(ភ្នំពេញ)៖ រដ្ឋមន្ដ្រីក្រសួងសុខាភិបាល លោកសាស្ដ្រាចារ្យ ម៉ម ប៊ុនហេង បានថ្លែងអំពាវនាវដល់ប្រជាពលរដ្ឋ ត្រូវប្រុងប្រយ័ត្នខ្ពស់ចំពោះសុខភាព ពិសេសបើមានជំងឺ និងសម្រាលកូន សូមមកទទួលសេវាពិនិត្យព្យាបាលនៅមន្ទីរពេទ្យរដ្ឋ និងមណ្ឌលសុខភាពទូទាំងរាជធានី-ខេត្ដ។

ការថ្លែងដូច្នេះរបស់រដ្ឋមន្ដ្រី ម៉ម ប៊ុនហេង ក្នុងឱកាសលោកដឹកនាំក្រុមការងារ ចុះជួយខណ្ឌសែនសុខ និងក្រុមគ្រូពេទ្យមន្ទីរសុខាភិបាលរាជធានីភ្នំពេញ ចុះពិនិត្យព្យាបាលសុខភាព ជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃប្រមាណ៥០០នាក់ នៅសាលាសង្កាត់ឃ្មួញ ខណ្ឌសែនសុខ នៅថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៩នេះ ។

រដ្ឋមន្ដ្រីក្រសួងសុខាភិបាល បានថ្លែងទៀតថា​ «ក្នុងរដូវក្ដៅ ក៏បានចូលមកដល់ហើយ ដូចនេះប្រជាពលរដ្ឋ ត្រូវមានមានអនាម័យជានិច្ច ទាំងលើប្រភពទឹក និងការបរិភោគចំណីអាហារ បើពិសាទឹក ត្រូវដាំឲ្យពុះ បើពិសាអាហារ ត្រូវធ្វើឲ្យមានអនាម័យ កុំឲ្យរុយរោម ព្រោះរដូវក្ដៅ សំបូររុយណាស់ ពិសេស កុំហូបអាហារណាដែលទុកយូរ ផ្អាប់យូរ ឬមានក្លិន អាចធ្វើឲ្យរាករូសផងដែរ»។

ទន្ទឹមនឹងនោះ រដ្ឋមន្ដ្រី ម៉ម ប៊ុនហេង បានថ្លែងបន្ថែមថា «វិស័យសុខាភិបាលរបស់យើងក៏កំពុងតែមានការរីកចម្រើន ទាំងធនធានមនុស្ស បច្ចេកវិទ្យា និងហេដ្ឋារចនាសម្ព័ន្ធ ដូច្នេះ ដើម្បីធានាបាននូវសុខសុវត្ថិភាពពេលមានជំងឺ និងសម្រាលកូន សូមប្រជាពលរដ្ឋ​ មកទទួលសេវាព្យាបាលនៅមន្ទីរពេទ្យរដ្ឋ និងតាមមណ្ឌលសុខភាព»។

សូមជម្រាបថា សម្រាប់រាជធានីភ្នំពេញ ដើម្បីលើកកម្ពស់សុខុមាលភាព ជូនប្រជាពលរដ្ឋ ឲ្យកាន់តែប្រសើរ នៅឆ្នាំ២០១៩នេះ មន្ទីរសុខាភិបាល រាជធានីភ្នំពេញ បានពង្រីកន្ថែមនូវមន្ទីរពេទ្យបង្អែក និងមណ្ឌលសុខភាពចំនួន៤បន្ថែមទៀត ដើម្បីបង្ខិតសេវាកម្មពិនិត្យព្យាបាលនេះ ឲ្យកាន់តែប្រសើរ និងជិតផ្ទះរបស់ប្រជាពលរដ្ឋ ដោយពួកគាត់ ចំណាយពេលយូរបំផុតត្រឹមតែជាង១០នាទីប៉ុណ្ណោះ នឹងមកដល់មណ្ឌលសុខភាពហើយ នេះបើតាមការបញ្ជាក់របស់ប្រធានមន្ទីរសុខាភិបាល រាជធានីភ្នំពេញ លោកវេជ្ជបណ្ឌិត ងី មានហេង៕