(ស្វាយរៀង)៖ លោក អ៊ូ សុខខឿន អនុប្រធានមន្ទីការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តស្វាយរៀង និង​ជា​សមាជិក​អចិន្ត្រៃយ៍ ​នៃ​គណៈកម្មាធិការ​កណ្តាល​ប្រចាំ​នៅ​តំបន់​សេដ្ឋកិច្ច​ពិសេស​ក្រុង​បា​វិតបានប្រាប់ឲ្យដឹងថា នៅថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៩នេះ កម្មករ-កម្មការិនីរោងចក្រផលិត​ស្បែកជើង KINGMAKERS ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​មេន​ហាត​ធេ​ន ស្ថិត​នៅ​ភូមិ​តា​បិ​ប សង្កាត់​បា​វិត ក្រុង​បា​វិត បានចូលធ្វើការងារជាធម្មតាវិញហើយ ក្រោយពួកគេបានធ្វើកូដកម្ម មិនចូលធ្វើការរយៈពេលប៉ុន្មានថ្ងៃមកនេះ។

ប្រធានមន្ទីររូបនេះ បានថ្លែងប្រាប់ភ្នាក់ងារព័ត៌មាន Fresh News ប្រចាំខេត្តស្វាយរៀងថា ការចូលបម្រើការងារក្នុងរោងចក្រវិញនោះ បន្ទាប់ពីថៅកែរោងចក្របាននិយាយថា ព្រមបើកប្រាក់ឲ្យ កម្មករ-កម្មការិនីតែ៣០ភាគរយប៉ុណ្ណោះ ប៉ុន្តែលោកមិនដឹងថា ក្រុមកម្មករយល់ព្រម ឬមិនយល់ព្រមនោះទេ លុះព្រឹកឡើងថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៩ ស្រាប់តែចូលធ្វើការវិញជាធ្មតា ដោយមិនមានអ្នកណាម្នាក់ធ្វើកូដកម្មអ្វីទេ។

សូមបញ្ជាក់ថា កម្មករ-​កម្មការិនី​ប្រមាណ​២ពាន់នាក់ បានលើកគ្នា​បាតុកម្ម​តវ៉ា​ទាមទារ​ប្រាក់​៥០​ភាគរយ ដែល​ថៅកែ​រោងចក្រ​ផលិត​ស្បែកជើង KINGMAKERS ប្រកាស​ព្យួរការងារ​រយៈពេល​១​ខែ ដោយ​លើក​ហេតុផល​ថា គ្មាន​អ្នកបញ្ជា​ទិញ។

ករណីផ្ទុះបាតុកម្មនេះ បានកើតឡើងតាំងពីថ្ងៃទី១១ ខែមករា ឆ្នាំ២០១៩៕