(កោះកុង)៖ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការពារជាតិ បានលើលកឡើងថា ៧ មករា គឺជាកំណើតទី២ របស់ប្រជាជនកម្ពុជាទាំងមូល ដែលបានរំដោះ ប្រជាជនឱ្យរួចផុតពីរបបពូជសាសន៍ ប៉ុល ពត របបវាលពិឃាតរបបផ្តាច់ការ ឪពុកម្តាយមិនស្គាល់កូន កូនមិនស្គាល់ឪពុកម្តាយ បងមិនស្គាល់ប្អូន ប្អូនមិនស្គាល់បង ដែលបានកាប់សម្លាប់មនុស្សមិនញញើតដៃ។

ខួបអនុស្សាវរីយ៍លើកទី៤០ នៃជ័យជំនះ ៧ មករា ១៩៧៩-៧ មករា ២០១៩ ដែលរៀបចំឡើងនៅខេត្តកោះកុង ដោយមានការអញ្ជើញចូលរួម​ពីសំណាក់ថ្នាក់ដឹកនាំក្រសួងការពារជាតិ, លោកស្រី មិថុនា ភូថង អភិបាលខេត្តកោះកុង, អភិបាលរងខេត្ត រួមទាំងមន្ត្រីក្រោមឱវាទ គ្រប់ស្ថាប័ន ព្រះសង្ឃសិស្សានុសិស្ស រួមទាំងប្រជាពលរដ្ឋ និងមានក្បួនដង្ហែព្យុះហយាត្រារបស់កងកម្លាំងប្រដាប់អាវុធ ទាំង៣ប្រភេទ ដើម្បីចង់បង្ហាញនូវស្មារតីចងចាំជានិច្ចនូវគុណូបការៈដ៏ឧត្តុងឧត្តម ដែលរៀបចំឡើងនៅសួនច្បារមុខសាលាខេត្តកោះកុង។

សម្តេចពិជ័យសេនា ទៀ បាញ់ បានថ្លែងយ៉ាងដូច្នេះថា៖ «បងប្អូនជនរួមជាតិទាំងអស់ត្រូវចងចាំជានិច្ច ជ័យជំម្នះ ៧ មករា ជាថ្ងៃកំណើតទី២ របស់ប្រជាជនកម្ពុជា ដែលរួចផុតពីរបបពូជសាសន៍ ប៉ុលពត ជារបបវាលពិឃាត របបផ្តាច់ការឪពុកម្តាយមិនស្គាល់កូនៗ មិនស្គាល់ឪពុកម្តាយ បងមិនស្គាល់ប្អូនៗមិនស្គាល់បង ហើយសម្លាប់មនុស្សមិនញញើតដៃ»

សម្តេចពិជ័យសេនា ទៀ បាញ់ បានបន្ថែមថា ទិវាជ័យជំម្នះ ៧ មករា ជាថ្ងៃដែលកម្លាំងសាមគ្គីជាតិក្រោមការដឹកនាំរបស់សម្តេចទាំង៣ មានសម្តេចធម្មពោធិសាល ជា ស៊ីម, សម្តេចពញាចក្រី ហេង សំរិន និងសម្តេចតេជោ ហ៊ុន សែន ទើបធ្វើឱ្យប្រទេសកម្ពុជា និងប្រជាជនកម្ពុជា បានរួចផុតពីរបបប្រល័យពូជសាសន៍​«ប៉ុលពត» ជារបបខ្មៅងងឹតដែលធ្វើឱ្យប្រទេសកម្ពុជា ធ្លាក់ចំណុចសូន្យ។ ហេតុដូច្នេះបងប្អូនត្រូវចង់ចាំជានិច្ចយើង​មានថ្ងៃដោយសារគុណថ្ងៃជ័យជំម្នះ ៧ មករា ហើយសូមបងប្អូនកូនក្មួយទាំងអស់កុំជឿ តាមការញុះញុងរបស់គណបក្សផ្សេងៗឱ្យសោះ។

សម្តេចពិជ័យសេនា បានបញ្ជាក់ថា មានថ្ងៃជ័យជំនះ៧ មករា ទើបប្រទេសជាតិមានការរីកចំរើលគ្រប់វិស័យមានការអភិវឌ្ឍន៍ជានិច្ច តាំងពីចំណុចសន្យមកម្ល៉េះ ហើយធនធានមនុស្សកាន់រីកធំធាត់ មិនដូចរបប ៣ឆ្នាំ ៨ខែ ២០ថ្ងៃឡើយ៕