(ភ្នំពេញ)៖ ទីតាំងបើកល្បែងឆ្នោតធំមួយកន្លែង នៅខណ្ឌទួលគោក រាជធានីភ្នំពេញ ដែលកម្លាំងសមត្ថកិច្ចចុះបង្ក្រាបកាលពីអំឡុងខែកញ្ញា ឆ្នាំ២០១៨កន្លងទៅ នៅពេលនេះបានបើកដំណើរការឡើងវិញយ៉ាងរំភើយ ដោយគ្មានក្រែងរអែងច្បាប់បន្ដិចណាសោះ ខណៈប្រជាពលរដ្ឋមូលដ្ឋានស្នើអភិបាល និងអធិការខណ្ឌចុះបង្ក្រាបជាថ្មី។

ប្រជាពលរដ្ឋមូលដ្ឋានខណ្ឌទួលគោក បានបង្ហើបប្រាប់ភ្នាក់ងារ Fresh News ឲ្យដឹងនៅថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៩នេះថា​ ពួកគេឃើញទីតាំងបើកល្បែងកន្ទុយលេខធំមួយ ដែលកម្លាំងសមត្ថកិច្ចចុះបង្ក្រាបកាលពីថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០១៨ ហើយឃាត់ខ្លូនជនសង្ស័យបាន៥នាក់នោះ នៅពេលនេះបើកដំណើរការឡើងវិញជាធម្មតា។

ប្រភពដដែលរូបនេះ បានរៀបរាប់ថា នៅពេលឃើញដំណើរការឡើងវិញបែបនេះ ​ប្រជាពលរដ្ឋ​ស្នើសុំយ៉ាងទទួចដល់អភិបាល និងអធិការខណ្ឌទួលគោក មានវិធានការដើម្បីបង្ក្រាប​ឡើងវិញ ខណៈដែលពួកគាត់មើលឃើញថា ម្ចាស់ទីតាំងនេះហាក់មិនក្រែងរអែងជាមួយច្បាប់សោះ បើទោះបីទីតាំងធ្លាប់ត្រូវបានបង្ក្រាបម្ដងទៅហើយក្ដី។

សូមជម្រាបថា ​កាលពីរសៀលថ្ងៃទី​២១ ខែកញ្ញា ឆ្នាំ២០១៨ គណៈបញ្ជាការឯកភាពខណ្ឌទួលគោក ​ដឹកនាំដោយលោក ទៀវ សំអឿន អភិបាលរងខណ្ឌទួលគោក និង​ដោយមានការដឹកនាំបញ្ជាផ្ទាល់ពីលោក សឿ ឡងឌី ព្រះរាជអាជ្ញារង ​នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានដឹកនាំបង្រ្កាបជាក់ស្ដែង ក​រណី​បើកលេងល្បែងស៊ីសងខុសច្បាប់ (​ឆ្នោតវៀតណាម​កន្ទុយលេខ) ដែលមានទីតាំងផ្ទះលេខ២២ផ្លូវ១៣៨Z ក្រុម៣០ ភូមិ១០ សង្កាត់ផ្សារដេប៉ូ២ ខណ្ឌទួលគោក រាជធានីភ្នំពេញ​។

ក្នុងការបង្ក្រាបសមត្ថកិច្ច​បានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន០៥នាក់ ជា​ភ្នាក់ងារស៊ីសង (ឆ្នោតវៀតណាម កន្ទុយលេខ) ដោយជនសង្ស័យទី១៖ឈ្មោះ សុខ ស្រីហឹង ភេទស្រី អាយុ៣៣ឆ្នាំ, ទី២៖ឈ្មោះ គឹមអេង ភេទស្រី អាយុ៣៤ឆ្នាំ, ទី៣៖ឈ្មោះ សំ ស្រីម៉ៅ ភេទស្រី អាយុ៣០ឆ្នាំ, ទី៤៖ឈ្មោះ វណ្ណា វិនា​ ភេទស្រី អាយុ២០ឆ្នាំ និងទី៥៖ឈ្មោះ ព្រំ ស្រីម៉ៅ ភេទស្រី អាយុ៣០ឆ្នាំ ដែលពួកគេទាំង៥នាក់នេះ ជាអ្នក​កត់ឆ្នោតកន្ទុយលេខវៀតណាម។​

ក្រោយឃាត់ខ្លួន ជនសង្ស័យខាងលើបានបញ្ជូនទៅ​អធិការដ្ឋាន​នគរបាលខណ្ឌទួលគោក ដើម្បីសាកសួរ និងកសាងសំណុំរឿងបញ្ជូនទៅ​សាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមផ្លូវច្បាប់ ប៉ុន្ដែរហូតមកដល់ពេលនេះ មិនដឹងថាដំណើរការដល់ណានោះទេ៕​