(ភ្នំពេញ)៖ នៅក្នុងឆ្នាំ២០១៨ អ្នកជំងឺចំនួន១,២២៧នាក់ ទទួលបានការពិនិត្យព្យាបាល និងទទួលថ្នាំពេទ្យដោយឥតគិតថ្លៃ​ ពីមន្ទីរពេទ្យជោរៃភ្នំពេញ និងក្រុមហ៊ុនឱសថ DHG Phama ដែលទាំងអស់នេះ ក៏បានជួយដល់វិស័យសុខាភិបាល និងកាត់បន្ថយការចំណាយរបស់បងប្អូនប្រជាពលរដ្ឋកម្ពុជាមួយកម្រិតផងដែរ។

នៅក្នុងពិធីបិទវគ្គ នៃកម្មវិធីសប្បុរសធម៌របស់ក្រុមហ៊ុនឱសធ DHG Phama ជាមួយនិងមន្ទីរពេទ្យជោរៃភ្នំពេញ ក្នុងការពិនិត្យ និងព្យាបាលអ្នកជំងឺ១,០០០នាក់ ដោយឥតគិតថ្លៃ នៅថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៩ វេជ្ជបណ្ឌិត ត្រាន់ ថាញ់ទុង អគ្គនាយកមន្ទីរពេទ្យជោរៃភ្នំពេញ បានបញ្ជាក់ថា នៅឆ្នាំ២០១៨នេះ មន្ទីរពេទ្យជោរៃភ្នំពេញ និង DHP Phama បានទទួលពិនិត្យជំងឺ និងផ្តល់ថ្នាំដោយឥតគិតថ្លៃ ជូនអ្នកជំងឺបានរហូតដល់ទៅ១,២២៧នាក់។ បើធ្វើការប្រៀបពីឆ្នាំ២០១៧ និងឆ្នាំ២០១៨ គឺមានការកើនឡើង១៨ភាគរយ ហើយសម្រាប់ជំងឺវះកាត់វិញ គឺមានការកើនឡើងជាងឆ្នាំ២០១៧ រហូតដល់ទៅ៤៨ភាគរយ សម្រាប់ផ្នែកថែទាំសុខភាពជូនអ្នកជំងឺវិញគឺមានការកើនឡើងច្រើន។

លោកបន្ថែមថា នៅឆ្នាំ២០១៨នេះ កិច្ចសហការរវាងមន្ទីរពេទ្យជោរៃភ្នំពេញ និង DHG Phama បានធ្វើឲ្យអ្នកជំងឺទាំងអស់ដែលមកពិនិត្យ និងព្យាបាលដោយឥតគិតថ្លៃរយៈពេល១ឆ្នាំពេញគឺ​មិនមានការខ្វះខាតប្រភេទថ្នាំ និងសម្ភារៈបច្ចេកទេសណាមួយនោះទេ ពោលទៅវិញគឺមានការគ្រប់គ្រាន់គ្រប់ប្រភេទជំងឺទាំងអស់។ បន្ទាប់ពីធ្វើការពិនិត្យ និងព្យាបាលជូនអ្នកជំងឺទាំងអស់នោះ គឺពួកគាត់ពិតជាមានចិត្តសប្បាយរីករាយខ្លាំងណាស់ និងមានជំនឿចិត្តទៅលើមន្ទីរពេទ្យជោរៃ និងបានធ្វើឲ្យមន្ទីរមួយនេះកាន់តែមានភាពកើនឡើងប្រជាប្រិយភាពថែមទៀត ក៏ដោយសារតែពិធីសប្បុរសធម៌មួយនេះ។

វេជ្ជបណ្ឌិត ត្រាន់ ថាញ់ទុង បន្ថែមទៀតថា មន្ទីរពេទ្យជោរៃនឹងបន្តធ្វើការងារមនុស្សធម៌បែបនេះ ជាមួយនឹងក្រុមហ៊ុនឱសថស្ថាន DHG Phama ទៀតនៅក្នុងឆ្នាំ២០១៩នេះ ហើយថែមទាំងចង់ធ្វើការមនុស្សបែបនេះជាមួយនិងក្រុមហ៊ុនផ្សេងៗដែលមានបំណងចង់ព្យាបាលអ្នកជំងឺនៅកម្ពុជាផងដែរ។

