(ភ្នំពេញ)៖ ​លោក នុត ពុធដារ៉ា ជំនួយការសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងជាអភិបាលខណ្ឌដង្កោ នៅព្រឹកថ្ងៃទី១៧ ខែមករា ឆ្នាំ២​០១៩នេះ បានចុះសំណេះសំណាលជាមួយប្រជាពលរដ្ឋ និងពិនត្យគម្រោងស្ថាបនាផ្លូវបេតុង០១ខ្សែ ស្ថិតក្នុងភូមិព្រៃសកើត សង្កាត់ព្រៃស។

ថ្លែងក្នុងឱកាសនោះ លោកអភិបាលខណ្ឌ បានផ្តាំផ្ញើការសាកសួរសុខទុក្ខពីសំណាក់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនដល់​ប្រជាពលរដ្ឋទាំងអស់ ដែលជានិច្ចកាលសម្តេចទាំងពីរ​តែងបានគិតគូរ និងយកចិត្តទុកដាក់ដល់ការលំបាកនានារបស់​ប្រជាពលរដ្ឋ ព្រមទាំងបានលើកឡើង អំពីការអភិវឌ្ឍន៍រីកចម្រើនឥតឈប់ឈរ របស់ប្រទេសជាតិពីមួយថ្ងៃទៅមួយថ្ងៃ ក្រោមការដឹកនាំ​របស់សម្តេច​តេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី។

បន្ថែមពីនេះ លោក នុត ពុធដារ៉ា ក៏បានលើកឡើងថា គម្រោងផ្លូវបេតុង ដែលនឹងត្រូវស្ថាបនានេះ នឹងជួយសម្រួលដល់ការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋ ក្នុងមូលដ្ឋានកាន់តែប្រសើរឡើងបន្ថែមទៀត ដើម្បីឆ្លើយតបទៅនឹងតម្រូវការប្រចាំថ្ងៃ។​

ជាមួយគ្នានេះ ប្រជាពលរដ្ឋ បានធ្វើការសាទរ និងថ្លែងអំណរគុណចំពោះថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ ជាពិសេសអាជ្ញាធរមូលដ្ឋាន ដែលបានគិតគូរ​ និងយកចិត្តទុកដាក់ដល់ការលំបាករបស់ពួកគាត់ និងបានធ្វើការអភិវឌ្ឍន៍មូលដ្ឋានបានរីកចម្រើន៕