(ភ្នំពេញ)៖ ជនសង្ស័យ​ចោរម្នាក់​ចូលទៅលួចម៉ូតូ១គ្រឿង នៅខាងក្រោមផ្ទះរបស់គេ ​ខណៈ​ឃើញ​ស្ថានភាពទំនងជា​ស្ងប់ស្ងាត់ទៅហើយនោះ ព្រោះម្ចាស់ដេកនៅជាន់ខាងលើ បែរជាស៊យភ្លាត់ស្នៀតត្រូវគេផ្សេងឃើញ​ និងស្រែកឡើងផ្អើលឆោរឡោរ ហើយដេញតាមក្របួចជាប់​ប្រគល់ឲ្យនគរបាល នៅរសៀលថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៩នេះ ស្ថិតនៅចំណុចផ្ទះជួលលេខ៤០ ផ្លូវ៦២R ក្រុម៥ ភូមិទួលសំពៅ សង្កាត់ទួលសង្កែ១ ខណ្ឌឬស្សីកែវ​។

អធិការនគរបាលខណ្ឌឬស្សីកែវ លោកវរសេនីយ៍ទោ គល់ យី បានប្រាប់ពីដំណើររឿង មុនឈានដល់ការឃាត់ខ្លួនជនសង្ស័យជាចោរលួចម៉ូតូដើម្បីសាកសួរ ប៉ុន្មានម៉ោងក្រោយ ដោយមានការបញ្ជាក់បន្ថែមពីសាក្សីផងនោះ ទើបដឹងថានៅវេលាកើតហេតុ ជនរងគ្រោះបានទុកម៉ូតូ០១គ្រឿងម៉ាក PCX ពណ៌ស​ ពាក់សា្លកលេខភ្នំពេញ​1FH-0555 នៅខាងក្រោមបន្ទប់ជួល (ចំណុចកើតហេតុ) ក៏លឺសូសំលេងស្រែកថា ចោរៗលួចម៉ូតូ​ទើបចុះពីលើបន្ទប់ជួលមកមើលឃើញ ប្រជាពលរដ្ឋកំពុងតែនាំគ្នាដេញចាប់ ខណៈដែលកម្លាំងសមត្ថកិច្ចមូលដ្ឋានកំពុងយាមល្បាត បានចេញមកអន្តរាគមន៍ឃាត់ខ្លួនជនសង្ស័យភ្លាមៗ និងរកឃើញវត្ថុតាងមានដូចជា ដែកសំប៉ែតចុងស្រួចចំនួន០៥, កូនសោរខ្សៀលេខ៨ចំនួន០១, កូនសោរម៉ូតូចំនួន០២ និងទូរសព្ទ័០១គ្រឿងម៉ាកសាំស៊ុង ពណ៌ខៅ្ម (ចុចពិល) ១គ្រឿង។

លោកវរសេនីយ៍ទោ គល់ យី បានបង្ហើបទៀតថា ជនសង្ស័យឈ្មោះ ហេង វីរៈ​ អាយុ២៨ឆ្នាំ ជនជាតិវៀតណាម (មានសារធាតុញៀន) ស្នាក់នៅផ្ទះជួល ក្នុងភូមិ១៦ សង្កាត់ស្រះចក ខណ្ឧដូនពេញ។ ចំណែកជនរងគ្រោះឈោ្មះ ប៉ិច សុភី ភេទប្រុស អាយុ២៧ឆ្នាំ មុខរបរជាងមា្នងសិលា ស្នាក់នៅផ្ទះកើតហេតុ។

លោកអធិការថា ជនសង្ស័យដែលត្រូវឃាត់ខ្លួន​ពាក់ព័ន្ធអំពើ​លួច មានស្ថានទម្ងន់ទោស និងវត្ថុតាងនានា ដែលដកហូតពីសកម្មភាព បាននិងកំពុងស្ថិតនៅក្រោមការសួរនាំ នៅអធិការដ្ឋានខណ្ឌ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ​ចាត់ការទៅតាមនីតិវិធី៕​