សូមជម្រាបថា កម្មវិធីពិនិត្យ និងព្យាបាលជំងឺជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ ជូនអ្នកជំងឺនេះគឺជាកម្មវិធីមនុស្សធម៌ ដ៏មានអត្ថន័យរបស់មន្ទីរពេទ្យជោរៃភ្នំពេញ និងក្រុមហ៊ុនឱសថ DHG Pharma ចូលរួមចំណែកលើកកម្ពស់ សុខុមាលភាពជូនដល់ប្រជាពលរដ្ឋខ្មែរ ឱ្យមានឱកាសទទួលបាន ការថែទាំសុខភាព ប្រកបដោយគុណភាព ពីសំណាក់វេជ្ជបណ្ឌិត ឯកទេសវៀតណាម ដែលមានបទពិសោធន៍ខ្ពស់ រួមជាមួយសម្ភារបរិក្ខារពេទ្យទំនើប ដែលមានបំពាក់នៅមន្ទីរពេទ្យជោរៃភ្នំពេញ។

លោក Ngo Thanh Viet ប្រធានផ្នែកអភិវឌ្ឈន៍ពាណិជ្ជកម្ម អន្តរជាតិរបស់ក្រុមហ៊ុនឱសថ DHG Pharma បានលើកឡើងថា រូបគាត់ពិតជាមានចិត្តសប្បាយរីករាយយ៉ាងខ្លាំងដែលលទ្ធផល នៅឆ្នាំ២០១៨ មានការកើនឡើងខ្លាំងជាងឆ្នាំ២០១៧ ហើយរូបលោកផ្ទាល់ពិតជារីករាយផងដែរ ដោយមានឃើញបងប្អូនប្រជាពលរដ្ឋនៅកម្ពុជាមានសុខភាពល្អ ក្រោមការពិនិត្យ និងព្យាបាលពី មន្ទីរពេទ្យជោរៃ និងមានការសហការជាមួយនឹង DHG Phama របស់យើងខ្ញុំ។

លោកបន្តទៀតថា ក្រោមកិច្ចសហការរវាង DHG Phama និងមន្ទីរពេទ្យជោរៃភ្នំពេញ ក៏បានលើកកម្ពស់វិស័យសុខាភិបាលមួយផ្នែកផងដែរ និងម្យ៉ាងវិញទៀតក៏បានកាត់បន្ថយភាពក្រីក្ររបស់បងប្អូនប្រជាពលរដ្ឋកម្ពុជា ដោយសារតែការពិនិត្យ និងព្យាបាលជំងឺរបស់ក្រុមគ្រូពេទ្យដោយមិនគិតប្រាក់។ មួយវិញទៀតលោកមើលឃើញថា អ្នកជំងឺជាង១ពាន់នាក់ដែលបានចូលមកពិនិត្យទាំងអស់នោះ ពិតជាមានភាពសប្បាយរីករាយផងដែរ ដោយមានការព្យាបាលពីសំណាកក្រុមគ្រូពេទ្យជំនាញៗ នៅកម្ពុជា និងប្រទេសវៀតណាម។

គួរបញ្ជាក់ថា គណៈគ្រប់គ្រងរវាង មន្ទីរពេទ្យជោរៃភ្នំពេញ និងក្រុមហ៊ុនផលិតឱសថ DHG Phama សន្យានឹងបន្តកិច្ចសហប្រតិបត្តិការដ៏ល្អមួយនេះទៅមុខទៀតនៅក្នុងឆ្នាំ២០១៩នេះ ដោយមើលឃើញលទ្ធផលល្អគួរជាទីគាប់ចិត្ត ក៏ដូចជាមានការគាំទ្រច្រើនពីបងប្អូនប្រជាពលរដ្ឋនៅកម្ពុជា និងជាពិសេសទៅទៀតនោះនៅក្នុងកិច្ចសហការនេះ នឹងបន្ថែមអ្វីដែលថ្មីពិសេសទៀត ទៅលើកម្មសប្បុរសធម៌ផ្សេងៗទៀតផងដែរ៕