្នក មានជំងឺទឹកនោមផ្អែម និងអ្នកដែលមានកម្រិតជាតិស្ករខ្ពស់ក្នុងឈាម មិនតែប៉ុណ្ណោះវាក៏មានសារធាតុរ៉ែ និងវីតាមីនជាច្រើនប្រភេទផងដែរ មិនដូចស្ករសដែលគេកំពុងប្រើប្រាស់សព្វថ្ងៃនោះទេ។

ក្រុមហ៊ុន Signatures of Asia ដែលកំពុងអភិវឌ្ឃន៍ស្ករត្នោតខ្មែរ ឱ្យមានស្តង់ដារសរីរាង្គដែលទទួលស្គាល់ពីអន្តរជាតិ គឺបានជួយបង្រៀនកសិករ ឱ្យចេះផលិតតាមបទដ្ឋានអនាម័យ សុវត្ថភាពខ្ពស់ដល់អ្នកប្រើប្រាស់ការវិចខ្ចប់ស្អាត ទំនើបបានទាក់ទាញអ្នកប្រើប្រាស់ក្នុងស្រុក និងក្រៅស្រុកប្រើប្រាស់ស្ករត្នោតពិតមិនក្លែងក្លាយ និងមានរស់ជាតិឈ្ងុយឆ្ងាញ់ គឺជួយឱ្យកសិករមានចំណូលខ្ពស់ ថែរក្សាដើមត្នោត និងមុខរបរដែលជាកេរ្តិ៍ដំណែលដូនតាខ្មែរយើង សម្រាប់កូនចៅជំនាន់ក្រោយទៀតដែលដើមត្នោតក៏ជាអត្តសញ្ញាណរបស់ជាតិខ្មែរយើងទាំងអស់គ្នា។

សូមបញ្ជាក់ផងដែរថា បន្តាប់ពីបន្ទាប់ពីបានចុះហត្ថលេខានៅខេត្តកំពង់ធំ កំពង់ស្ពឺរួចរាលហើយ ក្រុមហ៊ុន Signatures of Asia គ្រោងនិងបន្ត ចុះហត្ថលេខាទិញស្ករត្នោតពីសហគមន៍កសិកម្ម ស្ករត្នោតខេត្តស្វាយរៀង និងកំពុងឆ្នាំង នាពេលឆាប់ៗខាងមុខនេះ ដើម្បីបំពេញតម្រូវការទីផ្សារជាតិ និងអន្តរជាតិ៕