(ភ្នំពេញ)៖ នៅរសៀលថ្ងៃព្រហស្បតិ៍ ១២កើត ខែបុស្ស ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៩ នេះ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ព្រះប្រធានកិត្តិយសកាកបាទក្រហមកម្ពុជា ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត បានសព្វព្រះរាជហឫទ័យប្រោសព្រះរាជទាននូវព្រះរាជអំណោយជាថ្នាំពេទ្យចម្រុះចំនួន ២០កេស និងមីយើងចំនួន ២០០កេស ដល់កាកបាទក្រហមកម្ពុជា សម្រាប់ផ្តល់ជូនដល់ជនរងគ្រោះ និងជនងាយរងគ្រោះបំផុត។

ពិធីប្រគល់-ទទួលព្រះរាជអំណោយ បានប្រព្រឹត្តទៅនៅទីស្នាក់ការកណ្តាលកាកបាទក្រហមកម្ពុជា ក្រោមវត្តមានប្រគល់ដោយ ឯកឧត្តម ឡាច សុភាព ប្រធាននាយកដ្ឋានពិធីការ និងជាទីប្រឹក្សាសម្តេចចៅហ្វាវាំង គង់ សំអុល ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង និងសហការី និងទទួលដោយ លោកជំទាវ ពុំ ចន្ទីនី អគ្គលេខាធិការកាកបាទក្រហមកម្ពុជា និងសហការី។

កាកបាទក្រហមកម្ពុជា ដែលមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន នឹងចាត់ចែងយកព្រះរាជអំណោយទាំងអស់នេះ ទៅចែកជូនដល់ជនរងគ្រោះ និងជនងាយរងគ្រោះបំផុត ក្នុងពេលដ៏ខ្លីឆាប់ៗខាងមុខនេះឱ្យបានទាន់ពេលវេលា ក្នុងព្រះរាជាណាចក្រកម្ពុជា៕