(ភ្នំពេញ)៖ លោក ជា ពិសី ជំនួយការសម្ដេចតេជោ ហ៊ុន សែន និងជាអភិបាលខណ្ឌឫស្សីកែវ នៅរសៀលថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៩នេះ បានចាត់ឲ្យ​លោកស្រី អាន ផល្លា ប្រធានអនុសាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខណ្ឌ ​ចុះសំណេះសំណាលសួរសុខទុក្ខ និងយក​ថវិកាសង្គ្រោះបន្ទាន់ ​ឧបត្ថម្ភជូនក្រុមគ្រួសារលោក ឃឹម ទៀង អាយុ៧៥ឆ្នាំ ​សមាជិកក្រុមប្រឹក្សាសង្កាត់ប្ញស្សីកែវ ដែលកំពុងមានជំងឺបេះដូងធ្ងន់ធ្ងរដោយខ្វះខាត និងសម្រាកព្យាបាលនៅផ្ទះ ស្ថិតក្រុមទី១៤ ភូមិបឹងសាឡាង សង្កាត់ប្ញស្សីកែវ ខណ្ឌឫស្សីកែវ។

នាឱកាសនោះ ក្រុមគ្រួសារលោក ឃឹម ទៀង សមាជិកក្រុមប្រឹក្សាសង្កាត់ឫស្សីកែវ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះលោក ជា ពិសី ដែលបានចាត់ឲ្យសមាគមនារីខណ្ឌ សង្កាត់ នាំយកកញ្ចប់ថវិកាមកឧបត្ថម្ភជូនគ្រួសារគាត់ ក្នុងការផ្ដល់នូវវប្បធម៌ចែលរំលែកនៅគ្រាអាសន្នកើតឡើង ដែលកំពុងមានជំងឺជួបការខ្វះខាត និងបានបញ្ជាក់ឲ្យឃើញពីការយកចិត្តទុកដាក់​រវាងថ្នាក់លើ និងមន្ត្រីថ្នាក់ក្រោម។

ទន្ទឹមនេះ លោកស្រី អាន ផល្លា បានផ្ដាំផ្ញើលើកទឹកចិត្តគ្រួសារសមាជិកក្រុមប្រឹក្សាសង្កាត់ ដែលកំពុងមានជំងឺឲ្យខិតខំតស៊ូថែរក្សាសុខភាពឲ្យបានល្អប្រសើរ ក្នុងជីវិតរស់នៅដោយមានក្ដីសង្ឃឹមជានិច្ច ដើម្បីរងចាំមើលការរីកចម្រើនរបស់ប្រទេសជាតិ ដែលកំពុងបន្តអភិវឌ្ឃន៍ពីមួយថ្ងៃ ទៅមួយថ្ងៃឥតឈប់ឈរ។

លោកស្រី អាន ផល្លា ​បន្ថែមថា ដើម្បីបង្កើនភាពស្និតស្នាល សំខាន់ណាស់ការប្រាស្រ័យទាក់ទងផ្ទាល់សួរនាំពីសុខទុក្ខផ្សេងៗ ចំពោះក្រុមការងារ ជាមន្ត្រីថ្នាក់ក្រោម ក្រែង​និងជួបហានិភ័យផ្សេងៗ ក្នុងការរិះរកដំណោះស្រាយទៅតាមលទ្ធភាព ដែលអាចធ្វើទៅបានឲ្យកាន់តែមានទំនុកចិត្ត និងភាពកក់ក្ដៅ រវាងថ្នាក់លើ និងមន្ត្រីថ្នាក់ក្រោម ដើម្បីឆ្លើយតបតាមអនុសាសន៍​របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា៕​